សមាជិកកំពូលខាងគណបក្សប្រជាធិបតេយ្យ និងក្រុមមេដឹកនាំគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា បានអំពាវនាវឲ្យលោកប្រធានាធិបតី Donald Trump ស៊ើបអង្កេតលើករណីបំពុលមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសរុស្ស៊ី លោក Alexei Navalny។
នៅក្នុងលិខិតមួយច្បាប់របស់គណបក្សទាំងពីរដែលផ្ញើទៅកាន់លោកប្រធានាធិបតីកាលពីថ្ងៃច័ន្ទ សមាជិករដ្ឋសភាតំណាងរដ្ឋ New York ខាងគណបក្សប្រជាធិបតេយ្យ លោក Eliot Engel ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា និងសមាជិករដ្ឋសភាតំណាងរដ្ឋ Texas ខាងគណបក្សសាធារណរដ្ឋលោក Michael McCaul ដែលជាអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា បានជំរុញឲ្យរដ្ឋបាលលោក Trump ចាប់ផ្ដើមការស៊ើបអង្កេតលើករណីបំពុលលោក Navalny ដោយថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីអាចជាការចាំបាច់។
លោក Navalny អាយុ ៤៤ ឆ្នាំ ជាគូប្រជែងដ៏លេចធ្លោម្នាក់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២០ ខែសីហា ក្នុងអំឡុងពេលជិះយន្តហោះក្នុងស្រុកមួយក្នុងប្រទេសរុស្ស៊ី។ លោកត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាល។ រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងកាលពីថ្ងៃទី ២ ខែកញ្ញាថា លទ្ធផលពិសោធន៍ជាតិពុលបង្ហាញថា លោក Navalny ត្រូវបានបំពុលដោយសារធាតុធ្វើឱ្យខូចសរសៃប្រសាទដែលបានមកពីក្រុមសារធាតុ Novichok សម័យសូវៀត។
មន្ទីរពេទ្យអាល្លឺម៉ង់ដែលព្យាបាលលោក Navalny បានបញ្ជាក់ថា ឥឡូវនេះ លោកបានធូរស្រាលពីការភ្លឹកមិនដឹងខ្លួនគ្រាន់បើហើយ៕