ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រុយណេ​ថា មេដឹកនាំ​អាស៊ាន​នឹង​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​មីយ៉ាន់ម៉ា


ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋប្រហារ លើក​ម្រាមដៃបី​ដោយ​មាន​កាន់​ស៊ុត​ដែល​គេ​តុបតែង​ក្នុង​ពេល​បុណ្យ Easter ក្នុង​អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា នៅ​ថ្ងៃអាទិត្យ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅ​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា។
ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋប្រហារ លើក​ម្រាមដៃបី​ដោយ​មាន​កាន់​ស៊ុត​ដែល​គេ​តុបតែង​ក្នុង​ពេល​បុណ្យ Easter ក្នុង​អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា នៅ​ថ្ងៃអាទិត្យ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅ​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ព្រុយណេ​ដែល​ជា​ប្រធាន​អាស៊ាន បាន​គាំទ្រ​ជំនួប​របស់​មេដឹកនាំ​នៅ​ក្នុង​តំបន់​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​បញ្ជាក់​ថា ខ្លួន​បាន​ស្នើ​ឲ្យ​ក្រុម​មន្ត្រី​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើតឡើង​ចាប់​តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។ សកម្មជន​នានា​បាន​និយាយ​ថា ចាប់​តាំងពី​ថ្ងៃ​រដ្ឋប្រហារ​មក មាន​មនុស្ស​យ៉ាង​តិច ៥៥៧ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​កង​កម្លាំង​សន្តិសុខ​លើ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស។

ប្រទេស​ឥណ្ឌូណេស៊ី​បាន​ដឹកនាំ​កិច្ច​ប្រឹងប្រែង​របស់​សមាជិក​អាស៊ាន ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា ទោះបីជា​អាស៊ាន​មាន​គោល​នយោបាយ​ជា​យូរ​មក​ហើយ​អំពី​ការ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​ក៏ដោយ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ព្រុយណេ​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​បាន​ស្នើ​រដ្ឋមន្ត្រី​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ឲ្យ «ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ឯ​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Muhyiddin Yassin និង​ព្រះមហាក្សត្រ Sultan Hassanal Bolkiah នៃ​ប្រទេស​ព្រុយណេ នៅ​ថ្ងៃ​ចន្ទ​នេះ៕

XS
SM
MD
LG