ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីនិងអ៊ុយក្រែនបានរាយការណ៍អំពីការវាយប្រហារដោយដ្រូន


រូបឯកសារ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ រូបថតបង្ហាញពីលោក Roman Starovoyt អភិបាលតំបន់ Kursk (ស្តាំទីពីរ) និងមន្ត្រីផ្សេងទៀត បន្ទាប់ពីការវាយប្រហារដោយដ្រូន។
រូបឯកសារ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ រូបថតបង្ហាញពីលោក Roman Starovoyt អភិបាលតំបន់ Kursk (ស្តាំទីពីរ) និងមន្ត្រីផ្សេងទៀត បន្ទាប់ពីការវាយប្រហារដោយដ្រូន។

មន្ត្រី​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយក្រែន​នៅ​លើ​តំបន់​ពីរ​នៃ​ប្រទេស​រុស្ស៊ី ក៏​ដូចជា​នៅ​លើ​សមុទ្រ​ខ្មៅ និង​ឧបទ្វីប Crimea ដែល​រុស្ស៊ី​គ្រប់គ្រង​ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​តាម Telegram ថា ខ្លួន​បាន​ស្ទាក់​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន ២ គ្រឿង​លើ​តំបន់ Kursk និង​ដ្រូន ២ គ្រឿង​ទៀត​លើ​តំបន់ Bryansk។ តំបន់​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​អ៊ុយក្រែន។

អភិបាល​តំបន់ Kursk លោក Roman Starovoyt បាន​និយាយ​ថា ផ្ទះ​ជា​ច្រើន​ខ្នង​និង​អគារ​រដ្ឋបាល​មួយ​ខ្នង​បាន​រង​ការ​ខូចខាត ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ថា​មាន​អ្នក​ស្លាប់​និង​រង​របួស​នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ក៏​បាន​លើកឡើង​ផង​ដែរ​ថា ខ្លួន​បាន​បំផ្លាញ​ដ្រូន ៤ គ្រឿង​លើ​តំបន់ Crimea និង​នៅ​ផ្នែក​ពាយ័ព្យ​នៃ​សមុទ្រ​ខ្មៅ។

ចំណែក​ឯ​យោធា​អ៊ុយក្រែន​វិញ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​កាលពី​យប់​មិញ​ដោយ​ប្រើ​ដ្រូន ១៩ គ្រឿង មីស៊ីល​ស្វ័យ​នាំ​ផ្លូវ ១២ គ្រាប់ និង​មីស៊ីល​បាញ់​នាវា ២ គ្រាប់។

ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន Shahed ទាំង ១៩ គ្រឿង​របស់​រុស្ស៊ី​ដែល​ផលិត​នៅ​អ៊ីរ៉ង់​នេះ ក៏​ដូចជា​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ ១១ គ្រឿង​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​អ៊ុយក្រែន។

ការ​ផ្ដោត​មួយ​នៃ​ការ​វាយ​ប្រហារ​នេះ​គឺ​តំបន់ Odesa នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទីនោះ មន្ត្រី​នានា​បាន​បញ្ជាក់​ថា​ស្ត្រី​ម្នាក់​បាន​រង​របួស​ហើយ​ឃ្លាំង​មួយ​កន្លែង​និង​ផ្ទះ​ឯកជន​មួយ​ខ្នង​បាន​រង​ការ​ខូចខាត។

សម្រាប់​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ហៅ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា​កាលពី​សប្ដាហ៍​មុន​ថា «ប្រកប​ដោយ​ផ្លែផ្កា​យ៉ាង​ខ្លាំង»។

លោក​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា អ៊ុយក្រែន​ទទួល​បាន​ជំនួយ​ផ្នែក​ការពារ​ពី​ប្រទេស​ទាំង​ពីរ។

លោក Zelenskyy ក៏​បាន​ហៅ​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ «ផលិត​រួម​គ្នា​នូវ​អាវុធ​និង​ប្រព័ន្ធ​ការពារ ជា​ពិសេស​ប្រព័ន្ធ​ការពារ​ដែន​អាកាស» ថា​មាន​លក្ខណៈ​ជា «ប្រវត្តិសាស្ត្រ» ផង​ដែរ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG