ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau នៅក្នុងទីក្រុង Ottawa កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏មមាញឹកមួយទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន។
លោក Zelenskyy នឹងថ្លែងសុន្ទរកថាទៅកាន់សភាកាណាដានៅថ្ងៃសុក្រនេះ។ នេះជាការថ្លែងលើកទី ១ របស់លោក ទៅកាន់សភា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនមក។
លោកប្រធានាធិបតី Zelenskyy និងនាយករដ្ឋមន្ត្រីកាណាដា លោក Trudeau ក៏មានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងដើម្បីពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។
លោកនាយករដ្ឋមន្ត្រី Trudeau បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ មុនពេលការមកដល់របស់មេដឹកនាំអ៊ុយក្រែនថា៖ «កាណាដានៅតែគាំទ្រគ្មានងាករេដល់ប្រជាពលរដ្ឋអ៊ុយក្រែននៅពេលដែលពួកគេប្រយុទ្ធដើម្បីអធិបតេយ្យភាពនិងប្រជាធិបតេយ្យរបស់ពួកគេ និងតម្លៃរួមរបស់យើង ដូចជាការគោរពនីតិរដ្ឋ សេរីភាពនិងការសម្រេចជោគវាសនាខ្លួនឯង»។
មេដឹកនាំទាំងពីរក៏នឹងធ្វើដំណើរទៅកាន់ទីក្រុង Toronto ជាទីកន្លែងដែលពួកគេនឹងជួបជាមួយពលរដ្ឋកាណាដា រួមមានមេដឹកនាំពាណិជ្ជកម្មនិងសមាជិករបស់សហគមន៍អ៊ុយក្រែនកាណាដាផងដែរ។
លោក Zelenskyy បានទទួលជោគជ័យការទូតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានទទួលការសន្យានៃការបន្តការគាំទ្រពីលោកប្រធានាធិបតី Joe Biden និងផ្តល់សារដ៏មោះមុតថា ដោយគ្មានចំណែកនៃការផ្តល់ថវិការបស់សហរដ្ឋអាមេរិកដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ីទេ អ៊ុយក្រែន នឹងចាញ់សង្គ្រាម។
លោកប្រធានាធិបតី Biden បានប្រាប់លោក Zelenskyy នៅឯសេតវិមានថា៖ «សហរដ្ឋអាមេរិកនឹងបន្តសាមគ្គីជាមួយលោក»។
លោក Biden កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចេញកញ្ចប់ជំនួយអាវុធដែលមានតម្លៃជាប្រាក់ ៣២៥ លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលមិនរួមបញ្ចូលកាំជ្រួចមីស៊ីលវង់ប្រតិបត្តិការឆ្ងាយដែលអ៊ុយក្រែនបានស្នើសុំ។
នៅព្រឹកថ្ងៃដដែលនោះ លោក Zelenskyy បានជួបជាមួយសមាជិកសភានានានៅវិមានសភា Capitol Hill ដើម្បីអំពាវនាវរកថវិកាបន្ថែមចំនួន ២៤ ពាន់លានដុល្លារដែលសេតវិមានបានស្នើនៅដើមឆ្នាំនេះ។ មានការព្រួយកង្វល់កើនឡើងពីក្រុមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋអំពីការផ្តល់ជំនួយសហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន បូកផ្សំជាមួយការលំបាកកាន់តែធំឡើងដែលត្រូវអនុម័ត ទាំងការបន្តសេចក្តីសម្រេចថវិការយៈពេលខ្លីឬថវិកាឆ្នាំ ២០២៤ ទាំងមូល ដើម្បីផ្តល់ប្រាក់ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកកុំឱ្យហួសពេលកំណត់នៅថ្ងៃទី ៣០ ខែកញ្ញានេះ៕