នៅពេលមើលពីខាងក្រៅ សមាជិកក្រុមប្រទេស BRICS មិនមានលក្ខណៈដូចគ្នាច្រើននោះទេ។ ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូងគឺជាប្រទេសប្រជាធិបតេយ្យ រីឯចិននិងរុស្ស៊ីគឺជាប្រទេសអត្តាធិបតេយ្យ។
ប៉ុន្តែគំនិតរួមមួយដែលប្រទេសទាំងនេះមានដូចគ្នាគឺការមិនយល់ស្របទៅនឹងរបៀបរៀបរយពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន និងសេចក្ដីប្រាថ្នានៅក្នុងការបង្កើតជាជម្រើសផ្សេងមួយដែលនៅក្នុងជម្រើសនោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោកអាចមានអំណាចធំធេងជាងនេះ។
ប្រសិនបើមានបណ្តាប្រទេសថ្មីៗមានបំណងចូលរួមក្នុងក្រុមប្រទេស BRICS នេះ ករណីនេះនឹងបង្ហាញថាជម្រើសនេះគឺជាជម្រើសដ៏មានប្រជាប្រិយមួយ។ ប្រទេសប្រមាណ ៤០ ដែលរួមមានទាំងប្រទេសអាហ្សង់ទីន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS នេះ ហើយកិច្ចពិភាក្សាអំពីសមាជិកថ្មីនឹងទំនងជាចំណុចពិភាក្សាចម្បងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស BRICS នេះ ដោយសមាជិកក្រុមប្រទេសនេះមានទស្សនៈផ្សេងគ្នាអំពីផលប្រយោជន៍នៃការពង្រីកខ្លួន។
អ្នកវិភាគខ្លះដូចជាលោក Jim O'Neill អតីតសេដ្ឋវិទូប្រចាំធនាគារ Goldman Sachs ដែលបានបង្កើតនូវអក្សរកាត់ «BRICS» នេះឡើងជាដើម បាននិយាយថា តាមពិតទៅក្រុមប្រទេសនេះមិនបានសម្រេចអ្វីច្រើននោះទេ ចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ ២០០៩ មក។ ប៉ុន្តែសម្រាប់លោក Mikatekiso Kubayi ដែលជាអ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានសម្រាប់កិច្ចសន្ទនាសាកលនៃសាកលវិទ្យាល័យអាហ្វ្រិកខាងត្បូង (University of South Africa) បានជំទាស់ចំពោះការលើកឡើងដូចនេះ។
លោកថ្លែងដូច្នេះថា៖ «មានប្រទេសជាង ៤០ បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS។ ច្បាស់ណាស់ ប្រទេសទាំងនោះបានឃើញនូវអ្វីមួយដូចជាផលប្រយោជន៍ សារៈសំខាន់ ឬគុណតម្លៃរបស់ក្រុមប្រទេស BRICS ដែលធ្វើឱ្យពួកគេចង់ចូលរួម»។
នេះក៏ជាលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Naledi Pandor កាលពីពេលថ្មីៗនេះផងដែរ។
អ្នកស្រីថ្លែងដូច្នេះថា៖ «បរិបទភូមិសាស្រ្តនយោបាយបច្ចុប្បន្នបានជំរុញឱ្យមានចំណាប់អារម្មណ៍ថ្មីចំពោះសមាជិកភាពក្នុងក្រុមប្រទេស BRICS ខណៈបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងស្វែងរកជម្រើសថ្មីនៅក្នុងពិភពលោកមួយដែលរងឥទ្ធិពលពីមហាអំណាចជាច្រើន»។
លោក Steven Gruzd អ្នកវិភាគនៅវិទ្យាស្ថានកិច្ចការអន្តរជាតិអាហ្វ្រិកខាងត្បូង (South Africa Institute of International Affairs) បាននិយាយថា ប្រសិនបើប្រទេសមិនមែនប្រជាធិបតេយ្យចូលរួមកាន់តែច្រើន វាអាចធ្វើឱ្យក្រុមប្រទេសនេះកាន់តែមានចរិតប្រឆាំងនឹងក្រុមបស្ចិមប្រទេស។
លោកថ្លែងដូច្នេះថា៖ «ពិតណាស់ ប្រសិនបើក្រុមប្រទេស BRICS ពង្រីកខ្លួននិងរួមបញ្ចូលប្រទេសផ្សេងទៀតដូចជាអ៊ីរ៉ង់ជាដើម នេះនឹងពិតជាពង្រឹងដល់ភាសាប្រឆាំងនឹងក្រុមបស្ចិមប្រទេសរបស់ពួកគេ»។
ក្រុមប្រទេស BRICS មានប្រជាជនប្រមាណ ៤០% នៃប្រជាជនសរុបនៅលើពិភពលោក ហើយនិងមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណមួយភាគបួននៃផលិតផលក្នុងស្រុកសរុបលើសាកលលោក។ ទាក់ទិននឹងសមភាពកម្លាំងទិញវិញ សមាជិកនៃក្រុមប្រទេស BRICS ឥឡូវនេះមានចំណែកសកម្មភាពសេដ្ឋកិច្ចលើសាកលលោកច្រើនជាងក្រុមប្រទេស G-7 ទៅទៀត។
រូបិយបណ្ណរួមរបស់ក្រុមប្រទេស BRICS ដែលទទួលបានការសរសើរពីលើកមុន នឹងមិនត្រូវបានលើកយកមកពិភាក្សានោះទេ។ នេះបើយោងទៅតាមក្រុមអ្នករៀបចំកិច្ចប្រជុំនេះនៅអាហ្វ្រិកខាងត្បូង។ ប៉ុន្តែ ធនាគារ New Development Bank របស់ក្រុមប្រទេសនេះមានបំណងធ្វើបដិដុល្លារនីយកម្ម។
លោក Gruzd បានបញ្ជាក់ដូច្នេះថា៖ «បញ្ហាមួយទៀតដែលនឹងត្រូវយកមកពិភាក្សាគឺថា រូបិយបណ្ណនានាដែលបណ្តាប្រទេសទាំងនោះយកធ្វើជំនួញ និងការពិភាក្សាអំពីការធ្វើជំនួញច្រើនជាងមុនដោយប្រើរូបិយបណ្ណក្នុងស្រុកជាជាងដុល្លារអាមេរិក»។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ប្រធានាធិបតីចិនលោក Xi Jinping ប្រធានាធិបតីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva សុទ្ធតែបានបញ្ជាក់អំពីវត្តមានរបស់ពួកគេនៅក្នុងកិច្ចប្រជុំខាងមុខនេះ។
ប្រទេសរុស្ស៊ីនឹងបញ្ចូនរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនលោក Sergey Lavrov ទៅចូលរួមផ្ទាល់ រីឯប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin វិញនឹងចូលរួមតាមអនឡាញ ដោយសារលោកប្រឈមនឹងការចោទប្រកាន់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។
ក្នុងនាមជាភាគីហត្ថលេខីក្នុងតុលាការនេះ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចចាប់ខ្លួនលោក Putin ប្រសិនបើលោកចូលមកក្នុងទឹកដីអាហ្វ្រិកខាងត្បូង ដែលនេះគឺជាបញ្ហាការទូតដ៏ធំមួយដែលពួកគេព្យាយាមបញ្ចៀសនាពេលនេះ។
ដោយឡែក លោក Ramaphosa នឹងទទួលស្វាគមន៍លោក Xi នៅក្នុងជំនួបក្រៅកិច្ចប្រជុំកំពូលនេះសម្រាប់ទស្សនកិច្ចផ្លូវការថ្នាក់រដ្ឋ។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាហ្វ្រិកខាងត្បូង៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា