ក្រុមមន្ត្រីរុស្ស៊ីនៅភាគខាងលិចប្រទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានធ្វើការវាយប្រហារដោយដ្រូននៅថ្ងៃចន្ទនេះលើតំបន់ Belgorod ក្បែរព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងតិចក៏៦នាក់ដែរ។
អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយលើបណ្តាញតេឡេក្រាមថា ដ្រូនបានវាយប្រហារចំរថយន្តមួយចំនួន និងបានធ្វើឱ្យមនុស្សរបួសជាង៣០នាក់ផងដែរ។
យោធាអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន១២ក្នុងចំណោម១៣គ្រឿង ដែលបានធ្វើការវាយប្រហារកាលពីយប់មិញ។
កងកម្លាំងដែនអាកាសអ៊ុយក្រែននិយាយថា ដ្រូនទាំងនោះត្រូវបានបាញ់ស្ទាក់នៅលើតំបន់ Sumy ដែលស្ថិតនៅប៉ែកឥសានប្រទេសអ៊ុយក្រែនជាប់នឹងព្រំដែនរុស្ស៊ី។
រដ្ឋបាលយោធាតំបន់ Sumy បានបង្ហោះសារលើបណ្តាញតេឡេក្រាមពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើរោងចក្រអគ្គិសនីមួយកន្លែង។ គេនៅមិនទាន់មានព័ត៌មានភ្លាមៗស្តីពីការខូចខាតឬជនរងគ្រោះនោះឡើយ ដោយទីភ្នាក់ងារថាមពលអ៊ុយក្រែននិយាយថា គេនៅកំពុងពិនិត្យមើលពីលទ្ធផលនៃការវាយប្រហារនោះនៅឡើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងសារមួយក្នុងថ្ងៃបុណ្យ Easter កាលពីថ្ងៃអាទិត្យក្នុងរដ្ឋធានីកៀវ បានអំពាវនាវដល់ពលរដ្ឋអ៊ុយក្រែន ឱ្យរួបរួមជូនពរគ្នាទៅវិញទៅមក ក៏ដូចជាជូនពរដល់កងយោធាអ៊ុយក្រែននៅសមរភូមិមុខផងដែរ ដោយលោកនិយាយថា «ព្រះនឹងជួយឱ្យអ៊ុយក្រែនទទួលបានជោគជ័យ»។
ក្នុងរដ្ឋធានីមូស្គូឯណោះវិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចូលរួមក្នុងពិធីបុណ្យ Easter នេះ ដែលរៀបចំឡើងដោយសម្តេចព្រះសង្ឃរាជ Kirill នៃព្រះវិហារ Orthodox ដែលជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រដល់មេដឹកនាំរុស្ស៊ីរូបនេះ ក៏ដូចជាការគាំទ្ររបស់ព្រះអង្គលើសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ