តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ដែលមាននៅទីតាំងនៅក្នុងទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីលោក Vladimir Putin កាលពីដើមខែមីនាពីបទឧក្រិដ្ឋកម្មសង្គ្រាមពាក់ព័ន្ធនឹងការនិរទេសកុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។ អាហ្រ្វិកខាងត្បូងគឺជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការ ICC ដែលមានកាតព្វកិច្ចដូចប្រទេសហត្ថលេខីនានាក្នុងការអនុវត្តដីកាចាប់ខ្លួនអន្តរជាតិរបស់តុលាការនេះ។
ក៏ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប្រេតូរីយ៉ា ក៏ជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងមូស្គូដែរ ហើយបានបដិសេធមិនរិះគន់ការឈ្លានពានរបស់រុស្ស៊ីឆ្នាំ២០២២ ទៅលើអ៊ុយក្រែនទេ ហើយថែមទាំងឈានទៅដល់ការចរចាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅដើមឆ្នាំនេះ និងធ្វើជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធនាវាចម្បាំងយោធារុស្ស៊ីរួមគ្នាកាលពីខែកុម្ភៈទៀតផង។
រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Naledi Pandor បានប្រាប់ស្ថានីយ៍វិទ្យុក្នុងស្រុក SAfm ក្នុងបទសម្ភាសមួយថា រដ្ឋាភិបាលកំពុងរង់ចាំការពិនិត្យឡើងវិញផ្នែកច្បាប់លើបញ្ហានេះ ហើយបន្ទាប់មកនឹងពិចារណាជម្រើសរបស់ខ្លួន។
អ្នកស្រី Pandor ថ្លែងថា៖
«វាជាស្ថានភាពលំបាកមួយ ប៉ុន្តែអ្នកដឹងទេ ខ្ញុំគិតថា គណៈរដ្ឋមន្ត្រីត្រូវពិភាក្សារឿងនេះ នៅពេលដែលខ្ញុំមានមតិហើយ ខ្ញុំនឹងយកមតិនោះទៅជម្រាបដល់គណៈរដ្ឋមន្ត្រី។ ដូច្នេះសកម្មភាពរបស់យើងនឹងត្រូវបានដឹកនាំដោយមតិរួមរបស់រដ្ឋាភិបាល»។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបនេះបានបដិសេធចំពោះលទ្ធភាពនៃការដកការអញ្ជើញលោក Putin ក្នុងការទៅចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលត្រូវបានគេស្គាល់ថា BRICS ដែលមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក។ អាហ្រ្វិកខាងត្បូងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃមេដឹកនាំប្លុកនេះ នៅខែសីហាខាងមុខនេះ។ ទីក្រុងមូស្គូមិនទាន់បញ្ជាក់ថា តើលោក Putin នឹងចូលរួមដោយផ្ទាល់ ឬយ៉ាងណាទេ។
អ្នកស្រី Pandor ក៏បានរិះគន់តុលាការ ICC ផងដែរចំពោះការមិនមានអ្វីដែលអ្នកស្រីហៅថា «វិធីសាស្រ្តស្មើៗគ្នា» ចំពោះមេដឹកនាំទាំងអស់ដែលទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់អន្តរជាតិ និងចំពោះការផ្តោតទៅលើរដ្ឋមួយចំនួនជាងរដ្ឋដទៃទៀត។
ក៏ប៉ុន្តែលោក Darren Bergmanដែលជារដ្ឋមន្ត្រីការបរទេសស្រមោលនៃប្រទេសអាហ្វ្រិកខាងត្បូងដែលមកពីគណបក្សប្រឆាំងដ៏សំខាន់ក្នុងប្រទេសនេះគឺគណបក្សសម្ព័ន្ធប្រជាធិបតេយ្យបាននិយាយថា រដ្ឋាភិបាលត្រូវតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតុលាការ ICC។
លោក Darren Bergman ថ្លែងថា៖
«គណបក្សសម្ព័ន្ធប្រជាធិបតេយ្យជឿថា គណៈរដ្ឋមន្ត្រីមិនគួរបន្តអញ្ជើញលោកប្រធានាធិបតី Putin ទៀតទេ ដូច្នេះហើយគួរតែដកការអញ្ជើញនោះ។ ប្រសិនបើពួកគេមិនធ្វើទេ ពួកគេគួរតែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Putin»។
លោក Steven Gruzd អ្នកវិភាគ អំពីប្រទេសរុស្ស៊ីនៅវិទ្យាស្ថានអាហ្វ្រិកខាងត្បូងសម្រាប់កិច្ចការអន្តរជាតិ (South African Institute for International Affairs) បានប្រាប់ VOA ថា មានមធ្យោបាយមួយចំនួនដែលរដ្ឋាភិបាលអាចអនុវត្តបាន។ រដ្ឋាភិបាលអាហ្វិ្រកខាងត្បូងអាចគេចចេញពីបញ្ហានេះបានដោយធ្វើកិច្ចប្រជុំកំពូល BRICS នេះ តាមអនឡាញ ដោយរួចខ្លួនចេញពីកាតព្វកិច្ចតុលាការទាំងស្រុង ឬក៏ពួកគេអាចទំនងជាព្យាយាមស្វែងរកអភ័យឯកសិទ្ធិការទូតមួយចំនួនសម្រាប់លោក Putin ក្នុងនាមជាប្រមុខរដ្ឋ។
លោក Steven Gruzd ថ្លែងថា៖
«យើងបានឃើញបញ្ហានេះពីមុនមក។ នៅឆ្នាំ ២០១៥ លោក Omar al-Bashir នៃប្រទេសស៊ូដង់បានមកប្រទេសអាហ្វ្រិកខាងត្បូងចូលរួមកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិក ហើយអាហ្វ្រិកខាងត្បូងត្រូវបានបញ្ជាឱ្យចាប់ខ្លួនលោកតាមដីការបស់តុលាការក្នុងស្រុក។ ប៉ុន្តែការបញ្ជានោះមិនត្រូវបានគេអើពើ និងត្រូវបានជំទាស់ ហើយលោកត្រូវបានអនុញ្ញាតឱ្យគេចខ្លួនពីមូលដ្ឋានយោធា»។
លោក Lunga Ngqengelele អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់អាហ្វ្រិកខាងត្បូងបានប្រាប់ VOA ថា គណៈរដ្ឋមន្ត្រីទំនងជានឹងពិភាក្សាអំពីបញ្ហានេះក្នុងសប្តាហ៍នេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់