រុស្ស៊ី បានប្រកាសផែនការឈប់បាញ់គ្នាជាថ្មីនៅថ្ងៃពុធនេះ ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលចាកចេញពីតំបន់ជាច្រើនរបស់អ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី គឺមួយថ្ងៃបន្ទាប់ពីមនុស្សរាប់ពាន់នាក់ អាចចាកចេញពីទីក្រុងមួយនៅភាគឦសាន្តអ៊ុយក្រែន ខណៈដែលក្រុមមន្ត្រីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីពីការបាញ់ផ្តក់ទៅលើផ្លូវជម្លៀសមនុស្សមួយទៀតនៅក្នុងផ្នែកខាងត្បូងនៃប្រទេសនេះ។
រុស្ស៊ី បាននិយាយថា ការឈប់បាញ់គ្នានៅថ្ងៃពុធនេះ នឹងអនុញ្ញាតឲ្យមនុស្សចាកចេញពីទីក្រុងកៀវ Chernihiv, Sumy, Kharkiv និងទីក្រុង Mariupol។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បាននិយាយថា មនុស្ស៥ពាន់នាក់ បានត្រូវជម្លៀសចេញពីទីក្រុង Sumy កាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យកាកបាទក្រហមលោក Ewan Watson បាននិយាយថា៖ «ស្ថានភាពនៅក្នុងទីក្រុង Mariupol ស្ថិតនៅក្នុងវិនាសកម្មមួយ»។
នៅពេលវីអូអេសួរអំពីការបាញ់ផ្តក់របស់រុស្ស៊ីទៅលើផ្លូវរបៀងមនុស្សធម៌នោះ មន្ត្រីជាន់ខ្ពស់ការពារប្រទេសអាមេរិកម្នាក់ បានប្រាប់ពួកអ្នកយកព័ត៌មាននៅថ្ងៃអង្គារម្សិលមិញថា វា«គ្មានភាពពិតប្រាកដ»ដែលរុស្ស៊ីប្រកាសផ្លូវរបៀងមនុស្សធម៌ចូលក្នុងតំបន់ភាគខាងជើងបេឡារុសឬរុស្ស៊ីនោះឡើយ។
មន្ត្រីរូបនោះ បាននិយាយទៀតថា៖ «យើងនិងសហគមន៍អន្តរជាតិអំពាវនាវដល់រុស្ស៊ីឲ្យអនុញ្ញាតឲ្យមានផ្លូវរបៀងសុវត្ថិភាពនៅខាងក្រៅទីក្រុងសំខាន់ៗដើម្បីឲ្យពលរដ្ឋអ៊ុយក្រែនអាចធ្វើដំណើរទៅកាន់កន្លែងនានានៅក្នុងប្រទេសអ៊ុយក្រែនរបស់ខ្លួន»។ មន្ត្រីនោះបានបញ្ជាក់ឡើងវិញថា «សហរដ្ឋអាមេរិក នឹងមិនចូលពាក់ព័ន្ធខាងយោធានៅក្នុងការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែននោះទេ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសការហាមឃាត់ការនាំចូលប្រេងនិងថាមពលផ្សេងទៀតមកពីប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងការសងសឹកចំពោះការឈ្លានពានអ៊ុយក្រែន។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖ «យើងនឹងមិនមែនជាផ្នែកមួយនៃការជួយឧបត្ថម្ភប្រាក់សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Putinធ្វើសង្គ្រាមនោះទេ»។
ក្នុងសារតាម Twitter កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងអំណរគុណលោកប្រធានាធិបតី Biden ចំពោះ«ការវាយប្រហារក្បាលម៉ាស៊ីនសង្គ្រាមរបស់លោក Putin» ជាមួយនឹងការដាក់បម្រាមការនាំចូលប្រេងរុស្ស៊ីមកកាន់អាមេរិក។
លោកZelensky បានទទួលការអបអរសារទយ៉ាងខ្លាំងពីសមាជិកសភាអង់គ្លេសនៅពេលដែលលោកបានធ្វើសន្ទរកថាប្រកបដោយភាពក្លាហានតាមវីដេអូ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបន្ទរតាមមេដឹកនាំអង់គ្លេសក្នុងសម័យសង្គ្រាមលោកលើកទី២លោក Winston Churchill នៅពេលដែលលោកបានសន្យា«ប្រយុទ្ធតាមសមុទ្រនិងអាកាស។ យើងនឹងបន្តប្រយុទ្ធដើម្បីទឹកដីរបស់យើង ទោះជាខាតបង់ប៉ុន្មានក៏ដោយ»
លោកប្រធានាធិបតី Biden បានធ្វើការជាមួយសម្ព័ន្ធមិត្តនៅអឺរ៉ុបដែលបានពឹងផ្អែកយ៉ាងខ្លាំងលើប្រេងរបស់រុស្ស៊ីដើម្បីធ្វើឲ្យប្រធានាធិបតីរុស្ស៊ីស្ថិតក្នុងភាពឯកោ ហើយសេដ្ឋកិច្ចរុស្ស៊ីដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញប្រេងនិងឧស្ម័ននោះ មានការប៉ះពាល់៕
អ្នកយកព័ត៌មានរបស់វីអូអេអ្នកស្រី Katherine Gypson អ្នកយកព័ត៌មានខាងសន្តិសុខជាតិរបស់វីអូអេលោក Jeff Seldin អ្នកយកព័ត៌មានបរទេសនៅក្រុងអ៊ីស្តង់ប៊ុលលោក Heather Murdock និងអ្នកយកព័ត៌មានជាន់ខ្ពស់ខាងការទូតរបស់វីអូអេអ្នកស្រី Cindy Saine បានរួមវិភាគទានដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press, AFP និង Reuters។