ការវាយប្រហារដោយគ្រាប់មីស៊ីលមួយរបស់រុស្ស៊ីទៅលើក្រុង Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន បានធ្វើឱ្យរបួសមនុស្ស២នាក់ និងធ្វើឱ្យឆេះផ្ទះចំនួន៣ខ្នង នៅម៉ោងទាបភ្លឺនៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានស្រង់សម្តីរបស់ក្រុមមន្ត្រីមូលដ្ឋាន។
ទីក្រុង Kharkiv ជាក្រុងធំបំផុតទី២របស់អ៊ុយក្រែន ដែលស្ថិតនៅចម្ងាយប្រមាណតែ៣០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីនោះ ជាគោលដៅនៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីជាញឹកញាប់ និងទទួលរងការខូចខាតយ៉ាងដំណំ ខណៈរុស្ស៊ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
មនុស្ស២នាក់ដែលម្នាក់ជាកុមារដែលមានអាយុ១១ឆ្នាំបានទទួលរងរបួស។ នេះបើតាមការលើកឡើងរបស់អភិបាលតំបន់លោក Oleh Syniehubov នៅលើបណ្តាញតេឡេក្រាម។
អភិបាលក្រុង Kharkiv លោក Ihor Terekhov និយាយថា មីស៊ីលប្រភេទ S-300 មួយគ្រាប់បានធ្លាក់នៅក្នុងទីក្រុង ដោយធ្វើឱ្យខូចខាតអគារចំនួន២៦ខ្នង ហើយអគារ២ខ្នងត្រូវខូចខាតទាំងស្រុង។ លោកមិនបានបញ្ជាក់ទេថា តើអគារនោះជាអគារអ្វីនោះឡើយ។
អ្នកថតវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters មួយរូបនៅកន្លែងកើតហេតុ បានឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងដែលទំនងដូចជាអគារលំនៅឋាននៅពេលព្រលឹមស្រាងៗ។ ទីភ្នាក់ងារសង្គ្រោះបន្ទាន់កំពុងខ្នះខ្នែងពន្លត់ភ្លើងដែលកំពុងឆេះនោះនិងកំពុងពិនិត្យមើលគំនរថ្មបាក់បែក។
អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Illya Yevlash បាននិយាយនៅក្នុងការផ្សាយតាមទូរទស្សន៍មួយថា រុស្ស៊ីបានបាញ់គ្រាប់មីស៊ីលប្រភេទ S-300/S-400 ចំនួន២គ្រាប់ទៅលើតំបន់នេះកាលពីយប់មិញ។ គេនៅមិនទាន់ដឹងច្បាស់ថាតើគ្រាប់មីស៊ីលទី២ធ្លាក់ត្រូវចំកន្លែងណានោះទេ។
លោក Syniehubov និយាយថា ការវាយប្រហារដោយគ្រាប់ផ្លោងស្វ័យនាំផ្លូវមួយ បានធ្វើឱ្យខូចខាតអគារចំនួន២៥ខ្នង នៅពេលដែលវាធ្លាក់នៅជិតទីតាំងហេដ្ឋារចនាសម្ព័ន្ធមួយក្នុងទីប្រជុំជន Derhachi នៅជិតព្រំដែនរុស្ស៊ី។
ប្រទេសរុស្ស៊ីដែលបានចូលឈ្លានពានអ៊ុយក្រែនក្នុងរយៈពេល២ឆ្នាំមកហើយនោះ បានបង្កើនការវាយប្រហារជាខ្លាំងដោយប្រើគ្រាប់មីស៊ីលនិងដ្រូនលើប្រទេសអ៊ុយក្រែនកាលពីខែមីនាកន្លងទៅ៕
មន្ត្រីអ៊ុយក្រែនថា ការវាយប្រហារដោយគ្រាប់មីស៊ីលរុស្ស៊ីបានធ្វើឱ្យឆេះផ្ទះជាច្រើនខ្នងនៅក្រុង Kharkiv
- Reuters
វេទិកាបញ្ចេញមតិ