ធនាគារអភិវឌ្ឍន៍អាស៊ីADB នៅថ្ងៃពុធនេះ បានព្យាករសន្ទុះសេដ្ឋកិច្ចកម្ពុជាថានឹងកើនក្នុងអត្រា៤%ក្នុងឆ្នាំ២០២១ តែបានក្រើនរំឭកថាកំណើនជាក់ស្ដែងក៏អាស្រ័យផងដែរលើស្ថានភាពផ្ទុះឆ្លងកូវីដ១៩ក្នុងសហគមន៍ ដែលកំពុងគំរាមទាំងជីវិតនិងសេដ្ឋកិច្ច។
នេះជាការព្យាករមួយនៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី(ADO)ឆ្នាំ២០២១ ដែលរាល់តួលេខនិងការប្រមូលធាតុចូល គិតត្រឹមស្ថានភាពដំណាច់ត្រីមាសទីមួយឬថ្ងៃទី៣១ ខែមីនា កន្លងទៅ ពោលគឺមុនពេលមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ
របាយការណ៍បញ្ជាក់ថា៖ «ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មធំៗនឹងជួយទ្រទ្រង់នូវតម្រូវការខ្លាំងនៃផលិតផលសម្រេចនាំចេញរបស់កម្ពុជា និងលំហូរការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេស»។
កំណើនសេដ្ឋកិច្ចកម្ពុជា៤%សម្រាប់ឆ្នាំ២០២១នេះ ជាការកើនផ្លាតត្រឡប់ពីការធ្លាក់ចុះក្នុងអត្រា -៣,១% កាលពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមADB។
ADBបានឱ្យដឹងបន្ថែមថាវិស័យឧស្សាហកម្ម-កម្មន្តសាលអាចមានសន្ទុះជាងគេ ដោយរំពឹងថាកើនក្នុងអត្រា៧,១% ដោយសារការងើបមកវិញនៃផលិតកម្មវាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរនិងឧស្សាហកម្មធុនស្រាលដទៃទៀត។
វិស័យកសិកម្មត្រូវបានADBព្យាករថានឹងកើនក្នុងអត្រា១,៣% ដោយសារការសម្រុកដាំដុះក្រោយទឹកជំនន់ចុងឆ្នាំ២០២០ កំណើនសកម្មភាពវារីវប្បកម្មចិញ្ចឹមមច្ឆាជាតិ និងកំណើនការនាំកសិផលចេញទៅប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចុះហត្ថលេខាកាលពីចុងឆ្នាំមុន។
ADBបន្តថាវិស័យសេវាកម្ម មានកំណើន៣,៣% ជាមួយការងើបយឺតនៃវិស័យទេសចរណ៍។
លោក ឌួង ពូលឡង់ មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃការិយាល័យADBប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងសន្និសីទអនឡាញមួយ កាលពីព្រឹកថ្ងៃពុធថា៖
«វិស័យកម្មន្តសាលស្ថិតក្នុងទីតាំងនៃកំណើនរឹងមាំ តែការបន្តបិទព្រំដែននិងភាពទន់ខ្សោយដែលចេះតែបន្តក្នុងវិស័យសំណង់និងអចលនទ្រព្យនឹងពន្យឺតល្បឿននៃការងើបឡើងមកវិញរបស់សេដ្ឋកិច្ច»។
លោក ពូលឡង់ បានបន្ថែមដែរថាការប្រមូលចំណូលរបស់រដ្ឋនៅឆ្នាំ២០២១ នេះអាចនឹងមានអត្រាទាបជាងការរំពឹងទុក ទល់នឹងការចំណាយរបស់រដ្ឋកើនឡើង ក្នុងការប្រយុទ្ធនឹងកូវីដ១៩ ជាពិសេសចំណាយអំឡុងពេលបិទខ្ទប់រាជធានី និងផ្នែកផ្សេងទៀតរបស់ប្រទេសនេះតែម្ដង។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះដែរថារោងចក្រកាត់ដេរយ៉ាងតិច២០៦ នៅ៧រាជធានីខេត្ត រងផលប៉ះពាល់ផ្ទាល់ពីការផ្ទុះឆ្លងនៃកូវីដ១៩ ក្នុងនោះមានកម្មករប្រមាណ១.៧០០នាក់ មានតេស្ដវិជ្ជមានជំងឺ។ លើសពីនេះ ជាង១ម៉ឺន៧ពាន់នាក់ផ្សេងទៀត ត្រូវជាប់ធ្វើចត្តាឡីស័កចាប់តាំងពីការផ្ទះជំងឺកូវីដ១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះបន្តថាស្ថាប័នពាក់ព័ន្ធកំពុងជំរុញវិស័យនេះឱ្យដំណើរការឡើងវិញ តាមរយៈជម្រើសការចាក់វ៉ាក់សាំង ការឆ្លាស់វេនគ្នាធ្វើការនិងការទទូចឲ្យអ្នកបញ្ជាទិញនៅក្រៅស្រុក កុំឱ្យផ្លាស់ប្ដូរប្រភពនៃការផ្គត់ផ្គង់ពីកម្ពុជាទៅប្រទេសដទៃ។
រោងចក្រកាត់ដេរនៅតាមបណ្ដាខេត្តមិនទាន់ប្រឈមនឹងការដាក់ក្នុងកម្រិតការឆ្លងរាលដាល។ «តំបន់លឿង» ដែលមានហានិភ័យទាប នៅរាជធានីភ្នំពេញ គ្រោងនឹងដំណើរការបណ្ដើរៗឡើងវិញ ចាប់ពីចុងខែមេសានេះទៅ។ នេះបើយោងតាមលោក ហេង សួរ។
លោក David Freedman សេដ្ឋវិទូADBប្រចាំប្រទេសកម្ពុជា និយាយថាបញ្ហាគន្លឹះនៃផលប៉ះពាល់នៃការបិទខ្ទប់និងការឆ្លងគំហុកនៃកូវីដ១៩ក្នុងខែមេសានេះ ទៅលើតួលេខដែលព្យាករខាងលើ អាស្រ័យលើការគ្រប់គ្រងស្ថានការណ៍ឆ្លងនិងល្បឿនងើបឡើងវិញក្រោយការបិទខ្ទប់។
លោកបន្ថែមថា៖ «ទស្សនៈរបស់យើងនោះគឺថាវាពិតណាស់នឹងអាចទៅរួច ជាមួយការងើបមកវិញយ៉ាងឆាប់រហ័ស ក្រោយបិទខ្ទប់ ជាមួយការពង្រាយចាក់វ៉ាក់សាំង ការព្យាករកំណើនខាងលើនេះនឹងមិនរងផលប្រែប្រួលអ្វីជាដុំកំភួនឡើយពីសំណាក់ការផ្ទុះឆ្លងនាពេលបច្ចុប្បន្ននេះ។ តែឥឡូវនេះ ពិតជាពិបាកស្មាន ដោយវាត្រូវអាស្រ័យលើស្ថានការណ៍ពីមួយខែទៅពីរខែខាងមុខ»។
លោក Freedman ក៏សម្ដែងក្ដីបារម្ភផងដែរអំពីបន្ទុកជំពាក់បំណុលរបស់គ្រួសារនានា អំឡុងពេលបិទខ្ទប់និងឆ្លងកូវីដនេះ ដែលពួកគេមានចំណូលធ្លាក់ចុះ ឬបាត់បង់តែម្ដង ខណៈត្រូវការប្រាក់ ដើម្បីសងបំណុលផង និងដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផង។
វីអូអេមិនទាន់អាចទាក់ទង លោក មាស សុខសេនសាន អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ដើម្បីសុំការសម្ភាសបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។
របាយការណ៍របស់ADB ក៏បានគូសបញ្ជាក់ថាបំណុលមិនដំណើរការនិងបំណុលដែលសងមិនបាន ដែលវានឹង«គំរាមកំហែងដល់ស្ថិរភាពនៃវិស័យ»ធនាគារនិងមីក្រូហិរញ្ញវត្ថុ។
អ្នកជំនាញADB ក៏បានអង្កេតពីការឡើងថ្លៃនៃតម្លៃម្ហូបអាហារ អំឡុងពេលផ្ទុះឆ្លងនិងបិទខ្ទប់នេះ តែរបាយការណ៍លើកឡើងថាអតិផរណាសម្រាប់ឆ្នាំ២០២១នេះ នឹងមានអត្រា៣,១% ។
ការព្យាកររបស់ADBថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៤%នេះ ត្រូវនឹងតួលេខព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប៉ាន់ប្រមាណក្នុងអត្រាដូចគ្នា តែស្ថាប័នទាំងពីរសុទ្ធតែបានវាយតម្លៃ នៅមុនការផ្ទុះឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕