កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនេះ ខុទ្ទកាល័យប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងបានដកមកវិញនូវការលើកឡើងរបស់លោកប្រធានាធិបតី Cyril Ramaphosa នៅថ្ងៃដដែលនោះនៅក្នុងសន្និសីទកាសែតមួយ ដែលបាននិយាយថា គណបក្សសមាជជាតិអាហ្វ្រិកខាងត្បូង (ANC) ដែលជាគណបក្សគ្រប់គ្រងប្រទេស នឹងដកប្រទេសអាហ្វ្រិកខាងត្បូងចេញពីសមាជិកភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
ការលើកឡើងដូច្នេះរបស់លោកបានបង្កឱ្យមានភាពចម្រូងចម្រាស់ ដោយសារតែប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលត្រូវបានតុលាការ ICC ចេញដីកាចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទកំពូលនៅខែសីហាខាងមុខនៅប្រទេសអាហ្វ្រិកខាងត្បូង។
ក្នុងនាមជាប្រទេសហត្ថលេខីមួយលើលក្ខន្តិកៈទីក្រុងរ៉ូមស្ដីពីតុលាការ ICC ប្រទេសអាហ្វ្រិកខាងត្បូងត្រូវតម្រូវឱ្យចាប់ខ្លួនលោក Putin ប្រសិនបើលោកចូលទៅក្នុងប្រទេសនោះ។
ប៉ុន្តែក្នុងពេលតែប៉ុន្មានម៉ោងក្រោយមកប៉ុណ្ណោះ បន្ទាប់ពីលោក Ramaphosa បាននិយាយថាប្រទេសអាហ្វ្រិកខាងត្បូងនឹងចាកចេញពីសមាជិកភាពតុលាការ ICC លោក Vincent Magwenya ដែលជាអ្នកនាំពាក្យរបស់លោក បាននិយាយថា ការថ្លែងរបស់លោកគឺជាការភាន់ច្រឡំ។
លោក Magwenya ថ្លែងដូច្នេះថា៖ «ប្រទេសអាហ្វ្រិកខាងត្បូងនៅតែជាសមាជិករបស់តុលាការ ICC ស្របតាមសេចក្តីសម្រេចរបស់សន្និបាតជាតិរបស់គណបក្ស ANC លើកទី ៥៥ កាលពីខែធ្នូ ឆ្នាំ ២០២២។ ដូច្នេះការសម្រេចមុនហ្នឹងអំពីការដកប្រទេសអាហ្វ្រិកខាងត្បូងចេញពីសមាជិកភាពរបស់តុលាការ ICC ត្រូវបានចាត់ទុកជាមោឃៈ»។
លោក Magwenya បានបន្ថែមថា ការកែតម្រូវនេះបានធ្វើឡើង បន្ទាប់ពីគណបក្ស ANC បានលើកឡើងដោយភាន់ច្រឡំអំពីប្រទេសអាហ្វ្រិកខាងត្បូងនិងតុលាការ ICC នៅក្នុងសន្និសីទកាសែតមួយ ដោយលោកបានបញ្ជាក់ថា លោកប្រធានាធិបតីបានទទួលស្គាល់ថានេះគឺជារឿងដ៏គួរឱ្យ «សោកស្តាយ» និងជាការលើកឡើងដោយ «ភាន់ច្រឡំ»។
លោកប្រធានាធិបតី Ramaphosa បាននិយាយថា មានការយល់ឃើញជាយូរមកហើយក្នុងជួរគណបក្ស ANC ថា តុលាការ ICC មិនយុត្តិធម៌ចំពោះប្រទេសខ្លះ។
គណបក្ស ANC ចង់ដកប្រទេសអាហ្វ្រិកខាងត្បូងចេញពីតុលាការ ICC កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ តែត្រូវបានរារាំងដោយសេចក្តីសម្រេចមួយរបស់តុលាការប្រទេសអាហ្វ្រិកខាងត្បូងដែលរកឃើញថាការធ្វើដូច្នេះមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយថាតើលោក Putin នឹងចូលរួមក្នុងសន្និសីទកំពូលរបស់ក្រុមប្រទេស BRICS នេះឬក៏អត់។ ក្រុមប្រទេស BRICS នេះមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាសមាជិក។
បើទោះបីជាប្រសិនបើលោក Putin ចូលរួមក្នុងសន្និសីទនេះក៏ដោយ ក៏គ្មានការធានាណាមួយថាប្រទេសអាហ្វ្រិកខាងត្បូងនឹងចាប់ខ្លួនលោកនោះឡើយ។
កន្លងមក រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានប្រកែកមិនព្រមធ្វើតាមដីកាចាប់ខ្លួនរបស់តុលាការ ICC នៅពេលដែលអតីតប្រធានាធិបតីស៊ូដង់លោក Omar al-Bashir ទៅបំពេញទស្សនកិច្ចនៅទីនោះកាលពីឆ្នាំ ២០១៥។
គណបក្ស ANC គឺជាមិត្តភក្តិដ៏ស្មោះស្ម័គ្ររបស់រដ្ឋាភិបាលរុស្ស៊ី ដោយសារតែមេដឹកនាំអតីតសហភាពសូវៀតបានគាំទ្រការប្រយុទ្ធរបស់គណបក្សនេះប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុមជនស្បែកសភាគតិចនៃរបប Apartheid។
រដ្ឋាភិបាលអ៊ុយក្រែនក៏បានគាំទ្រការប្រយុទ្ធរបស់គណបក្ស ANC ដើម្បីលទ្ធិប្រជាធិបតេយ្យដែរ តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនៅតែមិនព្រមថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងដកមកវិញនូវការលើកឡើងដែលថា អាហ្វ្រិកខាងត្បូងនឹងចាកចេញពីតុលាការ ICC
ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង —