ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយប្រហារ​​​ដោយមីស៊ីល​រុស្ស៊ី​បាន​​​ធ្វើឱ្យ​​​ខូចខាត​​កន្លែង​​ថាមពល​​​​អ៊ុយក្រែន


បុរស​ម្នាក់​សម្អាត​កម្ទេចកម្ទី​នៅ រោងចក្រ​ថាមពល DTEKដែល​ត្រូវបានវាយប្រហារ​ដោយ​មីស៊ីល​ពី​រុស្ស៊ី​ក្នុង​អ៊ុយក្រែន​កាលពីថ្ងៃទី​០២ មេសា ឆ្នាំ២០២៤ missile in Ukraine, on Tuesday, April 2, 2024.
បុរស​ម្នាក់​សម្អាត​កម្ទេចកម្ទី​នៅ រោងចក្រ​ថាមពល DTEKដែល​ត្រូវបានវាយប្រហារ​ដោយ​មីស៊ីល​ពី​រុស្ស៊ី​ក្នុង​អ៊ុយក្រែន​កាលពីថ្ងៃទី​០២ មេសា ឆ្នាំ២០២៤ missile in Ukraine, on Tuesday, April 2, 2024.

ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយនៅ​ថ្ងៃពុធ​នេះ​ថាការវាយ​ប្រហារ​តាម​អាកាស​ខ្លាំង​មួយ​របស់​រុស្ស៊ី​ដែល​មាន​រួមមីស៊ីល​៥៥​គ្រឿង​និង​ដ្រូន២១​គ្រឿង​បានធ្វើឱ្យ​ខូចខាត​រោងចក្រ​អគ្គិសនីមួយ​នៅក្នុង​តំបន់​ Lviv ​នា​ប៉ែក​ខាងលិ​ចប្រទេស​អ៊ុយក្រែន។

ក្រុមហ៊ុន DTEK ​ដែល​ជាក្រុមហ៊ុនអគ្គិសនីឯកជន​ធំ​បំផុតនៃ​ប្រទេស​អ៊ុយក្រែន​ បាន​និយាយ​ថាមីស៊ីល​រុស្ស៊ី​បាន​ធ្វើឱ្យ​មាន​«ការខូចខាត​ធ្ងន់ធ្ងរ‍»ដល់​រោងចក្រអគ្គិសនី​៣​ក្នុងបណ្តា​រោងចក្រភ្លើង​៦​របស់​ក្រុមហ៊ុន​នេះក្នុង​ប្រទេស​អ៊ុយក្រែន។​

អភិបាល​តំបន់ Lviv លោក Maksym Kozytskyi​ បាន​ថ្លែង​តាម​ Telegram ​ថាមីស៊ីល​រុស្ស៊ី​បាន​បាញ់ចំ​រោងចក្រអគ្គិសនីក្នុងស្រុក ​Chervonohrad ​និង​កន្លែង​ថាមពល​សំខាន់​មួយ​នៅក្នុង​ស្រុក Stryi។

គ្មានរបាយការណ៍​អំពី​មនុស្សស្លាប់​ទេ។

លោក Andriy Rakovych ​អភិបាលតំបន់​ Korovohrad ​នាផ្នែក​កណ្តាល​អ៊ុយក្រែន បាន​រាយការណ៍ថាមនុស្ស​ម្នាក់​បាន​ត្រូវ​របួស​ហើយ​ផ្ទះ១៣​ខ្នងត្រូវបាន​បំផ្លាញនៅ​ក្នុង​ការវាយ​ប្រហារ​មួយ​ដោយ​មីស៊ីល​រុស្ស៊ី។

ពួក​មន្ត្រី​នៅ ក្រុង​Vinnytsia ក៏​បាន​រាយការណ៍​ដែរអំពី​ការវាយ​ប្រហាររបស់​រុស្ស៊ី​លើ​កន្លែង​ហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗ។

កង​ទ័ពអាកាស​អ៊ុយក្រែនបាន​ថ្លែង​ថាក្រុមការពារ​ដែន​អាកាស​របស់​ប្រទេស​បាន​បាញ់​ទម្លាក់មីស៊ីល​៣៩​គ្រឿង​ក្នុង​ចំណោម​៥៥​គ្រឿង​និង​បាញ់​ទម្លាក់​ដ្រូន​២០​គ្រឿង​ក្នុង​ចំណោម​២១​គ្រឿង។
ការ​វាយប្រហារ​នេះ​មាន​ឡើង​មួយថ្ងៃក្រោយ​ពួក​អ្នក​ស៊ើបអង្កេត​ខាងប្រឆាំងនឹង​ចារកម្មអ៊ុយក្រែនបាន​និយាយ​ថាពួកគេ​បាន​បង្អាក់​ផែនការ​មួយ​របស់​ពួក​ភ្នាក់ងារ​រុស្ស៊ីក្នុង​ការ​ធ្វើ​ឃាតប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ​និងមន្ត្រី​ជាន់​ខ្ពស់​ឯទៀតៗ៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP, AFP និង​Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG