រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock បានសន្យាគាំទ្របណ្ដាប្រទេសទាំងឡាយណាដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារផលប៉ះពាល់ដែលបណ្ដាលមកពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន នៅពេលដែលអ្នកស្រីបានធ្វើដំណើរនៅថ្ងៃអង្គារនេះទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកស្រី Baerbock បានថ្លែងដូច្នេះថា៖ «ភាពឃោរឃៅនៃសង្គ្រាមបែបគឃ្លើនរបស់រុស្ស៊ីនិងការគំរាមកំហែងនៃសង្គ្រាមនេះចំពោះរបៀបរៀបរយសន្តិភាពនៅទ្វីបអឺរ៉ុបគឺបានបង្ហាញយ៉ាងច្បាស់ ហើយយើងក៏ឃើញផលប៉ះពាល់ភ្លាមៗជាក់ស្ដែងផងដែរនៅតាមតំបន់ផ្សេងទៀតជាច្រើននៅលើពិភពលោក»។
អ្នកស្រីបានបន្ថែមថា៖ «យើងមិនត្រឹមតែមានការទទួលខុសត្រូវចំពោះទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏មានការទទួលខុសត្រូវរួមគ្នាសម្រាប់ពិភពលោកទាំងមូលផងដែរ»។
មេដឹកនាំប្រហែល ១៥០ នាក់មកពីជុំវិញពិភពលោកនឹងចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកចាប់ពីថ្ងៃអង្គារនេះទៅ។
អ្នកស្រី Baerbock បានបញ្ជាក់ថា បណ្ដាមេដឹកនាំទាំងនោះគួរតែយកឱកាសនេះ «ផ្ដោតលើបញ្ហានិងក្ដីបារម្ភនានារបស់ដៃគូរបស់យើងនៅទ្វីបអាហ្វ្រិក ទ្វីបអាស៊ី តំបន់អាមេរិកឡាទីន និងបណ្ដាប្រទេសអារ៉ាប់»។
អ្នកស្រីបានបន្តថា បណ្ដាមេដឹកនាំទាំងនោះក៏គួរតែផ្ដោតផងដែរលើ «វិធីដែលយើងអាចដោះស្រាយនិងកាត់ទោសលើឧក្រិដ្ឋកម្មដ៏រន្ធត់នានាដែលបានប្រព្រឹត្តិឡើងដោយប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន»។
អ្នកស្រីបានបន្ថែមដូច្នេះថា៖ «យើងគាំទ្រយ៉ាងមុតមាំលើប្រទេសអ៊ុយក្រែន ហើយយើងនឹងបន្តផ្ដល់ជំនួយគ្រប់បែបយ៉ាងដែលអ៊ុយក្រែនត្រូវការ ដើម្បីបញ្ចប់សង្គ្រាមនិងការឈឺចាប់ដែលមិនអាចវាស់វែងបានរបស់ប្រជាពលរដ្ឋអ៊ុយក្រែន»៕