ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ប្រឆាំង​រុស្សី​ដែល​ត្រូវ​ថ្នាំ​បំពុល ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​អាល្លឺម៉ង់


នៅក្នុង​រូបភាព​ដែល​មិន​ដឹង​ច្បាស់​ពី​ថ្ងៃថត ដែល​ទាញ​ចេញ​ពី​បណ្តាញ​សង្គម​កាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មេដឹកនាំ​បក្ស​ប្រឆាំង​រុស្សី​លោក Alexei Navalny ចុះ​ជណ្តើរ​នៅ​ឯ​មន្ទីរពេទ្យ Charite ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ (រូបថត​ពី Instagram @NAVALNY/Social Media)
នៅក្នុង​រូបភាព​ដែល​មិន​ដឹង​ច្បាស់​ពី​ថ្ងៃថត ដែល​ទាញ​ចេញ​ពី​បណ្តាញ​សង្គម​កាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មេដឹកនាំ​បក្ស​ប្រឆាំង​រុស្សី​លោក Alexei Navalny ចុះ​ជណ្តើរ​នៅ​ឯ​មន្ទីរពេទ្យ Charite ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ (រូបថត​ពី Instagram @NAVALNY/Social Media)

​ក្នុង​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​​សង្គ​ម​​​​មួយ លោក Navalny លើក​ឡើង​ថា៖ «គម្រោង​របស់​ខ្ញុំ​ មាន​លក្ខណៈ សាមញ្ញ​នៅ​ពេល​នេះ គឺ​ការ​ព្យាបាល​ដោយ​​ការ​ធ្វើ​ចលនា​រាល់​ថ្ងៃ»។

មេដឹកនាំ​បក្ស​ប្រឆាំង​រុស្សី​លោក Alexei Navalny​ ត្រូវ​បាន​អនុញ្ញាតឲ្យ​ចាក​ចេញ​ពី​មន្ទីរពេទ្យ ​Charité ក្នុង​ទី​ក្រុង​ប៊ែរ​ឡាំង ប្រទេស​អាល្លឺម៉ង់​ហើយ​នៅ​ថ្ងៃ​ពុធ ដែល​ធ្វើ​ឲ្យគេ​រំពឹង​ថា​ លោក​អាច​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​រុស្សី​ក្នុង​ពេល​ណា​មួយនៅ​ពេលខាង​មុខ។​ ​លោក​ធ្លាក់​ខ្លួន​ឈឺ​អស់​រយៈពេល​ជាង​មួយ​ខែ​ ពី​ការត្រូវ​គេ​ដាក់​ថ្នាំ​បំពុល ដែល​ព្រឹត្តិការណ៍​នោះ ​បានធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាងរុស្សី​ដែល​មាន​លក្ខណៈ​អាប់​អួរ​ស្រាប់ជាមួយ​ប្រទេស​លោក​ខាង​លិច​ កាន់​តែ​ចុះ​អាក្រក់​ថែម​ទៀត។

បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​រួចមក​ ​លោក Navalny បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញសង្គ​មដោយ​អម​ជាមួយ​រូបថត​របស់​លោក​មួយ​សន្លឹក ​ដែល​កំពុង​អង្គុយលើ​បង់​ក្នុង​សួន​មួយ​កន្លែងដែលមាន​ដើម​ឈើ​ព័ទ្ធ​ជុំវិញ។ ​ក្នុង​សារ​បង្ហោះ​នោះ​លោក Navalny លើក​ឡើង​ថា៖ «គម្រោង​របស់​ខ្ញុំ​ មាន​លក្ខណៈ សាមញ្ញ​នៅ​ពេល​នេះ គឺ​ការ​ព្យាបាល​ដោយការ​ធ្វើ​ចលនា​រាល់​ថ្ងៃ»។

លោក Navalny ដែល​ជា​អ្នក​រិះគន់​ដ៏​ល្បី​ល្បាញ​ម្នាក់ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំងកាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា នៅ​ពេល​ដែល​លោក​កំពុង​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរឃោសនា​បោះឆ្នោត​មួយ​ ពី​តំបន់​ស៊ីបេរី (Siberia) ទៅ​កាន់​ទី​ក្រុង​មូស្គូ​នោះ។

ក្រោយពី​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុងប្រទេស​អាល្លឺម៉ង់​មក​ មន្ទីរ​ពិសោធន៍​ប្រទេស​អាល្លឺម៉ង់ ​ស៊ុយអែតនិងបារាំង​ បាន​បញ្ជាក់​ថា​ លោក Navalny ពិត​ជា​ត្រូវ​ថ្នាំ​បំពុលដែល​ផលិត​ឡើង​ដោយ​យោធា​ក្នុង​យុគសម័យ​សហភាព​សូវៀត​នោះ​មែន៕​

XS
SM
MD
LG