ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​ថា​លោក Putin នៅ​ពីក្រោយ​ការ​ដាក់​ថ្នាំ​បំពុល​​លោក


លោក Alexie Navalny មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី អង្គុយលើកៅអី នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។
លោក Alexie Navalny មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី អង្គុយលើកៅអី នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ីលោក Alexei Navalny បាន​និយាយប្រាប់​ទស្សនាវដ្តី​អាល្លឺម៉ង់​មួយ​ថា​ លោក​ប្រធានាធិបតី Putin នៃ​ប្រទេស​រុស្ស៊ី ជា​អ្នក​នៅ​ពីក្រោយ​ការ​ដាក់​ថ្នាំ​បំពុល​លើ​រូបលោក។

ក្នុង​ការ​ដកស្រង់​សម្តី​របស់​លោក ដែល​ទស្សនាវដ្តី Der Spiegel ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក Navalny បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​អំពី​ថាអាច​មាន​រឿង​អ្វី​ផ្សេង​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​នេះ​ទេ‍»។

រដ្ឋាភិបាល​រុស្ស៊ី បាន​ច្រាន​ចោល​ការ​ពាក់ព័ន្ធ​ណា​មួយ។

លោក Navalny បាន​ធ្លាក់​ខ្លួនឈឺ​ភ្លាមៗ នៅ​លើ​យន្តហោះ​ កាលពី​ថ្ងៃទី​ ២០ ​ខែ​សីហា ហើយ​ដើម​ដំបូង ​បាន​ចូលទៅ​ព្យាបាល​ក្នុងទីក្រុង Omsk នៃ​តំបន់​ស៊ីបេរី។

វេជ្ជបណ្ឌិត​រុស្ស៊ី​បាន​និយាយ​ថា ​ពួកគេ​មិន​បាន​រកឃើញ​សារជាតិ​ពុល​ទេ ប៉ុន្តែ​ក្រោយ​ពី​លោក​Navalny ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​មន្ទីពេទ្យ​មួយ នៅ​ប្រទេស​អល្លឺម៉ង់ ការ​ធ្វើ​តេស្ត​នៅ​ទីនោះ បាន​បង្ហាញ​ថា ​លោក​ត្រូវគេ​បំពុល​ដោយ​ជាតិ​ពុល Novichok ដែល​ត្រូវ​បាន​បង្កើត​ដំបូង​ដោយ​អតីត​សហភាព​សូវៀត។ ការ​ធ្វើ​តេស្ត​ជា​បន្ត​បន្ទាប់ ក្នុង​មន្ទីរ​ពិសោធន៍​របស់​បារាំង​ និងស៊ុយអែត ក៏​បាន​បញ្ជាក់អំពី​ជាតិ​ពុល​នេះ​ដែរ។​

ជាតិពុល​ដូចគ្នា​នេះ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​មួយ​ កាល​ពី​ឆ្នាំ ​២០១៨ លើ​អតីត​ចារបុរស​ម្នាក់​ នៅ​ក្នុង​ចក្រភព​អង់គ្លេស។

លោក Navalny ជា​អ្នក​រិះគន់​លោក Putin ជា​ញឹកញាប់ ហើយ​លោក​បាន​និយាយ​ប្រាប់​ទស្សនាវដ្តី Der Spiegel ថា លោក​គ្រោង​វិល​ត្រឡប់​ទៅ​ប្រទេស​រុស្ស៊ី​វិញ៕

XS
SM
MD
LG