ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អ.ស.ប៖ «ស្ថានការណ៍​បង្ហូរ​ឈាម» និង «សង្គ្រាម​ស៊ីវិល» អាច​កើតឡើង​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ បាតុករ​ម្នាក់ ឈរ​នៅ​ជិត​ភ្នក់ភ្លើង​ដែល​ជា​របាំង​បណ្តោះ​អាសន្ន​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ បាតុករ​ម្នាក់ ឈរ​នៅ​ជិត​ភ្នក់ភ្លើង​ដែល​ជា​របាំង​បណ្តោះ​អាសន្ន​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

អ្នកស្រី Christine Schraner Burgener បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា «ស្ថានការណ៍​បង្ហូរ​ឈាម​ធ្ងន់ធ្ងរ​ ជិត​កើតឡើង​ហើយ» ហើយ «សង្គ្រាម​ស៊ីវិល​ អាច​នឹង​កើតឡើង» នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ប្រសិនបើ​ការ​គ្រប់គ្រង​បែប​ស៊ីវិល​ មិន​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ទេនោះ។

អ្នកស្រី Schraner Burgener បាន​បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​នេះ​ ឲ្យ​ពិចារណា​គ្រប់​លទ្ធភាព​ទាំងអស់​ដើម្បី​ចាត់​វិធានការ​រួម​គ្នា​ និង​ធ្វើ​អ្វី​ដែល​ត្រូវ អ្វី​ដែល​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​សក្ដិសម​នឹង​ទទួល​បាន និង​ដើម្បី​បង្ការ​មិន​ឲ្យ​មាន​មហន្តរាយ​ធំធេង​កើតឡើង​នៅ​កណ្ដាល​បេះដូង​នៃ​ទ្វីប​អាស៊ី»។ នេះ​បើ​យោង​តាម​ច្បាប់​ចម្លង​នៃ​សុន្ទរកថា​របស់​អ្នកស្រី​ដែល VOA ទទួល​បាន។

អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​មាន​ការ​ភ័យខ្លាច​ថា ជម្លោះ​នេះ​ នឹង​ក្លាយជា​ការ​បង្ហូរ​ឈាម​កាន់តែ​ខ្លាំង​ឡើង ស្រប​ពេល​ដែល​អគ្គមេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​លោក​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing «ហាក់​ដូចជា​តាំងចិត្ត​ពង្រឹង​ការ​ក្ដោបក្ដាប់​អំណាច​ខុស​ច្បាប់​របស់​ខ្លួន​ដោយ​ប្រើ​កម្លាំង»។

អ្នកស្រី​បាន​លើកឡើង​អំពី​ការ​កើនឡើង​កាន់តែ​ខ្លាំង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​រដ្ឋ Kayin និង​រដ្ឋ Kachin និង​ការ​ព្រមាន​របស់​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ជាតិ​សាសន៍​ភាគ​តិច ៣ ក្រុម ដែល​ថា ​នឹង​សងសឹក​នឹង​យោធា ប្រសិនបើ​ការ​បង្ក្រាប​លើ​ក្រុម​បាតុករ​មិន​បញ្ឈប់។ អ្នកស្រី​បាន​បញ្ជាក់​ថា ចំណុច​ទាំង​នេះ​ គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ការ​ភ័យខ្លាច​ថា សង្គ្រាម​ស៊ីវិល​អាច​នឹង​កើតឡើង។

អ្នកស្រី Schraner Burgener បាន​បន្ថែម​ថា៖ «ការ​សម្រុះសម្រួល​តម្រូវឲ្យ​មាន​ការ​ចរចា ក៏ប៉ុន្តែ យោធា​មីយ៉ាន់ម៉ា​ បាន​បិទ​ទ្វា​របស់​ខ្លួន​ស្ទើរតែ​ទាំងអស់​ទៅកាន់​ពិភពលោក។ វា​ហាក់ដូចជា យោធា​នឹង​ចូលរួម​នៅ​ក្នុង​រឿង​នេះ ​តែ​នៅ​ពេល​ណា​ដែល​ពួកគេ​គិត​ថា ពួកគេ​អាច​ទប់ទល់​នឹង​ស្ថានការណ៍​នេះ​បាន​តាម​រយៈ​គាប​សង្កត់​និង​ការ​បំភិត​បំភ័យ​តែ​ប៉ុណ្ណោះ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG