ប្រទេសចិននិងរុស្ស៊ីនឹងឈានទៅទទួលបានឥទ្ធិពលខាងសេដ្ឋកិច្ចនិងនយោបាយកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នៅក្នុងកិច្ចប្រជុំកំពូលក្នុងប្រទេសអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ នៅពេលដែលមានការរំពឹងទុកពីការប្រឆាំងរួមគ្នាមួយ ដែលប្រហែលជានឹងឈានទៅដល់ការទាក់ទាញប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យខិតទៅខាងពួកគេកាន់តែជិតថែមទៀតនោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំក្នុងប្លុក BRICS ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នឹងបើកកិច្ចប្រជុំមួយ ដែលមានរយៈពេល៣ថ្ងៃនៅក្នុងសង្កាត់ហិរញ្ញវត្ថុ Sandton នៃទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ដោយមានការចូលរួមពីប្រធានាធិបតីចិន លោក Xi Jinping ដែលនឹងបង្ហាញពីវិនិយោគទុនការទូតដែលប្រទេសលោក បានធ្វើនៅក្នុងប្លុកមួយនេះ ក្នុងរយៈពេល១ទសវត្សរ៍កន្លងទៅ និងក៏ជាកន្លែងមួយសម្រាប់មហិច្ឆតារបស់ខ្លួនផងដែរ។
ដោយឡែកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូ ព្រោះការធ្វើដំណើររបស់លោកទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង អាចជាប់ពាក់ព័ន្ធនឹងដីការចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa នឹងចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់ជាមួយប្រធានាធិបតីចិនលោក Xi Jinping ផងដែរ។
កិច្ចប្រជុំកំពូលនៅថ្ងៃពុធខាងមុខនេះ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៅក្រៅជំនួបកំពូលនៅថ្ងៃអង្គារ៍ស្អែក និងថ្ងៃព្រហស្បតិ៍នោះ ត្រូវគេរំពឹងថា នឹងបង្កើតការអំពាវនាវទូទៅមួយ ឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងថែមទៀត ក្នុងចំណោមប្រទេសតំបន់ភាគខាងត្បូងនៃពិភពលោក ស្របពេលដែលមានការមិនសប្បាយចិត្តកាន់តែខ្លាំងឡើង ជុំវិញការគ្របដណ្តប់លើស្ថាប័នសាកលលោករបស់ប្រទេសលោកខាងលិច។
នេះជាចេតនាមួយដែលរុស្ស៊ីនិងចិនមានសេចក្តីរីករាយជាខ្លាំងក្នុងការចូលរួម។ មេដឹកនាំនិងតំណាងប្រទេសកំពុងអភិវឌ្ឍជាច្រើន មានកំណត់នឹងចូលរួមនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងទីក្រុងនៃប្រទេសអាហ្វ្រិកដែលរីកចម្រើនខ្លាំងមួយនេះ ដើម្បីផ្តល់ដល់ប្រធានាធិបតីចិន លោក Xi Jinping និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលតំណាងឱ្យលោក Putin នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនូវទំហំអ្នកចូលរួមដ៏ច្រើនមួយ៕