ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​និង​មន្ត្រី​បក្ស​ប្រឆាំង បារម្ភ​ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​ប្ដូរ​ម្ចាស់​ថ្មី


ច្រកចូល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែលឥឡូវមានឈ្មោះថា Post Media។
ច្រកចូល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែលឥឡូវមានឈ្មោះថា Post Media។

យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ឲ្យដឹង​ថា​ លោក Sivakumar បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​បញ្ជាក់​ភាព​ជា​ម្ចាស់​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ នឹង​តម្កល់​ទុក​កេរដំណែល​រយៈពេល​​២៦​ឆ្នាំ​របស់​កាសែត​នេះ​ និង​គោលការណ៍​និពន្ធ​ ក៏​ដូចជា​ឯករាជ្យ​ភាព​ដោយ​គ្មាន​ការ​បំពាន​ច្បាប់​និង​បទបញ្ញត្តិ​ទាំងឡាយ​របស់​កម្ពុជា។

ប្រតិកម្ម​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​ការ​បណ្ដេញនិពន្ធ​នាយក​របស់​កាសែត​ដែល​គេ​ជឿ​ថា​ជា​កាសែត​ឯក​រាជ្យចុងក្រោយ​របស់​កម្ពុជានោះ​ បាន​បន្ត​កើតមាន​មក​ដល់​ថ្ងៃ​អង្គារ​នេះ។​ ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នក​នយោបាយ​មកពី​គណបក្ស​ប្រឆាំង​ផ្ដល់​ទស្សនៈ​ចម្រុះ​ចំពោះបើក​ទំព័រ​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ជាមួយ​នឹង​ម្ចាស់​ថ្មី​ ដែល​ជា​អ្នក​វិនិយោគទុន​សញ្ជាតិ​ម៉ាឡេស៊ី។​

​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​មុន​ បង្ហាញ​ការ​សោកស្ដាយ​ និង​ព្រួយ​បារម្ភ​ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ (The Phnom Penh Post ) ក្រោយ​ពី​កាសែត​ជា​ភាសា​អង់គ្លេស​វ័យ​ចំណាស់​នេះ​ ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​ជា​ជន​ជាតិ​ម៉ាឡេស៊ី​ ​ដែល​ធ្លាប់​បាន​ធ្វើ​ការ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​កាល​ពី​ពេល​កន្លង​មក​ ​តាម​រយៈ​ក្រុមហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយ​ឈ្មោះ​ថា​ Asia PR។

លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​នៅ​ថ្ងៃច័ន្ទ ទី ០៧ ខែឧសភា ឆ្នាំ២០១៨ ក្រោយពី​បម្រើ​ការងារ​ឲ្យ​កាសែត​នេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​នោះ។ (រូបថត៖ Alessandro Marazzi Sassoon)
លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​នៅ​ថ្ងៃច័ន្ទ ទី ០៧ ខែឧសភា ឆ្នាំ២០១៨ ក្រោយពី​បម្រើ​ការងារ​ឲ្យ​កាសែត​នេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​នោះ។ (រូបថត៖ Alessandro Marazzi Sassoon)

ការ​ប្ដូរ​ម្ចាស់​ថ្មី​នៃកាសែត​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចំណោម​អ្នកកាសែត​ដែល​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នានា​ ដោយ​ការ​បណ្ដេញ​ចេញ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​គឺ​លោក​កៃ​ គឹមសុង​ ដែល​បាន​បម្រើ​ការងារ​ឲ្យ​កាសែត​នេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​នោះ។​ ដោយ​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​មិន​សម​ហេតុ​ផល​មក​លើ​លោក​ កៃ គឹមសុង​ អ្នកកាសែត​ជាច្រើន​នាក់ផ្សេង​ទៀត​របស់​ស្ថាប័ន​ព័ត៌មាន​ដែល​គ្រប់​គ្រង​ដោយ​ម្ចាស់​មុន​គឺអ្នកវិនិយោគទុន​សញ្ជាតិ​អូស្ត្រាលី ក៏​បាន​លា​ឈប់​ពី​ការ​ងារ​របស់​ពួកគេ។​

រូបឯកសារ៖ លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​កាត់​ទោស​សកម្មជន​បឹងកក់​គឺអ្នកស្រី ទេព វន្នី​ ថ្លែង​ទៅ​កាន់​អ្នកសារ​ព័ត៌មាន នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (VOA)
រូបឯកសារ៖ លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​កាត់​ទោស​សកម្មជន​បឹងកក់​គឺអ្នកស្រី ទេព វន្នី​ ថ្លែង​ទៅ​កាន់​អ្នកសារ​ព័ត៌មាន នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (VOA)

លោក​ ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​មាន​ការ​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នា​ពេល​ចុងក្រោយ​នេះ។​

«យើង​មានការ​សោកស្ដាយ​ ពីព្រោះ​ពួកគាត់​ យើង​មើល​ទៅ​ជា​អ្នក​ដែល​សារព័ត៌មាន​ ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ក្រម​សីលធម៌​ ហើយ​ជា​អ្នកសារព័ត៌មាន​មួយ​ ធ្វើ​ការ​ដោយ​ឯករាជ្យ។ អីចឹង​ យើង​មានការ​ស្ដាយ​ណាស់​ចំពោះ​ការ​បណ្ដេញ​ចេញ​ ក៏ដូចជា​ការ​លាឈប់​របស់​ពួកគាត់​ ពីព្រោះ​វា​ជា​សារៈសំខាន់​ណាស់​ ប្រជាពលរដ្ឋ​យើង​ត្រូវការ​ អ្នកសារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​ និង​ក្រម​សីលធម៌​ ជាពិសេស​គឺ​អ្នក​សរសេរ​ព័ត៌មាន​ដោយ​ឯករាជ្យ​នេះ​បាទ»។​

រូបឯកសារ៖ លោក​ មឿន តុលា​ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ (Central) និយាយ​ជាមួយ VOA​ នៅ​ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ អំពីភាពមិនប្រក្រតី​មួយចំនួន​តូចដែលកើត​មាន​នៅថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់។
រូបឯកសារ៖ លោក​ មឿន តុលា​ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ (Central) និយាយ​ជាមួយ VOA​ នៅ​ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ អំពីភាពមិនប្រក្រតី​មួយចំនួន​តូចដែលកើត​មាន​នៅថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់។

លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​ មាន​មន្ទិល​រឿង​ពន្ធដារ​របស់​កាសែត​មួយ​នេះ​ ដែល​បាន​ឈាន​ដល់​ការ​លក់​ដូរ និង​នាំ​ដល់​ការបណ្ដេញ​និពន្ធ​នាយក​ និង​អ្នកកាសែត​ពីរ​នាក់​ផ្សេង​ទៀត​របស់​កាសែត​ដែល​មានវ័យ​ចំណាស់​មួយ​នេះ។​ លោក​មានប្រសាសន៍ថា​ ការ​បណ្ដេញ​ចេញ​ ជា​ការ​កំណត់​ព្រំដែន​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​ ដែល​ជា​បន្ទុក​ធ្ងន់​មួយ​ដល់​អ្នកកាសែត ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ។​

លោក​ថ្លែង​ពី​ក្រៅ​ប្រទេស​កម្ពុជា​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ម​កថា៖​

«បើសិនជា​យើង​មើល​ឃើញ​ថា​ អា​អ្វី​ដែល​ជា​ចំណាត់​ការ​ថ្មីៗនេះ​ ដែល​ដេញ​និពន្ធ​នាយក​ហ្នឹង​ គឺ​ជា​ចំណុច​មួយ​ដែល​គួរ​ព្រួយបារម្ភ​ ព្រោះថា​អាការ​ដេញ​និពន្ធ​នាយក​នេះ​ ហាក់​ដូច​ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​ដល់​បុគ្គលិក​ឬ​ក៏​អ្នក​យក​ព័ត៌មាន​ទាំង​អស់​នៅ​ក្នុង​ភ្នំពេញ​ប៉ុស្តិ៍​ហ្នឹង​ ឲ្យ​ប្រយ័ត្នប្រយែង​ ហើយ​ធ្វើ​អី​បើ​មិន​អាច​ធ្វើតាម​វិជ្ជាជីវៈ​របស់​ខ្លួន​អី​បាន​ទេ។ អា​ហ្នឹងវា​ជា​ចំណុច​មួយ​យើង​គួរ​ព្រួយ​បារម្ភ​ដែរ»។

លោក​យល់ថា​ ​ជំហរ​ឯករាជ្យ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​កាល​ពី​កន្លង​មក​មានការ​ពិភាក្សា​គ្នា​រវាង​អ្នក​តាម​ដាន​ព័ត៌មាន​ថា​ ជា​កាសែត​ឯករាជ្យ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​គេ​នោះ​ នឹង​ត្រូវ​បាន​គេ​ចោទ​សួរ​ នៅក្រោយ​ការ​បណ្ដេញ​បុគ្គលិក​ដែល​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​ខ្លួនដោយ​គ្រាន់​តែ​ការ​ចេញ​អត្ថបទ​ទំព័រ​មុខ​មួយ​ដែល​ភ្ជាប់​ទំនាក់​ទំនង​រវាង​ម្ចាស់​ថ្មី​នៃកាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​មេដឹកនាំ​ប្រទេស​កម្ពុជា។

កាសែត​ឯករាជ្យ​មួយទៀត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣​ ដោយ​អ្នកកាសែត​សញ្ជាតិ​អាមេរិកាំង​ គឺ​កា​សែត​ The Cambodia Daily​ ​បាន​បង្ខំ​បិទទ្វារ​របស់​ខ្លួន​ ដោយ​មិន​អាច​ទ្រាំទ្រ​នឹង​សម្ពាធ​ប្រាក់​ពន្ធ​ចំនួន៦​លាន​៣​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

ម្ចាស់​កាសែតនេះ​ ធ្លាប់​អះ​អាង​ថា​ ប្រាក់​ពន្ធ​បាន​លេច​ឡើង​មក​ដោយ​មាន​ហេតុផល​នយោបាយ។​ កាសែត​ដែល​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​អ្នកកាសែត​ខ្មែរ​នេះ​ បាន​បិទ​ទ្វារ​ការិយាល័យ​របស់​ខ្លួន ដោយ​ការ​ចេញ​ផ្សាយ​អត្ថ​បទ​ទំព័រ​មុខ​បញ្ជាក់​ច្បាស់ៗ​ថា​ កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​របប​ផ្ដាច់​ការ​ពេញទំហឹង។

រូបឯកសារ៖ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ជាមួយអ្នកសារព័ត៌មាន​នៅ​ស្នាក់ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)
រូបឯកសារ៖ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ជាមួយអ្នកសារព័ត៌មាន​នៅ​ស្នាក់ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

លោក​ សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានរំលាយ​ ថ្លែង​អំពី​ការ​ប្រែប្រួល​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​

«យើង​ចង់​បាន​ប្រព័ន្ធ​ព័ត៌មាន​ដែល​ឯករាជ្យ។ យើង​ឃើញ​ហើយ​ក្រោយ​ពី​មាន​ការ​បិទ​ ឬ​ក៏​មាន​បញ្ហា​ រហូត​ដល់​បិទ​កាសែត​ Cambodia Daily ​ហើយនិង​វិទ្យុ​ផ្សាយ​ ដែល​យើង​ជឿ​ថា​ ជា​ប្រភព​នៃ​ការ​ផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ កន្លងមក​ហ្នឹង​ គឺ​មាន​ការ​រិះគន់​ថា​ ប្រទេស​កម្ពុជា​យើង​ គឺ​បាត់​បង់​នូវ​ភាព​ឯករាជ្យ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ​បើ​សិន​ណា​ជា​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​កន្លង​ទៅ​តែង​គិត​ថា​ ជា​សារ​ព័ត៌មាន​មួយ​ដែល​ផ្សព្វផ្សាយ​ទូលំទូលាយ ​អាច​ជា​ការ​ផ្សាយ​ដោយ​មិន​លម្អៀង ​ត្រូវ​បាន​ទិញ​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​នោះ​ ខ្ញុំ​ថា​ មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ ហើយ​ធ្វើ​ឲ្យ​ការ​រិះគន់​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​កាន់​តែ​អាក្រក់​ថែមទៀត​បាទ»។​

​អត្ថបទ​ដែល​នាំ​ដល់​ការ​បណ្ដេញ​លោក​ កៃ គឹមសុង​ ​ត្រូវ​បាន​ចេញ​ផ្សាយ​លើ​ទំព័រ​មុខ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​មាន​ដាក់​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា​ ​PR Firm linked to PM buys The Post​ ​ឬ​ជា​ភាសា​ខ្មែរ​ថា «ក្រុមហ៊ុន​ PR ​ដែល​មាន​ទំនាក់​ទំនង​នឹង​នាយក​រដ្ឋ​មន្ត្រី​ ទិញ​ឌឹ​ ប៉ុស្តិ៍»។​

សេចក្ដី​រាយការណ៍​នោះ​ ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ត្រូវ​បាន​លក់​ទៅ​ឲ្យ​លោក Sivakumar​ Ganapathy​ ​ដែល​ជា​វិនិយោគិន​សញ្ជាតិ​ម៉ាឡេស៊ី​ ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយ​ ​ដែល​កាល​ពី​ពេល​កន្លង​មក​ បាន​ធ្វើ​ការ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

​លោក​ ​Sivakumar​ ​បាន​ចេញ​សេចក្ដីប្រកាសទាត់​ចោល​ខ្លឹម​សារ​របស់អត្ថបទ​ទំព័រ​មុខ​ដដែល​នោះ។​ សេចក្ដី​ប្រកាស​របស់​លោក Sivakumar ​បាន​ធ្វើ​ឡើង​មួយថ្ងៃ​ មុន​ការ​បណ្ដេញ​លោក​ កៃ​ គឹមសុង​ និង​អ្នក​កាសែត​ពីរ​នាក់​ផ្សេងទៀត។ ​លោក​ ​កៃ គឹមសុង​ ​ត្រូវ​បាន​ជំនួស​ដោយ​លោក​ Joshua Purushotman។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​លី តៃសេង​ ​មេធាវី​តំណាង​ឲ្យ​លោកSivakumar ។​

បន្ទាប់​ពី​ការ​បណ្ដេញ​ចេញ​យ៉ាង​តក់ក្រហល់​ និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Michael Hayesកាល​ពី​ឆ្នាំ​១៩៩២​ ​បាន​ចេញ​ផ្សាយ​អត្ថបទ​ទំព័រ​មុខ​មួយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​អង្គារ​ ដោយ​បាន​ពណ៌នា​ពី​ការ​តវ៉ា​របស់​បុគ្គលិក​ប្រាំ​នាក់ ជាមួយ​ការ​សុំ​លាឈប់។

សេចក្តី​ថ្លែងការ​របស់​អតីតបុគ្គលិក និង​បុគ្គលិក​ដែល​កំពុងនៅ​បំពេញ​ការងារ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។
សេចក្តី​ថ្លែងការ​របស់​អតីតបុគ្គលិក និង​បុគ្គលិក​ដែល​កំពុងនៅ​បំពេញ​ការងារ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

​អ្នក​ទាំង​ប្រាំ​រួមមាន​លោក Stuart White ​ប្រធាន​គ្រប់​គ្រង​ការី​និពន្ធ អ្នកស្រី​ Jodie Dejonge​ នាយក​ខាង​ឌីជីថល​ អ្នកស្រី​ Jenni Reid ប្រធាន​ការី​និពន្ធ​គេហទំព័រ លោក​ Brendan O'Byrne ប្រធាន​ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​ និង​លោក​ Ananth Baliga អ្នកកាសែត​ជាន់​ខ្ពស់​ ​និង​លោក​ Marcus Holmes ​នាយក​ប្រតិបត្តិ (CEO)។

យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ឲ្យដឹង​ថា​ លោក Sivakumar បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​បញ្ជាក់​ភាព​ជា​ម្ចាស់​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ នឹង​តម្កល់​ទុក​កេរដំណែល​រយៈពេល២៦​ឆ្នាំ​របស់​កាសែត​នេះ​ និង​គោលការណ៍​និពន្ធ​ ក៏​ដូចជា​ឯករាជ្យ​ភាព​ដោយ​គ្មាន​ការ​បំពាន​ច្បាប់​និង​បទបញ្ញត្តិ​ទាំងឡាយ​របស់​កម្ពុជា។

ក៏ប៉ុន្តែ ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅកម្ពុជា (Overseas Press Club of Cambodia)​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​សំដែង​ការ​ព្រួយបារម្ភ​អំពី​ការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​ឲ្យអ្នក​វិនិយោគ​ម៉ាឡេស៊ី​ ដែល​ក្រុម​ហ៊ុនទំនាក់​ទំនង​សាធារណៈ​របស់​លោក​មាន​ជាប់​ទាក់​ទង​នឹង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​កម្ពុជា​ ក៏​បាន​អំពាវនាវ​ឲ្យ​លោក​ Sivakumar គោរព​ពាក្យ​សម្ដី​របស់​លោក​ ដោយ​ការ​អនុញ្ញាត​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​បន្ត​ធ្វើ​សេចក្ដីរាយការណ៍​ដ៏​ល្អ​របស់​ខ្លួន​បន្ត​ទៀត។

លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និយាយ​ជាមួយ​បុគ្គលិក​កាសែត​នេះ នៅក្នុង​ទីក្រុង​ភ្នំពេញ ក្រោយពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​នៅ​ថ្ងៃច័ន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។ (រូបថត៖ Alessandro Marazzi Sassoon)
លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និយាយ​ជាមួយ​បុគ្គលិក​កាសែត​នេះ នៅក្នុង​ទីក្រុង​ភ្នំពេញ ក្រោយពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​នៅ​ថ្ងៃច័ន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។ (រូបថត៖ Alessandro Marazzi Sassoon)

លោក​ កៃ គឹមសុង​ ដែល​បាន​បាត់​បង់​ការ​ងារ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្រាប់​ក្រុម​សហការី​លោក​ថា​ កុំ​ឲ្យ​អស់​សង្ឃឹម​ ហើយ​ត្រូវ​បន្ត​ធ្វើ​ជា​អ្នកសារព័ត៌មាន​មិន​លម្អៀង​ទៅ​មុខ​ទៀត។

​លោក​ថាការ​បាត់​បង់​ការ​ងារ​ ក៏​ជា​ឱកាស​សម្រាប់​រក​ការងារ​ថ្មី។

លោក​និយាយ​ថា៖

​«អស់​ភ្នំ​មួយ​ បាន​ផ្លូវ​មួយ​ខ្សែ​ បាន​ផ្លូវ​មួយ​ខ្សែ​ វា​អស់​ភ្នំ​មួយ។ បើ​សិន​យើង​បាត់​opportunity[ឱកាស]មួយ​ អាច​នឹង​មានopportunityមួយ​ផ្សេង​ទៀត​ក៏​ថា​បាន។ Let's hope. I don't know. ប៉ុន្តែ​So far​ ពី​ថ្ងៃ​ហ្នឹង​ទៅ​ អត់​មាន​ប្រាក់​ខែ​ អត់​ដឹង​ថា​ពេលណា​បាន​ការ​ងារ​ធ្វើ​ I don't know»។

​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​បាន​ហៅ​ការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​ឱ្យ​វិនិយោគិន​ម៉ាឡេស៊ី​នេះ ថា​ជា​ទី​បញ្ចប់​នៃ​សេរីភាព​និង​ពហុភាព​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​សរសេរ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​ការ​បណ្ដេញ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ដូច្នេះ​ថា៖

«‍ក្រោយ​ពី​ការ​បិទ​វិទ្យុ​អាស៊ី​សេរី និង​កាសែត​ Cambodia Daily កាសែត​ភ្នំពេញ​ប៉ុស្តិ៍ គឺ​ជា​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុងក្រោយ​បំផុត​មួយ​របស់​កម្ពុជា។ នៅ​មុន​ការ​បោះឆ្នោត​សាកល ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ត​ការ​បង្ក្រាប​ដ៏​គួរ​ឱ្យ​រន្ធត់​របស់​គាត់ ទៅ​លើ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ធ្វើ​តាម​មាគ៌ា​របស់​រដ្ឋាភិបាល»។​

​បើ​យោង​តាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែននេះ ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​១០​ថ្នាក់​ ​ហើយ​បច្ចុប្បន្ន​ ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤២​ ​ក្នុង​ចំណោម​ប្រទេស​១៨០ លើ​ពិភព​លោក៕

XS
SM
MD
LG