នៅក្រោយពេលដែលសហរដ្ឋអាមេរិកបានធូរស្រាលពីជំងឺកូវីដ១៩ហើយបើកទ្វារការិយាល័យនានាក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្រុមមន្ត្រីការទូតកម្ពុជាប្រចាំក្នុងរដ្ឋធានីវ៉ាស៊ីនតោនដឹកនាំដោយលោកឯកអគ្គរាជទូតជុំ ស៊ុនរី នៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះបានចាប់ផ្តើមជំនួបនានាជាមួយសមាជិកសភាសហរដ្ឋអាមេរិកនិងមន្ត្រីសហរដ្ឋអាមេរិកដើម្បីពិភាក្សាបញ្ហានានាជាពិសេសលើការបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ក្រោយពេលអស់សុពលភាពនៅចុងឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់ជាផ្លូវការពីស្ថានទូតតាមសារអេឡិចត្រូនិកតេឡេក្រាម នៅពេល VOA បានសុំការបំភ្លឺពីលោកឯកអគ្គរាជទូតកម្ពុជាជុំ ស៊ុនរី តាមរយ:សារអ៊ីមែល។
នៅក្នុងសារដដែលជាភាសាអង់គ្លេសដែលបកប្រែក្រៅផ្លូវការបានបញ្ជាក់ថាលោកឯកអគ្គរាជទូតបានពិភាក្សាអំពីការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីជាមួយអ្នកស្រី Carol Miller សមាជិកសភាមកពីរដ្ឋ West Virginia នៃអនុគណ:កម្មការ Ways and Means Trade Subcommitteeទទួលបន្ទុកកិច្ចការត្រួតពិនិត្យគោលនយោបាយពន្ធទាំងអស់។
សារដដែលបានបន្ថែមសេចក្តីថា៖ «ការផ្លាស់ប្តូរយោបល់និងកិច្ចពិភាក្សាបានផ្តោតជាសំខាន់លើបញ្ហាលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិកនិងការបន្តប្រព័ន្ធអនុគ្រោះពន្ធGSPរបស់អាមេរិក»។
ជំនួបនេះបានធ្វើឡើងនៅឯវិមានរដ្ឋសភាកាលពីថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១។
ដោយឡែកលោកឯកអគ្គរាជទូតកម្ពុជាដដែលកាលពីថ្ងៃទី២៨ខែកក្កដា នៅសប្តាហ៍ដដែលនេះ បានជួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាក្នុងក្រសួងការបរទេសអាមេរិកដោយផ្តោតទៅលើទំនាក់ទំនងទ្វេភាគីផងដែរ។ ជំនួបនេះត្រូវបានបញ្ជាក់ដោយក្រុមមន្ត្រីកម្ពុជានិងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំទំនិញដ៏ធំជាងគេបំផុតមួយសម្រាប់កម្ពុជា។ នៅក្នុងឆ្នាំ២០២០កម្ពុជាបាននាំទំនិញចូលសហរដ្ឋអាមេរិកក្នុងទំហំជាទឹកប្រាក់ចំនួន៦,៥ពាន់លានដុល្លារដែលភាគច្រើនជាផលិតផលសម្លៀកបំពាក់។ ក្នុងចំណោមនេះគឺទំនិញក្នុងទំហំទឹកប្រាក់ប្រមាណ១.០០០លានដុល្លារបានរួចពន្ធក្រោមកម្មវិធីពន្ធអនុគ្រោះ GSP ដែលមានផលិតផលបម្រើដល់ការធ្វើដំណើរដែលមានដូចជាកាបូបនិងវ៉ាលីស។ នេះបើតាមស្ថិតិរបស់ការិយាល័យស្ថិតិរបស់សហរដ្ឋអាមេរិកនិងភាគីកម្ពុជា។
ប្រព័ន្ធ GSP របស់សហរដ្ឋអាមេរិកអនុញ្ញាតឲ្យប្រទេសដែលទទួលបានអាចនាំទំនិញចំនួន៥.០០០មុខចូលដោយមិនបង់ពន្ធឬបង់ពន្ធតិចតួចបំផុត។ អាមេរិកប្រើប្រព័ន្ធនេះដើម្បីជួយប្រទេសនានាអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់សិទ្ធិមនុស្សសិទ្ធិការងារនិងនីតិរដ្ឋ។
ពេលនេះកម្ពុជាកំពុងស្វះស្វែងរកការបន្តប្រព័ន្ធអនុគ្រោះពន្ធពីសហរដ្ឋអាមេរិកទៅមុខទៀតជាពិសេសស្វែងរកការគាំទ្រពីសភាសហរដ្ឋអាមេរិកក្នុងពេលកម្ពុជាប្រឈមនឹងការរិះគន់ពីសហរដ្ឋអាមេរិកនិង ការធ្វើសេចក្តីស្នើច្បាប់លេខ H.R. 4686 ហៅថា Cambodia Democracy Act ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញនិងដើម្បីបន្តដាក់ទណ្ឌកម្មដល់មន្ត្រីកម្ពុជាដែលធ្វើឲ្យខូចខាតលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ សេចក្តីស្នើច្បាប់ដែលរៀបចំឡើងវិញដោយលោកសមាជិកសភា Steve Chabot មកពីរដ្ឋ នេះបានត្រូវអនុម័តជាឯកច្ឆន្ទដោយគណ:កម្មការការបរទេសនៃសភាអាមេរិកកាលពីថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីបានខកខានកាលពីឆ្នាំ២០២០មិនបានអនុម័តដោយព្រឹទ្ធសភានិងមិនបានទៅដល់តុប្រធានាធិបតីដើម្បីចុះហត្ថលេខាក្លាយជាច្បាប់ទេកន្លងមក។ ក្រុមមន្ត្រីនាំពាក្យបីរូបរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាមិនអាចទាក់ទងបានទេដោយទូរសព្ទគ្មានអ្នកទទួលនិង សារសំឡេងខ្លះបញ្ជូនទៅក៏គ្មានការឆ្លើយតបមកវិញនៅពេលវីអូអសុំការបំភ្លឺពីបញ្ហានាចេញនិងបញ្ហា GSP។
ក្រុមមន្ត្រីការិយាល័យអ្នកស្រី Carol Miller សមាជិកសភាដែលបានទទួលជួបជាមួយលោកឯកអគ្គរាជទូតកម្ពុជាជុំ ស៊ុនរី មិនទាន់មានការឆ្លើយតបនឹងសំណួររបស់ VOA នៅឡើយទេថាតើអ្នកស្រីគាំទ្រការបន្តប្រព័ន្ធអនុគ្រោះGSPដល់កម្ពុជាឬយ៉ាងណាដោយបុគ្គលិកម្នាក់បានអះអាងថានឹងបញ្ជូនសំណួររបស់VOAទៅកាន់ផ្នែកព័ត៌មាននៅពេលទទួលបានសារអ៊ីមែលរបស់ VOA។
ទោះជាយ៉ាងណាលោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានប្រាប់ VOA តាមសារអ៊ីមែលថា សភាសហរដ្ឋអាមេរិកមិនបានផ្តល់ឡើងវិញនូវកម្មវិធីអនុគ្រោះពន្ធ GSPមុនឆ្នាំដែលផុតសុពលភាពកាលពីថ្ងៃទី៣១ខែធ្នូនោះទេ។
លោកបានថ្លែងតាមខ្លឹមសារដើមថា៖ «សភាសហរដ្ឋអាមេរិកនឹងសម្រេចលើបញ្ហាថា តើត្រូវបន្តការអនុញាតឲ្យមានប្រព័ន្ធអនុគ្រោះពន្ធ GSP ឬយ៉ាងណា»។
លោកបន្តថា៖ «ការទទួលបានការនាំចូលទៅកាន់ទីផ្សារអាមេរិកតាមរយ:ការសម្របសម្រួលទៅតាមប្រព័ន្ធអនុគ្រោះពន្ធ GSP ជួយបង្កើតឲ្យមានការរីកចម្រើនទំនាក់ទំនងពាណិជ្ជកម្មរវាងមុខជំនួញនានារបស់សហរដ្ឋអាមេរិកនិងកម្ពុជា»។
នៅពេលសួរពីឧបសគ្គនានាចំពោះការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិកលោក Chad Roedemeier នៃស្ថានទូតអាមេរិកដដែលបានលើកឡើងថា៖ «យើងព្រួយបារម្ភអំពីការខ្វះលំហនយោបាយក្នុងប្រទេសកម្ពុជាការរឹតត្បិតសិទ្ធិមនុស្សសេរីភាពជាមូលដ្ឋាន និងសិទ្ធិការងារ»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាពុំបានឆ្លើយតបទៅនឹងសំណួរVOAរឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទេដោយបង្វែរសំណួរទៅខាងផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលតែចំពោះផ្នែកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាលោកបានបញ្ជាក់ប្រាប់ VOA តាមប្រព័ន្ធផ្ញើសារតេឡេក្រាមថា៖ «ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅតែស្ថិតក្នុងកម្រិតល្អជាធម្មតាហើយថ្មីៗនេះឯកអគ្គរាជទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានជួបឯកឧត្តម Patrick Murphyឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនានា»។
លោកមិនបានបញ្ជាក់លម្អិតនោះទេចំពោះជំនួបរវាងអ្នកការទូតទាំងពីររូបដូចគ្នានឹងការបញ្ជាក់យ៉ាងខ្លីរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកដែរ។
ប្រទេសកម្ពុជាដែលភាគច្រើននាំផលិតផលសម្លៀកបំពាក់និងសម្ភារ:ផ្សេងៗផលិតដោយកម្មកររោងចក្រយ៉ាងតិច៨០ម៉ឺននាក់នោះត្រូវការទីផ្សារសហរដ្ឋអាមេរិកដែលមិនយកពន្ធលើមុខទំនិញកម្ពុជាជាពិសេសចំពោះវិស័យកាត់ដេរដែលជាវិស័យសំខាន់មួយក្នុងចំណោម៤ទ្រទ្រង់សេដ្ឋកិច្ចប្រទេសក្រៅពីវិស័យសំណង់ ទេសចរណ៍និងកសិកម្ម៕