រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារនេះថា រថក្រោះផលិតនៅអាមេរិកធុន M1 Abrams ដែលក្រសួងការពារជាតិអាមេរិកបានសន្យាផ្តល់ដល់អ៊ុយក្រែននឹងទៅដល់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗខាងមុខនេះ ហើយកិច្ចប្រឹងប្រែងដើម្បីហ្វឹកហ្វឺនក្រុមអ្នកបើកយន្តហោះអ៊ុយក្រែន ពីរបៀបប្រើយន្តហោះប្រយុទ្ធ F16ផលិតនៅអាមេរិកនោះ នឹងត្រូវពង្រីកបន្ថែមទៀត ដោយរួមទាំងការបណ្តុះបណ្តាលលើទឹកដីអាមេរិកផងដែរ។
ថ្លែងក្នុងពិធីចាប់ផ្តើមកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ លោក Austin បានជំរុញក្រុមសម្ព័ន្ធមិត្តឱ្យផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ដែលប្រទេសនេះត្រូវការជាចាំបាច់ ខណៈពេលដែលរុស្ស៊ីកំពុងវាយប្រហារទៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធនានារបស់អ៊ុយក្រែន ដូចជាកំពង់ផែ និងឃ្លាំងដាក់គ្រាប់ធញ្ញជាតិជាដើម។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះនិយាយទៀតថា ការវាយប្រហាររបស់រុស្ស៊ីហួសពីសមរភូមិប្រយុទ្ធនោះ បានបង្កការឈឺចាប់មិនអាចរៀបរាប់បានដល់មនុស្សជាតិ និងគំរាមកំហែងសន្តិសុខស្បៀងអាហារលើពិភពលោកផងដែរ។
លោក Austin បានបន្ថែមដូចនេះទៀតថា ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលមានប្រទេស៥០ចូលរួម មានកំណត់នឹងផ្តោតការពិភាក្សារបស់ខ្លួននៅថ្ងៃអង្គារនេះ ទៅលើសេចក្តីត្រូវការរបស់ទាហានអ៊ុយក្រែន មិនត្រឹមតែសម្រាប់រយៈពេលខ្លីប៉ុណ្ណោះទេ តែក៏ដើម្បីជួយបង្កើតកម្លាំងប្រយុទ្ធអ៊ុយក្រែន ដែលមានសមត្ថភាពនិងអាចទទួលយកបាន ក្នុងរយៈពេលយូរអង្វែងផងដែរ។
ប្រមុខការពារជាតិអាមេរិករូបនេះ ក៏បានស្វាគមន៍ការចូលរួមក្នុងកិច្ចប្រជុំនេះ ពីសំណាក់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនថ្មី លោក Rustem Umerov ដែលបានជំនួសអតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov កាលពីដើមខែកញ្ញាកន្លងទៅនេះ។
ទន្ទឹមនឹងនេះ ក្រុមមន្ត្រីអ៊ុយក្រែនក៏បាននិយាយនៅថ្ងៃអង្គារនេះដែរថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានធ្លាក់ចំលើទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន ដោយសម្លាប់មនុស្សម្នាក់។
អភិបាលទីក្រុង Lviv លោក Andriy Sadovyi បាននិយាយតាមតេឡេក្រាមថា ការវាយប្រហារនោះ បានធ្លាក់ចំឃ្លាំងចំនួន៣ ដែលស្តុកសម្ភារៈដូចជាបង្អួច សារធាតុគីមីសម្រាប់ប្រើក្នុងផ្ទះ និងជំនួយមនុស្សធម៌ផ្សេងៗទៀត៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។