ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ការ​បង្រ្កាប​ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នក​កាសែត​ខ្មែរ​ភ័យ​ខ្លាច​ក្នុង​ការ​រាយការណ៍​និង​ត្រូវ​បាន​តាម​ដាន


នគរបាលតាមដានការសម្ភាសន៍របស់ក្រុមការងារVOAជាមួយមេឃុំភ្នំព្រឹក នៅសាលាឃុំភ្នំព្រឹក ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីខែមីនា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)
នគរបាលតាមដានការសម្ភាសន៍របស់ក្រុមការងារVOAជាមួយមេឃុំភ្នំព្រឹក នៅសាលាឃុំភ្នំព្រឹក ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីខែមីនា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចាត់​ទុក​ការ​ចុះ​សួរ និង​ការ​តាមដាន​របស់​សមត្ថកិច្ច គឺ​ជា«​រឿង​ធម្មតា មិន​មាន​អ្វី​ចម្លែក​នោះ​ទេ»។ លោក​ចាត់​ទុក​ថា នេះ​ជា​រឿង​ល្អ​ទៅ​វិញ​ទេ ដោយសារ​មាន​កម្លាំង​នគរបាល ចុះ​ការពារ​អ្នក​កាសែត។

ខណៈ​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន ៣ ឧសភា អ្នក​កាសែត​ខ្មែរ​មួយ​ចំនួន ហាក់​ដូច​ជា​មិន​រីករាយ​នឹង​ការ​ប្រារព្ធ​នេះ​នោះ​ទេ ដោយសារ​ពួកគេ​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការរាយការណ៍​ព័ត៌មាន ក្នុង​នោះ​មាន​ការ​រឹតត្បិត ភាព​ភ័យ​ខ្លាច​និង​ការ​ឃ្លាំ​មើល​ពី​កម្លាំង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន។ ស្ថានភាព​នេះ​កើត​ឡើង​ ក្រោយ​មាន​ការ​បង្រ្កាប​ទៅ​លើ​គណបក្ស​ប្រឆាំង​ដ៏ធំ គឺ​គណបក្ស​សង្រ្គោះ​ជាតិ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​មុន។

មិន​តែ​ប៉ុណ្ណោះ ក្រុម​គ្រួសារ​របស់​អ្នក​កាសែត ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នក​កាសែត​ផង​ដែរ។

ប្រធាន​បទនៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​សម្រាប់​ឆ្នាំ​នេះ និយាយ​អំពី«ឃ្លាំ​មើល​បុគ្គល​មាន​អំណាច៖ សារព័ត៌មាន​យុត្តិធម៌ និង​នីតិរដ្ឋ»។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​ប្រកាស​យុទ្ធនាការ​លើ​ប្រព័ន្ធ​អ៊ីនធឺណែត ស្តីពី​អំពី​ទស្សនៈ​របស់​អ្នក​សារព័ត៌មាន ពាក់ព័ន្ធ​នឹង​សារៈ​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដើម្បី​ឃ្លាំ​មើល​បុគ្គល​មាន​អំណាច។

អ្នកស្រី សន រ៉ាមណា​ អ្នកសម្រប​សម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន មួយ​ចុះ​ថ្ងៃទី​២ ខែឧសភា ថា​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា​កាតព្វកិច្ច​នៃ​ការ​ការពារ​អ្នក​កាសែត ពុំ​ត្រូវ​បាន​អើពើ ដោយសារ​តែ​តួអង្គ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​រង​គំនាប​ជា​បន្ត​បន្ទាប់។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ការ​យាយី​មក​លើ​អ្នក​សារព័ត៌មាន​ និង​ស្ថាប័ន​ព័ត៌មាន គួរ​តែ​ត្រូវ​បញ្ចប់។ ការ​ទទួល​បាន​នូវ​ព័ត៌មាន​ដែល​ឯករាជ្យ និង​សារព័ត៌មាន​សេរី គឺ​ជា​ប្រយោជន៍​របស់​មនុស្ស​គ្រប់រូប​និង​សំខាន់​ជា​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា»។

កាល​ពី​ឆ្នាំ​២០១៧ នៅ​ពេល​កម្ពុជា​មាន​ស្ថានភាព​នយោបាយ​តានតឹង ក្នុង​នោះ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា និង​ការរំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ ក៏​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ក្នុង​ពេល​ជាមួយ​គ្នា ដូចជា​កាសែតឌឹ ខេមបូឌា​ ដេលី និង​វិទ្យុ​អាស៊ី​សេរី។ ក្រោយមក​មាន​ការ​ចាប់​ខ្លួន​អ្នកយក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​ពីរ​នាក់ ដែល​ពួកគេ​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​បរទេស​និង​បន្ទាប់​មក​ចោទប្រកាន់​ពី​ការ​ផលិត​វីដេអូ​អាសអាភាស។

របាយការណ៍​ថ្មី​របស់​អង្គការ​អ្នក​រាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន(Reporters Without Borders) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​លំដាប់​លេខ​១៤២​ក្នុង​ចំណោម​១៨០​ប្រទេស ដែល​សេរីភាព​សារព័ត៌មាន​ស្ថិត​ក្នុង​ការ​ធ្លាក់​ចុះ​មួយ​យ៉ាង​ខ្លាំង គឺ​ធ្លាក់​ចុះ​១០​ថ្នាក់ ដែល​ជា​ការ​ធ្លាក់​ចុះ​មួយ​ដ៏​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

របាយការណ៍​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ហាក់​ដូច​ជា​មាន​ទំនោរ​ទៅ​កាន់​ផ្លូវ​ដូច​គ្នា ដូច​នឹង​ប្រទេស​ចិន ​បន្ទាប់​ពី​បិទ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។

វិទ្យុសំឡេងប្រជាធិបតេយ្យ (​VOD) ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល ក៏​ត្រូវ​បានស្ថានីយ៍​វិទ្យុ​តូចៗ​ឈប់​ជួល​ម៉ោង​ឲ្យ​ផ្សព្វផ្សាយ​ផង​ដែរ ដោយ​ពុំ​មាន​បញ្ជាក់​មូលហេតុ។ ការណ៍​នេះ​បណ្តាល​ឲ្យ​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ អាច​ផ្សាយ​បានតែ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដែល​មាន​អ្នក​ចុច​Likes​ប្រមាណ​៩សែន​នាក់។

អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​VOD លោក ពៅ មេត្តា មាន​ប្រសាសន៍​ថា ការ​រាយការណ៍​មិន​ដូច​មុន​នោះ​ទេ គឺ​រឿង​រសើប​មួយ​ចំនួន ត្រូវ​រក្សា​ទុក​មិន​ធ្វើ​នា​ពេល​នេះ។

លោក ពៅ មេត្តា អាយុ​៣៤​ឆ្នាំ ដែល​បាន​បម្រើការ​ឲ្យ​ស្ថាប័ន​VOD​ជិត​១០​ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍​ថា៖

«ការ​ពិត​បារម្ភ​ដែរ គិត​ថាស្ថាប័ន​មាន​ហានិភ័យ​ច្រើន ព្រោះ​យើង​មើល​ផ្លូវ​ច្បាប់ ហាក់​ដូចជា​គិត​ថា​វា​មិន​ប៉ះពាល់​អញ្ចឹង​ទេ។ គិត​ថា​វា​អាច​មាន​ហេតុ​ផល​នយោបាយ ​អី​ខ្លះ យើង​បារម្ភ​ខ្លាច​ប៉ះពាល់​ស្ថាប័ន»។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ លោក ពៅ មេត្តា ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ និង​មិត្តភក្តិ ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការ​សរសេរ​និង​អ្នក​ខ្លះ​ទៀត​ឲ្យ​ដូរ​ការងារ​តែ​ម្តង។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖«ឪពុក​ក្មេក​ខ្ញុំ​គាត់​ប្រាប់​ថា សរសេរ​ហ្នឹង សូម​ឲ្យ​ប្រយ័ត្ន​ប្រយែង​ខ្លួន។ ទាំង​មិត្ត​ភ័ក្តិ ក៏​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ដែរ។ ហើយ​អ្នក​ខ្លះ​ទៀត ក៏​ស្នើ​ឲ្យ​យើង​ឈប់​តែ​ម្តង។ គាត់​ថា គួរតែ​រើស​ជម្រើស​ការងារ​អីផ្សេង»។

លោក មេត្តា បាន​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ប្រភព​ព័ត៌មាន ជា​ពិសេស​អ្នក​វិភាគ ​អ្នក​ស្រាវជ្រាវ និង​មន្រ្តី​សង្គម​ស៊ីវិល លែង​ផ្តល់​ការ​សម្ភាសន៍​ដូច​មុន​ទៀត​ហើយ ដោយសារ​ពួកគេ​មាន​ភាព​ភ័យ​ខ្លាច។

ដោយសារ​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ លោក មេត្តា យល់​ថា ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ នឹង​មិន​ប្រសើ​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖«ខ្ញុំ​មើល​ទៅ​ស្ថានភាព​ហ្នឹង ប្រហែល​ជា​មិន​មានអី​ប្រែប្រួល​ទេ តាំងពី​មាន​ការ​បិទ​មក ដូច​ជា​នៅ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ហ្នឹង​ដដែល នៅ​តែ​មាន​ការ​ប្រុងប្រយ័ត្ន។ ខ្ញុំ​មើល​ភាព​ប្រសើរ​ដូចជា​អត់​មាន​ទេ បារម្ភ​ខ្លាច​អាច​នឹង​ប៉ះពាល់​ថែមទៀត»។

ភាគ​ច្រើន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ត្រូវ​បាន​គ្រប់គ្រង ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ដោយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ សារព័ត៌មាន​ទាំង​នោះ មិន​មាន​សេរីភាព​ច្រើន​ក្នុង​ការ​រាយការណ៍​ព័ត៌មាន ដែល​រិះគន់​រដ្ឋាភិបាល និង​អ្នក​មាន​អំណាច​នោះ​ទេ។ មាន​តែ​ស្ថាប័ន​ព័ត៌មាន​តិច​តួច​ប៉ុណ្ណោះ រួម​មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក(VOA) និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល និង​បន្ត​ការងារ​រាយការណ៍​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​មួយ។

លោក ផាក់ ស៊ាងលី អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ភ្នំពេញប៉ុស្តិ៍​មាន​ប្រសាសន៍​ថា ស្ថានភាព​សារព័ត៌មាន​អាក្រក់​នេះ មាន​ទំនាក់ទំនង​នឹង​ស្ថានភាព​នយោបាយ គឺ​នៅ​ពេល​នយោបាយ​មិន​ល្អ សារព័ត៌មាន​ក៏​ត្រូវ​គាប​សង្កត់​ផង​ដែរ។ លោក​យល់​ថា ស្ថានភាព​នយោបាយ​បែប​នេះ គឺ​មិនសូវ​ល្អ​សម្រាប់​សារព័ត៌មាន​ដែល​រិះគន់​រដ្ឋាភិបាល។

លោក ផាក់ ស៊ាងលី អាយុ​៣៤​ឆ្នាំ ដែល​បាន​បម្រើ​ការ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជិត​៨​ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍​ថា៖ «ក្នុង​អំឡុង​ពេល​ហ្នឹង វា​អត់​មាន​អ្នក​ណា មក​ហាមឃាត់​យើង​មិន​ឲ្យ​រាយការណ៍​ពី​ព័ត៌មាន​របស់​យើង​ទេ។ ប៉ុន្តែ​ដោយសារ​តែ​មើល​ឃើញ​ស្ថានភាព​អញ្ចឹង។ យើង​ខ្លួន​ឯង ដូចជា​មាន​អារម្មណ៍​ថា ដូច​ជា​ដក​ដៃ ឬ​មួយ​ក៏​មិនសូវ​រាយការណ៍​រិះគន់​ខ្លាំងៗ ដូចអស់​ពី​ទំហឹង​ចិត្ត​របស់​យើង​ណា»។

លោក​បាន​បន្ត​ថា​ដោយសារ​ស្ថានភាព​បែប​នេះ លោក​ក៏​បាន​កាត់​បន្ថយ​ការ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តាម​បណ្តា​ខេត្ត​ដែល​ភាគ​ច្រើន​លោក​រាយការណ៍​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​នាំ​ចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស។

ដោយសារ​ការរាយការណ៍​ព័ត៌មាន​រសើប​បែប​នេះ ភរិយា​របស់​លោក ស៊ាងលី គឺ​លោកស្រី ឈីវ ហុង អាយុ​៣៥​ឆ្នាំ បាន​បង្ហាញ​ក្តីបារម្ភ​អំពី​សុវត្ថិភាព​ប្តីនាពេលបច្ចុប្បន្ន​នេះ ដោយសារ​ស្ថានភាព​នយោបាយ និង​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោកស្រី​បាន​ថ្លែង​ប្រាប់​VOA​ថា៖«បារម្ភ​សព្វគ្រប់​ហ្មង មិន​មែន​ថា​បារម្ភតិច​តួចទេ ព្រោះគាត់​មក​យប់​ក៏​យើង​ភ័យ។ ណាសុវត្ថិភាព ណា​ដឹង​សរសេរ​ទៅ ដឹង​គាត់សរសេរ​ប៉ះអី​ខ្លះ។ បើសិន​ជា​គាត់​ទៅ​ខេត្ត​ទៀត ​កាន់តែគេង​មិន​លក់​បក់​មិន​ល្ហើយ អង្គុយ​តែ​ចាំ ថ្ងៃណា​មក​វិញ ថ្មើរ​ណា​មក​ដល់»។

លោកស្រី​បាន​បន្ត​ថា លោកស្រី​បាន​ស្នើ​លោក ស៊ាងលី ឲ្យ​ប្តូរ​ការងារ​យូរ​ហើយ តែ​លោក ស៊ាងលី ប្រាប់​ថា​នៅ​តែ​ស្រឡាញ់​ការងារ​មួយ​នេះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖«មិន​មែន​ចង់​គិត​ទេ សុំ​ឲ្យ​គាត់​ហ្នឹង​ផ្លាស់​ប្តូរ​យូរ​ហើយ តាំង​ពី​ឆ្នាំ​ទៅ​មួយ ខ្ញុំ​សុំ​ខ្លាំង​មែន​ទែន តែ​គាត់​ថា អាហ្នឹង​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់ គាត់​ចូលចិត្ត​ខាង​អញ្ចឹង»។

ខណៈ​ដែល​មន្រ្តី​គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលោយ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ​មុន ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​កម្លាំង​សមត្ថកិច្ច ការ​រាយការណ៍​នៅ​តាម​បណ្តា​ខេត្ត ក៏​ត្រូវ​បាន​ឃ្លាំ​មើល ដោយ​កម្លាំង​សមត្ថកិច្ច​ផង​ដែរ។

កាល​ពី​ខែ​មីនា ក្រុម​ការងារ​VOA​ដែល​បាន​ចុះ​យក​ព័ត៌មាន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​សាកសួរ ហើយ​ថត​រូប​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​សន្លឹក រួច​ផ្ញើ​ទៅ​ប្រធាន​របស់​គេ។

នៅ​ក្នុង​ឃុំ​បឹងរាំង នគរបាល​ឃុំ និង​ស្រុក សរុប​ចំនួន​៤នាក់ បាន​ជិះ​រថយន្ត​ចូល​ក្នុង​ភូមិ ខណៈ​ដែល​អ្នក​យក​ព័ត៌មាន​VOA ​កំពុង​សម្ភាសន៍​ប្រជាពលរដ្ឋ​និង​ទើប​បញ្ចប់​សម្ភាសន៍​អតីត​មេឃុំ​គណបក្ស​ប្រឆាំង។ ពួកគេ​បាន​ថត​កាត​សម្គាល់​ខ្លួន​របស់​VOA និង​រូបថត​របស់​អ្នក​យក​ព័ត៌មាន​ម្នាក់ៗ។ ពួកគេ​បាន​សួរ​អ្នក​យក​ព័ត៌មាន​ អំពី​គោល​បំណង​នៃ​ការ​ចុះ​យក​ព័ត៌មាន​និង​ប្រធាន​បទ​នៃ​ការ​សរសេរ។​

នគរបាល​ម្នាក់​បាន​និយាយ​ថា ការ​សួរ​នាំ​នេះ ដោយសារ​ខ្លាច​មនុស្ស​ចម្លែក​ចូល​មក​ក្នុង​ភូមិ ហើយ​បោកប្រាស់​ប្រជាពលរដ្ឋ។

ចំណែក​នៅ​ក្នុង​ឃុំ​ភ្នំ​ព្រឹក​វិញ នគរបាល​ក៏​បាន​ចុះ​មក​សាកសួរ​និង​ថតរូប​ដូចគ្នា។ ពួកគេ​បាន​សួរ​រក​លិខិត​បេសកកម្ម និង​ថតរូប​អ្នក​សារព័ត៌មាន​ជាច្រើន​សន្លឹក​ផង​ដែរ។

ពួកគេ​ក៏​បាន​តាម​ដាន​អ្នក​យក​ព័ត៌មាន​របស់​VOA​ជា​បន្តបន្ទាប់ រហូត​ដល់​ចប់​ការ​យក​ព័ត៌មាន។ ពួកគេ​បាន​ថត​រូបថត និង​វីដេអូ​ជា​ច្រើន តាមរយៈ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ ខណៈ​អ្នក​យក​ព័ត៌មានVOA​កំពុង​សម្ភាសន៍​ប្រជាពលរដ្ឋ​ដាំ​ដំឡូង និង​មេឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឯ​សាលាឃុំ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចាត់​ទុក​ការ​ចុះ​សួរ និង​ការ​តាមដាន​របស់​សមត្ថកិច្ច គឺ​ជា«​រឿង​ធម្មតា មិន​មាន​អ្វី​ចម្លែក​នោះ​ទេ»។ លោក​ចាត់​ទុក​ថា នេះ​ជា​រឿង​ល្អ​ទៅ​វិញ​ទេ ដោយសារ​មាន​កម្លាំង​នគរបាល ចុះ​ការពារ​អ្នក​កាសែត។

លោក​មាន​ប្រសាសន៍​ថា៖«យើង​កុំ​ខ្លាច​តម្កល់​អត្តសញ្ញាណឲ្យ​ទៅ​នគរបាល​សមត្ថកិច្ច។ អាហ្នឹង​គេ​ថែរក្សា ការពារ​យើង​តើ។ វា​មិន​មែន​ជា​រឿង​ភ័យ​ខ្លាច​អីទេ តែ​សំខាន់​យើង​មានខ្នង​តើអ្ហៃ? យើង​មាន​ដំបៅ​ខ្នង ចង់​សរសេរ​អី​បង្ខូច​គេ​ទៅ ចេះ​តែព្រួយ​ភ័យ​អញ្ចឹង​ទៅ»។

លោក​បញ្ជាក់​បន្ថែម​ថា៖«ធ្វើ​អ្នក​កាសែត កុំខ្លាចនឹងការ​សួរ​នាំ​ពី​សមត្ថកិច្ច»។

ខណៈ​ដែល​មាន​ការ​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី អតីត​អ្នក​យក​ព័ត៌មាន បាន​លាក់​ខ្លួន​ជា​បន្ត​បន្ទាប់ ហើយ​ភាគ​ច្រើន​មិន​ទាន់​វិល​ត្រឡប់​មក​ការងារ​ជាអ្នក​កាសែត​វិញទេ។ ពួកគេ​មានភាព​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង ក្រោយ​មាន​ការ​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​២នាក់។

លោក ម៉ម មុនីរតន៍ ដែល​បាន​បម្រើ​ការ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ជិត​៥​ឆ្នាំ មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ លោក​បាន​ពឹង​ផ្អែក​ជីវិត​របស់​លោក​ទៅ​លើ​ចម្ការ​ជាង​មួយ​ហិកតា ដែល​លោក​បាន​ដាំ​ស្វាយ និង​ក្រូច​ឆ្មារ​មួយ​ចំនួន។ លោក​មាន​ប្រសាសន៍​ថា លោក​ចង់​ឈប់​ពី​អាជីព​អ្នក​កាសែត​មួយ​រយៈ​សិន ដើម្បី​សុវត្ថិភាព​របស់​លោក។

លោក​បាន​ថ្លែង​ប្រាប់​VOA​តាម​ទូរស័ព្ទ​ថា៖ «ខ្ញុំ​ចង់​រក្សា​ភាព​ស្ងប់ស្ងាត់​ខ្លួន​ឯង ចង់​ធ្វើ​ជា​ប្រជាពលរដ្ឋ ដូចជា​ប្រជាពលរដ្ឋ​ដទៃ​ទៀត​អញ្ចឹង​ទៅ។ កាល​ណា​បើ​យើង​មិន​ធ្វើ​សកម្មភាព មិន​លេច​ធ្លោរ​ពេក​ទេ ប្រៀប​ដូច​ជា​ដើម​ឈើ បើ​មិន​ខ្ពស់​ពេកទេ បាន​ន័យ​ថាខ្យល់បក់​មិន​ប៉ះ។ ដល់​ហើយ​ខ្ញុំ​គិត​ថា ប្រើជីវិត​សាមញ្ញ​របស់​ខ្ញុំ ដូច​ប្រជាពលរដ្ឋ​ដទៃ​អញ្ចឹង​ទៅ»។

លោក ម៉ម មុនីរតន៍ អាយុ​៣៩​ឆ្នាំ ដែល​ធ្លាប់​ប្រឈម​នឹង​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​បាន​បំពេញការងារ​ត្រឹមត្រូវ តាម​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​សារព័ត៌មាន ដូច្នេះ​មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា វិទ្យុ​អាស៊ីសេរី ជា​វិទ្យុ​ញុះញង់​នោះ​ទេ។

លោ​ក​មាន​ប្រសាសន៍​ថា៖«ខ្ញុំ​នៅតែការពារ​ពីភាពស្អាតស្អំក្នុងកិច្ចការ​ដែលខ្ញុំ​បំពេញ​ឲ្យ​ស្ថាប័ន​អាស៊ីសេរី»។

លោក​បញ្ជាក់​ថា កិច្ចការ​ដែល​លោក​បំពេញ​កន្លង​ទៅ​គឺ​ជា​ការ​ចូលរួម​ចំណែក​មួយ​ជួយ​ដល់​ប្រទេស​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖«កិច្ចការ​ដែលខ្ញុំ​ធ្វើ​ហ្នឹង ក៏​ជា​ផ្នែក​មួយ​នៃ​ការ​រួម​ចំណែក​ឲ្យ​មាន​ប្រជាធិបតេយ្យ ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស។ ម្លោះ​ហើយ​យើង​នៅ​តែ​អាឡោះអាល័យ​ការងារ​ហ្នឹង​ដែរ​ទេ និយាយ​ជារួមណា»។

ទោះជាយ៉ាងណា លោក ម៉ម មុនីរតន៍ នៅ​តែ​នឹកនា​អាជីព​អ្នកយក​ព័ត៌មាន​របស់​លោក ដែល​បាន​បំពេញ​រាប់​សិប​ឆ្នាំ​មក​ហើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ការ​ចាកចេញ​ក៏​នៅ​តែ​អាឡោះ​អាល័យ»៕

XS
SM
MD
LG