ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា ការ​វាយ​ប្រហារ​របស់​អ៊ុយក្រែន​លើ​តំបន់ Belgorod ធ្វើ​ឱ្យ​មនុស្ស ៨ នាក់​រង​របួស


រថយន្ត​មួយ​បាន​ឆេះខ្ទេចខ្ទីបន្ទាប់ពី​ការវាយប្រហារ​ដោយ​អ៊ុយក្រែន​នៅ​ក្នុងទីក្រុង​ Belgorod ប្រទេស​រុស៊្សី​កាលពីថ្ងៃទី​០៩ ឧសភា ឆ្នាំ២០២៤។
រថយន្ត​មួយ​បាន​ឆេះខ្ទេចខ្ទីបន្ទាប់ពី​ការវាយប្រហារ​ដោយ​អ៊ុយក្រែន​នៅ​ក្នុងទីក្រុង​ Belgorod ប្រទេស​រុស៊្សី​កាលពីថ្ងៃទី​០៩ ឧសភា ឆ្នាំ២០២៤។

មន្ត្រី​នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាងតិច ៨ នាក់​រង​របួស។

លោក Vyacheslav Gladkov អភិបាល​តំបន់ Belgorod នៃ​ប្រទេស​រុស្ស៊ី​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​តាម Telegram ថា ការ​វាយ​ប្រហារ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​អគារ​ជាង ២០ ខ្នង​រង​ការ​ខូចខាត​ផងដែរ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​បាន​បំផ្លាញ​រ៉ុក្កែត ១៥ គ្រាប់​និង​ដ្រូន​មួយ​គ្រឿង​របស់​អ៊ុយក្រែន​នៅ​ពី​លើ​តំបន់ Belgorod។

លោក Roman Starovoyt អភិបាល​តំបន់ Kursk ដែល​នៅ​ក្បែរ​នោះ បាន​និយាយ​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន ៣ គ្រឿង​កាលពី​យប់មិញ។ គេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ថា​មាន​ការ​ខូចខាត​ឬ​ក៏​រង​របួស​ណាមួយ​ទេ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ក៏​បាន​រាយការណ៍​ផងដែរ​ថា​ខ្លួន​បាន​បំផ្លាញ​ដ្រូន​ពីរ​គ្រឿង​នៅ​លើ​តំបន់ Bryansk។

ចំណែក​ឯ​យោធា​អ៊ុយក្រែន​វិញ​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន ១៧ គ្រឿង​ក្នុង​ចំណោម ២០ គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាលពី​យប់មិញ។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ការ​បាញ់​ទម្លាក់​ដ្រូន​ទាំង​នេះ​បាន​ធ្វើឡើង​នៅ​ពី​លើ​តំបន់ Odesa។

គេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​ណាមួយ​ថា​មាន​ការ​ខូចខាត​ដោយសារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នេះ​ទេ។​

ក្នុង​ពេល​នេះ​ដែរ​ ប្រទេស​រុស្ស៊ី​បាន​ប្រារព្ធ​ទិវា​ជ័យជម្នះ​ដោយ​ក្បួន​ដង្ហែ​បែប​ស្នេហា​ជាតិ​ដ៏​អឹកធឹក ដើម្បី​ប្រារព្ធ​ជ័យជម្នះ​របស់​ខ្លួន​លើ​ពួក​ណាហ្ស៊ី (Nazi) អាល្លឺម៉ង់​នៅក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ។ ជ័យជម្នះ​នេះ​ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បង្វែរ​ឱ្យ​ក្លាយទៅជា​សសរ​ស្ដម្ភ​មួយ​នៃ​ការ​កាន់​អំណាច​របស់​លោក​រយៈពេល​ជិត ២៥ ឆ្នាំ​កន្លង​មក​និង​ជា​ហេតុផល​មួយ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ទោះបីជា​អតីត​យុទ្ធជន​មួយ​ចំនួន​តូច​នៃ​សង្គ្រាម​ដែល​រុស្ស៊ី​ហៅថា​ជា​សង្គ្រាម​មហា​ស្នេហាជាតិ​នេះ​នៅ​រស់នៅ​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ​នេះ​ក្នុង​ពេល ៧៩ ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​ក្រុង​ប៊ែរឡាំង​បាន​ដួល​រលំ​ធ្លាក់ទៅក្នុង​ដៃ​របស់​ទាហាន​សហភាព​សូវៀត​ក៏ដោយ ក៏​ជ័យជម្នះ​លើ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​នេះ​នៅតែ​ជា​និមិត្តរូប​ដ៏​សំខាន់​បំផុត​និង​គួរឱ្យ​គោរព​ជាទូទៅ​នៃ​ភាព​ក្លាហាន​របស់​ប្រទេស​រុស្ស៊ី​និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អត្តសញ្ញាណ​ជាតិ។

សហភាព​សូវៀត​បាន​បាត់បង់​មនុស្ស​ប្រហែល ២៧ លាន​នាក់​នៅ​ក្នុង​សង្គ្រាម​នេះ ដែល​ចំនួន​នេះ​ត្រូវបាន​ប្រវត្តិវិទូ​ជាច្រើន​ចាត់ទុក​ថា​មាន​លក្ខណៈ​អភិរក្ស​និយម។ ពិធី​អឹកធឹក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ការ​ពលី​នេះ៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG