ក្រុមមេដឹកនាំសហជីពនៅប្រទេសកម្ពុជាឲ្យដឹងអំពីការបារម្ភរបស់អ្នកបញ្ជាទិញនៅពេលជំងឺកូវីដ១៩បានរាតត្បាតកាន់តែខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនបន្ទាប់ពីរាជធានីភ្នំពេញដែលកាលពីពេលថ្មីៗនេះមានការបន្ធូរបន្ថយវិធានការបិទខ្ទប់ដើម្បីទប់ទល់នឹងការឆ្លងជំងឺរលាកផ្លូវដង្ហើមនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរបានរាយការណ៍ឲ្យដឹងអំពីកម្មករនៅតាមរោងចក្រដែលត្រូវរកឃើញថាមានជំងឺកូវីដ១៩ជាបន្តបន្ទាប់។ គេមិនទាន់ដឹងច្បាស់ទេថាមានកម្មកររោងចក្រសរុបប៉ុន្មាននាក់ដែលបានឆ្លងជំងឺកូវីដ១៩រហូតមកដល់ពេលនេះហើយថា តើមានរោងចក្រប៉ុន្មានដែលបានផ្អាកដំណើរការដោយសារតែការវាយប្រហាររបស់ជំងឺកូវីដ១៩។
មេដឹកនាំសហភាពការងារកម្ពុជាលោកអាត់ ធន់ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថាមានប្រតិកម្មផ្សេងៗពីតំណាងនិយោជកនិងអ្នកបញ្ជាទិញធំៗអំពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅតាមបណ្តាខេត្តដោយខាងភាគីអ្នកបញ្ជាទិញបង្ហាញការស្ទាក់ស្ទើរក្នុងការទិញទំនិញបន្ថែមខណៈខាងភាគីនិយោជកថា ការផ្គត់ផ្គង់ទំនិញគួរតែបន្តមានពីប្រទេសកម្ពុជាជាមួយនឹងវិធានការទប់ស្កាត់ការឆ្លងជំងឺនេះ។
លោកថ្លែងថា៖ «កន្លងមកគឺអ្នកបញ្ជាទិញគឺគេបារម្ភអំពីបញ្ហាដែលវាកើតមានសម្រាប់ខាងកម្មករហ្នឹង ហើយគេពិបាកនៅក្នុងការពន្យល់ទៅដល់ខាងនិយោជកថា គេបន្តទិញ ឬយ៉ាងម៉េចទេ ដោយសារតែព្រោះកាលណាគេទិញហាក់បីដូចជាគេហ្នឹងជំរុញឲ្យមានការដូចថា ការឆ្លងអ៊ីចឹង»។
លោកបន្ថែមថា៖«ប៉ុន្តែបើគេមិនទិញការងារអត់មាន។ កម្មករមានបញ្ហា។អានោះគឺមានបញ្ហាទាំងអស់គ្នា។ ប៉ុន្តែអ្វីដែលយើងចង់ដឹងគឺអ្នកបញ្ជាទិញគឺចង់បានមានការចាក់វ៉ាក់សាំងហើយមានកន្លែងណាដែលមានសុវត្ថិភាពច្រើនជាងកន្លែងដែលមានការឆ្លង។ ប៉ុន្តែយើងក៏អត់ឃើញអ្នកបញ្ជាទិញហ្នឹងគាត់បានផ្តល់នូវប្រាក់ឧបត្ថម្ភអីផ្សេងៗនៅអំឡុងពេលកូវីដអីហ្នឹងទេគឺថានៅអត់ទាន់មានការផ្តល់អីជាក់លាក់ទេបាទ»។
កម្ពុជាជាទីកន្លែងផ្គត់ផ្គង់ទំនិញដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ទូទៅនិងកីឡាម៉ាកល្បីៗមួយចំនួនដូចជា H&M, Adidas និង Nike ជាដើម។
លោកប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាថ្លែងថា ខាងភាគីអ្នកបញ្ជាទិញបានឲ្យដឹងអំពីការបារម្ភរបស់ពួកគេចំពោះស្ថានភាពកម្មករដែលតោងឲ្យអាជ្ញាធរត្រូវបង្កើនវិធានការសុខាភិបាលចាំបាច់សម្រាប់ទប់ស្កាត់ការឆ្លងរាតត្បាតនិងបង្កើនការចាក់វ៉ាក់សាំងជូនកម្មករ។
បើតាមលោកប៉ាវ ស៊ីណា អ្នកបញ្ជាទិញអាចបន្ថយការទិញទំនិញរបស់ខ្លួន ប្រសិនបើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩នៅតាមរោងចក្រមិនថមថយចុះនោះ។
លោកថ្លែងថា៖ «គេមិនលើកឡើងទេប៉ុន្តែយើងអាចមើលឃើញ។ប្រសិនបើស្ថានភាពនេះវាកាន់តែរាលដាលខ្លាំងការបញ្ជាទិញគេអាចត្រូវបានបន្ថយឬក៏អាចត្រូវបានផ្អាកប្រសិនបើរោងចក្រនីមួយៗត្រូវបានរកឃើញ[ថា មានជំងឺរាតត្បាត]។ ដូច្នេះ តែកាលណារោងចក្ររកឃើញ[ថា មានជំងឺរាតត្បាត] កម្មករត្រូវបានផ្អាកការងារ។ដូច្នេះកាលណាផ្អាក វាធ្វើឲ្យទំនិញយើងវាស្ទះ។កាលណាស្ថានភាពកាន់តែផ្ទុះខ្លាំង អ៊ីចឹងការកុម្ម៉ង់នឹងមានការផ្អាកហើយ»។
កាសែតកម្ពុជាថ្មីបានរាយការណ៍ថាកាលពីថ្ងៃទី២៤ ខែឧសភាអាជ្ញាធរមានសមត្ថកិច្ចបានបិទខ្ទប់គោលដៅចំនួន១៤នៅម្តុំផ្សារព្រៃ ទាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក្រោមហេតុផលថាកម្មករប្រមាណជាង១០០នាក់ក្នុងរោងចក្រH7ឆ្លងជំងឺកូវីដ១៩ហើយមានអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
កាលពីថ្ងៃពុធម្សិលមិញរដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីបំភ្លឺដល់សាធារណជនពាក់ព័ន្ធនឹងការផ្អើលឆោឡោរបស់ក្រុមកម្មករនៅរោងចក្រដំឡើងទោចក្រយានអេ អេន ជេ (ខេមបូឌា)ក្នុងក្រុងបាវិត ខេត្តស្វាយរៀងក្រោយកម្មករចំនួន៥៥នាក់ត្រូវរកឃើញថាមានជំងឺកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តបង្ហាញអត្តសញ្ញាណនៃអ្នកដែលបានឆ្លងជំងឺកូវីដ១៩ក្នុងនោះក៏មានឈ្មោះកម្មករធ្វើការនៅតាមរោងចក្រស្ថិតក្នុងខណ្ឌមួយចំនួនដូចជាខណ្ឌសែនសុខ ពោធិ៍សែនជ័យឫស្សីកែវ កំបូលនិងខណ្ឌមានជ័យជាដើម។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីក្រុមហ៊ុនបញ្ជាទិញធំៗមួយចំនួនដូចជា H&M បាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។
វីអូអេក៏មិនទាន់អាចសុំការអធិប្បាយពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)គឺលោកខេន លូបានដែរដោយសារលោកលើកទូរស័ព្ទរួចដាក់ចុះវិញ។
អ្នកនាំពាក្យក្រសួងការងារលោកហេង សួរមិនឆ្លើយតបសំណួរដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងWhatsAppទេ។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងគឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០ម៉ឺននាក់ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ៕