រដ្ឋមន្រ្តីការបរទេសរុស្សីលោក Sergei Lavrov នៅថ្ងៃពុធនេះ បានបដិសេធការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ ដែលថាការិយាល័យសន្តិសុខសហព័ន្ធរបស់រុស្សី ជាអ្នកតាមដាន និងដាក់ថ្នាំបំពុលមេដឹកនាំគណបក្សប្រឆាំងលោក Alexei Navalny។
ទីភ្នាក់ងារសារព័ត៌មានបារាំងបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសរុស្សីដែលបានលើកឡើងថា៖«ព័ត៌មានទាំងនេះគួឲ្យចង់សើចនៅពេលដែលយើងអានវា។ ប៉ុន្តែលក្ខណៈមួយដែលព័ត៌មានទាំងនេះបង្ហាញឲ្យឃើញនោះ គឺថាដៃគូបស្ចិមប្រទេសរបស់យើង នៅខ្វះខាតស្តង់ដាក្រមសីលធម៌នៅឡើយ»។
មន្ទីរពិសោធន៍ជាច្រើនរបស់សហភាពអឺរ៉ុបកាលពីខែកញ្ញា សន្និដ្ឋានថា មេដឹកនាំបក្សប្រឆាំងលោក Navalny ដែលមានអាយុ៤៤ឆ្នាំ ត្រូវបានគេដាក់ថ្នាំបំពុលហើយធ្លាក់ខ្លួនឈឺ ពេលធ្វើដំណើរតាមជើងយន្តហោះមួយ ពីតំបន់ស៊ីប៊ឺរី ទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែសីហា មុនពេល ដែលលោកត្រូវបានគេដឹកបន្តតាមយន្តហោះ ទៅព្យាបាលក្នុងទីក្រុង ប៊ែឡាំង ក្នុងប្រទេសអាល្លឺម៉ង់។
អត្ថបទស៊ើបអង្កេតរួមគ្នាមួយ ដែលបានចេញផ្សាយនៅសប្តាហ៍នេះ ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានអះអាងថា អ្នកជំនាញអាវុធគីមីនៃការិយាល័យសន្តិសុខសហព័ន្ធរបស់រុស្សី បានតាមដានលោក Navalny អស់ពេលជាច្រើនឆ្នាំ រហូតដល់ថ្ងៃដែលលោកត្រូវបានគេដាក់ថ្នាំបំពុលនោះ។
គេហទំព័រស៊ើបអង្កេត Bellingcat ដោយរួមជាមួយទូរទស្សន៍ CNN គេហទំព័រ The Insider របស់រុស្សី និងគេហទំព័រព័ត៌មានអាល្លឺម៉ង់ Der Spiegel កាលពីថ្ងៃចន្ទ បានផ្សព្វផ្សាយឈ្មោះ និងរូបថតជនសង្ស័យ ដែលបានតាមដានលោក Navalny ក្នុងពេលកន្លងមក៕