ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy នឹង​ស្វែងរក​ការ​គាំទ្រ​នៅ​ពេល​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​អាមេរិក


ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy ថ្លែង​នៅ​ក្នុង​កម្មវិធី Atlantic Council Global Citizen Awards ថ្ងៃទី 20 ខែ​កញ្ញា ឆ្នាំ 2023 នៅ​ទីក្រុង​ញូវយ៉ក។
ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy ថ្លែង​នៅ​ក្នុង​កម្មវិធី Atlantic Council Global Citizen Awards ថ្ងៃទី 20 ខែ​កញ្ញា ឆ្នាំ 2023 នៅ​ទីក្រុង​ញូវយ៉ក។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy គ្រោង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្រប​ពេល​ដែល​លោក​ស្វះស្វែង​រក​ការ​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​ការ​ប្រយុទ្ធ​របស់​ប្រទេស​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

លោក Zelenskyy គ្រោង​នឹង​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សភា​អាមេរិក​ទាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ ​និង​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin នៅ​ក្រសួង​ការពារ​ជាតិ​អាមេរិក មុន​ពេល​លោក​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​សេតវិមាន។

រដ្ឋបាល​របស់​លោក Biden បាន​ស្នើ​សភា​ឱ្យ​អនុម័ត​ជំនួយ​យោធា​និង​មនុស្សធម៌​ចំនួន ២៤ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក John Kirby បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា ថវិកា​ជំនួយ​នេះ​ដែល​រួម​មាន​ទាំង​ថវិកា​ជាង ២០ ពាន់​លាន​ដុល្លារ​សម្រាប់​ផ្នែក​ការពារ​ជាតិ នឹង​ជះ «ផល​ខ្លាំងក្លា​លើ​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន» នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រធាន​រដ្ឋសភា​លោក Kevin McCarthy ផង​ដែរ បាន​ប្រឆាំង​នឹង​ការ​គាំទ្រ​បន្ថែម​សម្រាប់​អ៊ុយក្រែន។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​បង្ហាញ​អំណះអំណាង​សម្រាប់ «ការ​គាំទ្រ​ជា​បន្ត​លើ​បុព្វហេតុ​អ៊ុយក្រែន​នេះ​ថា​មិន​មែន​ធ្វើ​ឡើង​ដោយ​ចេញ​ពី​ភាព​សប្បុរស​នោះ​ទេ ប៉ុន្តែ​គឺ​ចេញ​ពី​ការ​ផ្ដោត​ជា​ចម្បង​លើ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក»។

លោក McConnell បាន​រិះគន់​លោក Biden ដោយ​បាន​និយាយ​ថា​លោក​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​បង្ហាញ​ហេតុផល​ដែល​ថា សហរដ្ឋ​អាមេរិក​មាន «ចំណាប់​អារម្មណ៍ជា​ចម្បង​លើ​ជ័យជម្នះ​របស់​អ៊ុយក្រែន​និង​សន្តិសុខ​របស់​អឺរ៉ុប»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

XS
SM
MD
LG