ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនជំទាស់ទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ដោយបានព្រមានថា វិធានការដាក់ទណ្ឌកម្មអាចបណ្តាលឲ្យមានសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីដែលបាននិយាយថា៖ «ការគំរាមកំហែងនិងការដាក់សម្ពាធ ដែលក្នុងនោះរួមមានទាំងការប្រើការដាក់ទណ្ឌកម្មប្រឆាំងនឹងអាជ្ញាធរមីយ៉ាន់ម៉ាបច្ចុប្បន្នផងដែរ នឹងមិនទទួលបានជោគជ័យនោះទេ ហើយពិតជាគ្រោះថ្នាក់បំផុត»។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបន្ថែមថា គោលនយោបាយបែបនេះនឹង «រុញប្រទេសមីយ៉ាន់ម៉ាឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលពេញទំហឹង»។
ប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះភាពចលាចលចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈមក។ សកម្មជននានាបាននិយាយថា ចាប់តាំងពីថ្ងៃរដ្ឋប្រហារមក មានមនុស្សយ៉ាងតិច ៥៥៧ នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់កងកម្លាំងសន្តិសុខលើការតវ៉ានៅទូទាំងប្រទេស។
មហាអំណាចអន្តរជាតិនានា បានស្វះស្វែងដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា។ ក៏ប៉ុន្តែ រហូតមកទល់នឹងពេលនេះ ទាំងការដាក់ទណ្ឌកម្មនិងទាំងការអំពាវនាវឲ្យអត់ធ្មត់សុទ្ធតែមិនអាចបញ្ឈប់របបយោធាមីយ៉ាន់ម៉ានៅក្នុងការបន្តអនុវត្តតាមគោលដៅរបស់ខ្លួន៕