ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​និយាយថា​ រុស្ស៊ី​បាញ់​ដ្រូន​និង​គ្រាប់​មីស៊ីល​ Cruise​ ជា​​​​​ច្រើន​ក្នុង​ការវាយប្រហារ​កាល​ពី​យប់មិញ​​


រូបឯកសារ៖ ក្រុម​ពន្លត់អគ្គិភ័យ​កំពុង​ពន្លត់ភ្លើង​នៅអគារ​មួយដែល​ត្រូវបាន​ឆេះ​ដោយសារ​ការវាយប្រហារ​ពីរុស្ស៊ី​ក្នុងទីក្រុង Mykolaiv ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃ២០ កក្កដា​ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រុម​ពន្លត់អគ្គិភ័យ​កំពុង​ពន្លត់ភ្លើង​នៅអគារ​មួយដែល​ត្រូវបាន​ឆេះ​ដោយសារ​ការវាយប្រហារ​ពីរុស្ស៊ី​ក្នុងទីក្រុង Mykolaiv ប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃ២០ កក្កដា​ឆ្នាំ២០២៣។

អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ រុស្ស៊ី​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូន​ចំនួន​២៤​ ដើម្បី​វាយ​ប្រហារ​លើ​តំបន់ ​Mykolaiv ​និង​តំបន់ Odesa កាល​ពី​យប់មិញ​ បន្ថែម​លើ​ការ​បាញ់​គ្រាប់មីស៊ីល​ ចំនួន​១៧​គ្រាប់​បន្ថែមទៀត។​

យោធា​អ៊ុយក្រែន​និយាយ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់យន្តហោះ​ដ្រូន​រុស្ស៊ី​ចំនួន​១៨​គ្រឿង​ និង​គ្រាប់​មីស៊ីល​ទាំង​អស់ ដែល​រុស្ស៊ី​បាន​បាញ់​នោះ។​

លោក Oleh Kiper អភិបាល​តំបន់ Odesa ​និយាយ​ថាស្រុក​ Izmail ដែល​ជា​កន្លែងទីតាំង​កំពង់ផែ​ ដែល​ប្រើប្រាស់សម្រាប់​ការ​នាំចេញ​គ្រាប់ធញ្ញជាតិ​នោះ​ បាន​រង​ការ​វាយប្រហារ​ជា​ថ្មី​ម្តង​ទៀត​ ហើយ​អគា​លំហាត់​ប្រាណ​មួយ​កន្លែងនៅ​ក្នុង​ទី​ក្រុង​ Vylkove ក៏​រងការ​វាយប្រហារ​ផង​ដែរ។​ ពុំ​មាន​របាយការណ៍ពីអ្នក​រងរបួស​ឬ​ស្លាប់​ឡើយ។​

អភិបាល​តំបន់ ​Mykolaiv ​ លោក​ Vitaliy Kim​ បាន​និយាយ​ថា​ បំណែក​បាក់​បែក​ដែល​ធ្លាក់​ពី​លើ អាកាស បាន​ធ្វើឱ្យ​ឆេះ​អគា​មួយ​កន្លែង ហើយ​ភ្លើងនោះ​ក៏​រាល​ដាល​ឆេះ​ខូចខាត​អគារ​ផ្សេងៗ​ជិត​នោះមួយ​ចំនួន​ទៀត​ផង​ដែរ។​

ទន្ទឹម​នឹង​នេះដែរ​ ការវាយ​ប្រហារ​មួយ​ទៀត​របស់​រុស្ស៊ី​ទៅ​លើ​តំបន់ Kherson បានធ្វើ​ឱ្យមនុស្ស​យ៉ាងហោច​ណាស់​ក៏​៤​នាក់​ដែររងរបួស។ នេះបើ​តាម​ការ​ឱ្យ​ដឹង​របស់អភិបាល​តំបន់ Kherson លោក ​Oleksandr Prokudin។ ​

លោក Prokudin ​ថា​កងកម្លាំង​រុស្ស៊ី​ បាន​ធ្វើ​ការ​វាយប្រហារ​ដោយ​ចេតនា​សំដៅ​ទៅ​លើ​ស្ថានីយ​រថយន្ត​ក្រុង​ដ៏​មមាញឹក​មួយ​កន្លែង​ នៅ​ក្នុង​ទី​ប្រជុំជន Beryl។ ​

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អ៊ុយក្រែន​ អ្នក​ស្រី​ Hanna Maliar និយាយ​ថា​ កងកម្លាំង​អ៊ុយក្រែន​ ​បាន​ដណ្តើម​យក​មក​វិញនូវ​ទឹកដី​ប្រមាណ​២​គីឡូម៉ែត្រ​ក្រឡា​ ពី​កងកម្លាំង​រុស្ស៊ី​នៅ​ក្នុង​តំបន់ Bakhmut ​ក៏​ដូច​ជា​ចំនួនជាង​៥គីឡូម៉ែត្រ​ក្រឡា​ ​ក្នុង​តំបន់​ភាគខាង​ត្បូងអ៊ុយក្រែន​ផង​ដែរ។

វិទ្យាស្ថាន​សិក្សា​អំពី​សង្គ្រាម​បាន​រាយការណ៍​ថា​កងកម្លាំង​អ៊ុយក្រែន​បាន​វាយ​រំដោះ​បាន​ភូមិ​ Klishchiivka​ កាលពី​ថ្ងៃអាទិត្យ​ទី១៧ ​ខែកញ្ញា ​បន្ទាប់ពី​រំដោះ​ភូមិ Andriivka ​កាលពី​ថ្ងៃទី១៤ ខែកញ្ញា​នេះ។ ភូមិ ​Klishchiivka ​ស្ថិត​នៅ​ចម្ងាយ​៧​គីឡូម៉ែត្រ​ភាគនីរតី​នៃ​ទីក្រុង​ Bakhmut៕​ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG