បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្សព្វផ្សាយក្រមសីលធម៌អ្នកសារព័ត៌មានសម្រាប់ការបោះឆ្នោត ដោយមានហាមអ្នកសារព័ត៌មានមិនឲ្យធ្វើសកម្មភាពជាច្រើនចំណុច ព្រមទាំងមានភ្ជាប់នូវទោសបញ្ញត្តិផង គេឃើញស្ថាប័នអន្តរជាតិមួយចំនួនបានប្រតិកម្ម ថាជាការរិតត្បិតសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន។ នៅសប្តាហ៍នេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានប្រកាសឱ្យមានការឆ្លើយតបទៅនឹងទង្វើរនេះផងដែរ។ យ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចលើកឡើងថា រដ្ឋាភិបាលអនុវត្តតាមច្បាប់ដើម្បីគ្រប់គ្រងភាពមិនប្រក្រតីណាមួយក្នុងពេលបោះឆ្នោត។
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ជំរុញឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរបបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយថា រដ្ឋាភិបាលកម្ពុជាកំពុងបញ្ចេញសកម្មភាពរឹតត្បិតថ្មីៗលើអ្នកកាសែត មុនពេលការបោះឆ្នោតឈានចូលមកដល់។
បើតាមសេចក្តីថ្លែងការណ៍របស់អ្នកកាសែតគ្មានព្រំដែន ចេញលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនានេះបញ្ជាក់ថា អ្នកកាសែតគ្មានព្រំដែន ថ្កោលទោសរដ្ឋាភិបាលកម្ពុជាចំពោះការរឹតត្បិតថ្មីៗទៀតលើអ្នកកាសែត ខណៈការបោះឆ្នោតខិតជិតចូលមកដល់ តាមរយៈការបង្កើតក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សេចក្តីថ្លែងការណ៍នោះបន្តថា ក្រមសីលធម៌អ្នកសារព័ត៌មានសម្រាប់ការយកព័ត៌មានការបោះឆ្នោត ដែលត្រូវបានផ្សព្វផ្សាយដោយ គ.ជ.ប នាដើមខែមិថុនានេះ ជាការរំលោភបំពានសិទ្ធិសេរីភាពសារពត៌មាន ដ៏គួរឲ្យភ្ញាក់ផ្អើល។
លោក Daniel Bastard ប្រធានផ្នែករបស់អ្នកកាសែតគ្មានព្រំដែនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះតាមន័យដើមថា៖
«ក្រមសីលធម៌នេះប្រើប្រាស់ភាសាផ្តាច់ការ ដែលរំឮកពីពេលវេលាដ៏អាក្រក់បំផុតនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា»។
លោក Daniel បញ្ជាក់បន្ថែមថា៖
«ដៃគូពាណិជ្ជកម្មរបស់កម្ពុជាដែលចាប់ផ្តើមពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន ត្រូវតែធ្វើសេចក្តីសន្និដ្ឋានដោយជៀសមិនផុត ដើម្បីដាក់ទណ្ឌកម្មឲ្យបានឆាប់រហ័ស ទៅលើអ្នកដែលទទួលខុសត្រូវចំពោះស្ថានភាពមហន្តរាយនេះ»។
កម្ពុជាគ្រោង រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដោយគ្មានគណបក្សសង្គ្រោះជាតិ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅដើមខែមិថុនានេះ បានផ្សព្វផ្សាយក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត ដោយមានការហាមប្រាមអ្នកសារព័ត៌មានមិនឲ្យធ្វើសកម្មភាពជាច្រើនចំណុច ព្រមទាំងមានភ្ជាប់នូវទោសបញ្ញត្តិផង។
ក្នុងចំណុចទី៦ ដែលចែងពីបម្រាមចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងក្រមសីលធម៌នោះរួមមាន អ្នកសារព័ត៌មានត្រូវបានហាមមិនឲ្យផ្សព្វផ្សាយព័ត៌មានណាដែលធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ការផ្សព្វផ្សាយព័ត៌មានដោយសម្អាងលើពាក្យចចាមអារ៉ាម ឬព័ត៌មានដែលពុំមានភស្តុតាងបញ្ជាក់ ការបោះពុម្ពផ្សាយ ឬចែកចាយព័ត៌មានណា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែលបង្កឲ្យមានការភ័យខ្លាច ឬបង្កជាអំពើហិង្សាណាមួយកើតឡើង ការបោះពុម្ពផ្សាយឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម និងការបញ្ចេញបញ្ចូលទស្សនៈផ្ទាល់ខ្លួន ឬក៏ធ្វើបុរេវិនិច្ឆ័យនៅក្នុងហេតុការណ៍កំពុងកើតមានដែលខ្លួនធ្វើសេចក្តីរាយការណ៍ជាដើម។
ក្នុងក្រមសីលធម៌នោះ ក៏មានស្រង់ទោសបញ្ញត្តិក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តត្រង់មាត្រា ១៤២ ដែលចែងពីការផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិតដូចជា ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត ការធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និងការបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតទៅបានជាដើម។
កាលពីពាក់កណ្តាលខែមិថុនានេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបង្ហាញការបារម្ភពីការបង្រ្កាបសារព័ត៌មាននៅកម្ពុជានាមុនការបោះឆ្នោតនិងថា ក្រមសីលធម៌អ្នកសារព័ត៌មាន ដែលបង្កើតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចនាំឲ្យមានការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំង និងផ្ទុយទៅនឹងបទដ្ឋានអន្តរជាតិ។
VOA បានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្រ្តី លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែរហូតមកដល់ល្ងាចថ្ងៃសុក្រនេះ មិនមានការឆ្លើយតបនៅឡើយ។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាផងនោះ ប្រាប់ VOA ថា រដ្ឋាភិបាលអនុវត្តទៅតាមច្បាប់ មិនបានបំពានលើអង្គការ ឬស្ថាប័នណាមួយនោះទេ។ លោកបន្ថែមថា ក្រមសីលធម៌អ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប គឺធ្វើឡើងដើម្បីធានាឲ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
«កន្លងទៅនេះគឺ គ.ជ.ប ទេជាអ្នកចេញក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីធ្វើម៉េចឲ្យដំណើរការបោះឆ្នោតហ្នឹងវាប្រព្រឹត្តទៅដោយរលូន ជៀសវាងអ្នកសារព័ត៌មានហ្នឹងឆ្លៀតឱកាសដោយសារនិន្នាការនយោបាយ ឬលម្អៀងខាងនយោបាយ វាយតម្លៃសភាពការណ៍មិនត្រឹមត្រូវ ដែលវាផ្ទុយអំពីគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលគេហាម»។
ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែនដដែលនោះបន្ថែមថា ការលក់កាសែតភ្នំពេញប៉ុស្តិ៍ដែលជាកាសែតឯករាជ្យចុងក្រោយរបស់ប្រទេសកម្ពុជា ទៅកាន់អ្នកជំនួញជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានទំនាក់ទំនងជាមួយលោក ហ៊ុន សែន កាលពីខែឧសភា គឺជាការបញ្ចប់ភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា។
នៅខែសីហា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានបិទស្ថានីយវិទ្យុជាង៣០ និងកាសែតឌឹខេមបូឌាដេលី ដែលជាកាសែតមួយតែងជំរុញលទ្ធិប្រជាធិបតេយ្យខ្មែរអស់រយៈពេលបីទសវត្ស។ អ្នកសារព័ត៌មានបីនាក់គឺលោក អ៊ួន ឈិន លោក យាង សុធារិន និងលោក Jame Ricketson បានជាប់ចោទពីបទធ្វើចារកម្ម និងត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនខែនៅក្នុងពន្ធនាគារព្រៃស។
កម្ពុជាស្ថិតក្នុងលំដាប់ទី១៤២ ក្នុងចំណោមប្រទេស១៨០ នៃសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៨ របស់អ្នកកាសែតគ្មានព្រំដែន ដែលចំនួននេះធ្លាក់ចុះដល់ទៅ១០ដង ប្រៀបធៀបនឹងឆ្នាំ២០១៧៕