រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានប្រើដ្រូនផ្ទុកជាតិផ្ទុះជាច្រើនគ្រឿងដើម្បីវាយប្រហារលើរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលមានចរាចរណ៍កកកុញនាព្រឹកថ្ងៃចន្ទនេះ គឺក្នុងពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារដោយមីស៊ីលលើរដ្ឋធានីកៀវនិងទីក្រុងនានារបស់អ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនបាននិយាយថា ដ្រូនទាំងនេះគឺជាដ្រូនប្រភេទ Shahed-136 ដែលផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលរុស្ស៊ីបានប្រើសម្រាប់ធ្វើការវាយប្រហារអត្តឃាត ដែលនៅក្នុងការវាយប្រហារនោះ ដ្រូនទាំងនេះបានហោះបំបុកគោលដៅដោយចេតនា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរតាម Telegram ថា៖ «ពេញមួយយប់និងពេញមួយព្រឹក ខ្មាំងសត្រូវបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋស៊ីវិល។ ដ្រូនអត្តឃាតនិងមីស៊ីលកំពុងវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន។ សត្រូវអាចវាយប្រហារទីក្រុងនានារបស់យើងបាន ប៉ុន្តែវានឹងមិនអាចបំបែកស្មារតីរបស់យើងបានឡើយ»។
អភិបាលក្រុងកៀវលោក Vitali Klichko បាននិយាយថា ក្នុងចំណោមតំបន់ដែលរងការវាយប្រហារគឺមានសង្កាត់ Shevchenko ដែលស្ថិតនៅកណ្តាលក្រុងផងដែរ ដែលនេះជាតំបន់ដដែលដែលមីស៊ីលរុស្ស៊ីបានវាយប្រហារចំកាលពីសប្តាហ៍មុន។
លោក Klichko បានបន្ថែមថា ការវាយប្រហារនៅថ្ងៃចន្ទនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ខណៈបានបំផ្លាញអគារផ្ទះ apartment ជាច្រើននិងបង្កជាអគ្គិភ័យនៅក្នុងអគារដែលមិនមែនជាលំនៅដ្ឋាន។ លោកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្ស ១៨ នាក់ចេញពីគំនរបាក់បែកនៃអគារ apartment មួយកន្លែង ហើយមនុស្ស ២ នាក់ទៀតនៅជាប់នៅក្នុងគំនរបាក់បែកនោះនៅឡើយ។
លោក Andrii Yermak នាយកខុទ្ទកាល័យរបស់លោក Zelenskyy បាននិយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Yermak បានសរសេរនៅលើ Twitter ថា៖ «[អ៊ុយក្រែនត្រូវការ] អាវុធបន្ថែមទៀតដើម្បីការពារដែនអាកាសនិងបំផ្លាញសត្រូវ»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងកៀវបានហៅការវាយប្រហារកាលពីថ្ងៃចន្ទលើជនស៊ីវិលនេះថាជាសកម្មភាព «ដ៏គ្រោះថ្នាក់ធ្ងន់ធ្ងរនិងគួរឱ្យថ្កោលទោសខ្លាំងក្លា»។
ស្ថានទូតនេះបានបញ្ជាក់នៅលើ Twitter ថា៖ «យើងកោតសរសើរចំពោះភាពរឹងមាំនិងភាពធន់របស់ប្រជាពលរដ្ឋអ៊ុយក្រែន។ យើងនឹងឈរនៅជាមួយអ្នកជារៀងរហូតមិនថាយូរប៉ុណ្ណានោះទេ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។