ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ​​នៅ​មីយ៉ាន់ម៉ា​និង​បញ្ចប់​អំពើ​ហិង្សា


សំបកកង់ឡានត្រូវបានដុតនៅក្នុងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា នៅទីក្រុងម៉ាន់ដាឡេ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។
សំបកកង់ឡានត្រូវបានដុតនៅក្នុងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា នៅទីក្រុងម៉ាន់ដាឡេ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ម្តង​ទៀត​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រួម​ទាំង​លោក​ស្រី Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ​និង​លោក​ប្រធានាធិបតី Win Myint ហើយ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​សម្តែង​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំងចំពោះ« ស្ថានការណ៍​ដែល​ធ្លាក់​ដុនដាប​កាន់តែ​ឆាប់​រហ័ស» នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ការប្រើ​កម្លាំង​ដ៏​សាហាវ​ដោយ​កង​កម្លាំងសន្តិសុខ​និង​ប៉ូលិស​ប្រឆាំង​នឹង​ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​និង​ការ​ស្លាប់​ជន​ស៊ីវិល​រាប់​រយ​នាក់ រួម​ទាំង​ស្ត្រី​និង​កូនក្មេង​ផង។​

ក្រុមប្រឹក្សា​សន្តិសុខ​ក៏​បាន​អំពាវនាវ​ដល់​ពួក​យោធា​ឲ្យ «អនុវត្ត​ប្រកប​ដោយ​ការអត់ធ្មត់​បំផុត» ហើយ​ឲ្យ​ភាគី​ទាំងអស់​«ទប់​កុំឲ្យ​មាន​អំពើ​ហិង្សា»។

ក្រុមប្រឹក្សា​សន្តិសុខ ក៏​បាន​បញ្ជាក់​ឡើង​វិញផងដែរ​អំពី​សេចក្តី​ត្រូវការ​គោរពសិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ លេញ​នឹង​ស្វែង​រក «ការសន្ទនា​គ្នា​និង​ការផ្សះផ្សារ​ជាតិ​ស្រប​ទៅតាម​ឆន្ទៈ​និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា»។

ជាមួយ​គ្នានោះ លោកស្រី Suu Kyi ត្រូវបាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​ការ​រំលោភ​ច្បាប់​ចែង​ពី​រឿង​សម្ងាត់​ដែល​មាន​តាំង​ពី​សម័យ​អាណានិគម។ នេះតាម​ការបញ្ជាក់​របស់​មេធាវី​របស់​លោក​ស្រី។ នេះ​ជា​ការចោទប្រកាន់​ដ៏​ធ្ងន់​ធ្ងរ​បំផុតប្រឆាំង​នឹង​លោក​ស្រី ដោយ​ពួក​យោ​ធា​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

លោក​ស្រី Suu Kyi និង​លោក​ប្រធានាធិបតី Wim Myintស្ថិត​នៅ​ក្នុង​ចំណោម​សមាជិក​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី Aung San Suu Kyi ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​មក។ លោក​ស្រី​ត្រូវ​បាន​រង​ការចោទប្រកាន់​ពី​រំលោភ​លើ​ការ​ដាក់​បំរាម​ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​និង​ការ​មាន​ឧបករណ៍​ទាក់​ទង​គ្នា​ចំនួន​៦ គ្រឿង៕

XS
SM
MD
LG