ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​និង​មីស៊ីល​អ៊ុយក្រែន​ចំនួន​៤៧


ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​ប្រតិបត្តិការ​នៅ​ទីតាំង​នៃ​សំណង់​អគារលំនៅដ្ឋាន​មួយ​ក្រោយ​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន លើ​តំបន់ Belgorod ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ (Belgorod Region Governor Vyacheslav Gladkov Telegram channel via AP)
ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​ប្រតិបត្តិការ​នៅ​ទីតាំង​នៃ​សំណង់​អគារលំនៅដ្ឋាន​មួយ​ក្រោយ​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន លើ​តំបន់ Belgorod ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ (Belgorod Region Governor Vyacheslav Gladkov Telegram channel via AP)

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន ៣១ គ្រឿង​និង​មីស៊ីល ១៦ គ្រាប់​ដែល​អ៊ុយក្រែន​បាន​បាញ់​នៅក្នុង​ការ​វាយ​ប្រហារ​កាលពី​យប់​ថ្ងៃ​អាទិត្យ។

ក្រសួង​នេះ​បាន​បន្ថែម​ថា ដ្រូន ៧ គ្រឿង​និង​មីស៊ីល​បញ្ជា ៤ គ្រាប់​ត្រូវបាន​បាញ់​ទម្លាក់​នៅ​ក្នុង​តំបន់​គ្រីមា (Crimea) ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ដ្រូន ៨ គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​នៅ​ក្នុង​តំបន់ Kursk ហើយ​ដ្រូន ៤ គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​នៅក្នុង​តំបន់ Lipetsk។

ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​គឺ​ផ្ដោត​លើ​តំបន់ Belgorod នៃ​ប្រទេស​រុស្ស៊ី​ដែល​ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​កម្ទេច​ដ្រូន ១២ គ្រឿង​និង​មីស៊ីល​បញ្ជា ១២ គ្រាប់​នៅ​ពី​លើ​តំបន់ Belgorod។

ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់ Belgorod នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាងតិច ១៥ នាក់​ស្លាប់​និង​ជាង ៣០ នាក់​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់ Belgorod នៅ​ថ្ងៃ​ចន្ទ​នេះ។

មនុស្ស​ជាង ៤.០០០ នាក់​បាន​ចាកចេញ​ពី​តំបន់​ជុំវិញ​តំបន់​ទីក្រុង Kharkiv នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក នៅ​ពេល​ដែល​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​តបត​វិញ​ដ៏​ភ្ញាក់ផ្អើល។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អភិបាល​តំបន់ Kharkiv លោក Oleg Syniehubov។

កងទ័ព​រុស្ស៊ី​បាន​ប្រើ​កាំភ្លើង​ធំ​និង​កាំភ្លើង​ត្បាល់​សម្រុក​ចូល​ទីប្រជុំជន​និង​ភូមិ​នានា​នៅ​ក្នុង​តំបន់​នោះ។

កងទ័ព​អ៊ុយក្រែន​យ៉ាងតិច​មួយ​កង​បាន​ដកថយ​ចេញ​ពី​តំបន Kharkiv នៅ​ពេល​ដែល​កងទ័ព​រុស្ស៊ី​ដណ្ដើម​កាន់កាប់​តំបន់​នានា​នៅ​ក្នុង «តំបន់​ប្រផេះ» ដែល​ជា​តំបន់​ប្រឈម​នឹង​ហានិភ័យ​សង្គ្រាម​នៅ​តាម​បណ្ដោយ​ព្រំដែន​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​នៅ​តាម​ផ្នែក​នានា​នៅ​ព្រំដែន​ក្នុង​តំបន់ Kharkiv ដែល​នៅ​ទីនោះ​មនុស្ស​រាប់​ពាន់​នាក់​បាន​ភៀសខ្លួន​ដោយ​បង្ខំ​បន្ទាប់ពី​រុស្ស៊ី​បាន​វាយ​ប្រហារ។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា ទាហាន​របស់​ខ្លួន​បាន​ដណ្ដើម​កាន់កាប់​ភូមិ​ចំនួន ៥ របស់​អ៊ុយក្រែន​នៅ​ជាប់​ព្រំដែន​នៃ​តំបន់ Belgorod របស់​រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ដោះដូរ​តំណែង​របស់​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu នៅ​ក្នុង​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ធ្វើឡើង​នៅពេល​ដែល​លោក​បាន​ចាប់ផ្ដើម​អាណត្តិ​ទី ៥ របស់​លោក​ជា​ប្រធានាធិបតី។

លោក Putin បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​តែងតាំង​លោក Shoigu ជា​លេខាក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​រុស្ស៊ី។

ការ​តែងតាំង​នេះ​ត្រូវបាន​ប្រកាស​ភ្លាមៗ​បន្ទាប់ពី​លោក Putin បាន​ស្នើ​ឱ្យ​លោក Andrei Belousov ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ជំនួស​តំណែង​របស់​លោក Shoigu៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG