នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសអ្នកស្រី Liz Truss នឹងសន្យានៅឯមហាសន្និបាតអង្គការសហប្រជាជាតិថានឹងផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែននៅឆ្នាំក្រោយបន្ថែមទៀតក្នុងចំនួន ២.៦០០ លានដុល្លារអាមេរិកដូចទៅនឹងចំនួនដែលបានផ្ដល់ជូនប្រទេសអ៊ុយក្រែននៅឆ្នាំនេះ ឬក៏អាចច្រើនជាងនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងទស្សនកិច្ចលើកដំបូងបង្អស់របស់អ្នកស្រីទៅបរទេសក្នុងនាមជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស អ្នកស្រីនឹងអំពាវនាវដល់បណ្ដាមេដឹកនាំផ្សេងទៀតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកឱ្យជួយបញ្ចប់ការក្ដោបក្ដាប់របស់ប្រទេសរុស្ស៊ីលើថាមពលនៅទ្វីបអឺរ៉ុប។
អ្នកស្រី Truss បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះមុនពេលអ្នកស្រីថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ខាងមុខថា៖ «សាររបស់ខ្ញុំជូនចំពោះប្រជាពលរដ្ឋអ៊ុយក្រែនគឺថា ចក្រភពអង់គ្លេសនឹងបន្តគាំទ្រអ្នកគ្រប់ជំហានទាំងអស់។ សន្តិសុខរបស់អ្នកគឺជាសន្តិសុខរបស់យើង»។
អ្នកស្រីបានបន្ថែមថា៖ «ជីវិតមនុស្សជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន នៅទ្វីបអឺរ៉ុប និងនៅជុំវិញពិភពលោកកំពុងត្រូវបានបង្វិលដោយការពឹងផ្អែកលើថាមពលរបស់ប្រទេសរុស្ស៊ី។ យើងចាំបាច់ត្រូវធ្វើការទាំងអស់គ្នាដើម្បីបញ្ចប់បញ្ហានេះជារៀងរហូត»។
កន្លងមក ចក្រភពអង់គ្លេសបានបញ្ជាក់ថា ខ្លួនគឺជាប្រទេសផ្ដល់ជំនួយយោធាច្រើនជាងគេទីពីរដល់ប្រទេសអ៊ុយក្រែន ដោយបានផ្ដល់ជំនួយចំនួន ២.៦០០ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២២ នេះ ហើយការផ្ដល់ជំនួយដូចនេះនៅឆ្នាំក្រោយគឺនឹងត្រូវកំណត់ដោយតម្រូវការរបស់យោធាអ៊ុយក្រែន៕