ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​អាន​សៀវភៅ​តម្រង់ជួរ​ដើម្បី​ទិញ​សៀវភៅ​ថ្មី​មួយ​របស់​អ្នកស្រី​ Harper Lee


ពាក្យស្វាគមន៍​ចំពោះ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ត្រូវ​បាន​គេ​ដាក់​នៅ​មុខ​ហាង​លក់​សៀវភៅ នៅ​ក្នុង​ទីក្រុង ​Monroeville រដ្ឋ Alabama ដែល​ជា​ស្រុកកំណើត​របស់​អ្នកស្រី Harper Lee ​អ្នកនិពន្ធ​សៀវភៅ​ To Kill a Mockingbird កាល​ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។
ពាក្យស្វាគមន៍​ចំពោះ​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ត្រូវ​បាន​គេ​ដាក់​នៅ​មុខ​ហាង​លក់​សៀវភៅ នៅ​ក្នុង​ទីក្រុង ​Monroeville រដ្ឋ Alabama ដែល​ជា​ស្រុកកំណើត​របស់​អ្នកស្រី Harper Lee ​អ្នកនិពន្ធ​សៀវភៅ​ To Kill a Mockingbird កាល​ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។

ហាង​លក់​សៀវភៅ​ជាច្រើន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ បាន​បើក​ដំណើរ​ការនៅ​ពាក់​ណ្តា​ល​ខែ​កក្កដា ​ដើម្បី​ស្វាគមន៍អ្នក​ទិញ​សៀវភៅ​ ដែល​តម្រង់​ជួរ​រង់ចាំ​ទិញ​សៀវភៅ​ថ្មី​មួយរបស់​អ្នក​ស្រី​ Harper Lee ​មាន​ចំណងជើង​ថា ​Go Set a Watchman។

សៀវភៅ​ Watchman ​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​លើស​លុប ​និង​ទន្ទឹង​រង់​ចាំ​ជាយូរមក​ហើយ​ ដែល​ជា​សៀវភៅ​ទីពីរ​របស់​អ្នក​ស្រី​ Lee។ អ្នក​ស្រី​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​មាន​កេរ្ត៍​ឈ្មោះ​ម្នាក់​ តាម​រយៈ​សៀវភៅ​មួយ​ក្បាលមាន​ចំណង​ជើង​ថា​ To Kill a Mockingbird​ ដែលត្រូវ​បាន​បោះពុម្ព​លើក​ដំបូង​នៅ​ឆ្នាំ​១៩៦០។

នៅ​ក្នុង​អក្សរ​សាស្ត្រ​អាមេរិក សៀវភៅ ​To Kill a Mockingbird គឺ​ជា​សៀវភៅ​ជាទី​ពេញ​និយម​ចូលចិត្ត​មួយ​ដែល​មាន​សាច់​រឿង​និយាយ​អំពីមេធាវី​ស្បែកស​ដ៏ល្អម្នាក់​ឈ្មោះ ​Atticus Finch បាន​ការ​ពារ​ក្តី​ឲ្យ​ជន​ស្បែក​ខ្មៅ​ម្នាក់​ដែលរងការ​ចោទ​ប្រកាន់​ខុស​ពី​បទ​ចាប់​រំលោភ​សេពសន្ថវៈ។ ទោះបីជា​សៀវភៅ​ To Kill the Mockingbird​ ផ្តោត​ខ្លាំង​ទៅលើ​ការ​ចាប់​រំលោភ​ និង​ភាព​មិន​ស្មើរ​គ្នា​ដោយសារ​ការ​ប្រកាន់​ពូជសាសន៍​ក៏ដោយ ​សៀវភៅ​នេះ​ក៏​បង្ហាញ​អំពី​ភាព​ទន់ភ្លន់​និង​ភាព​ផ្អែម​ល្ហែមល្វីង​ជូរចត់​ផងដែរ ដែល​ស្តែង​ឡើង​ចេញ​ពី​ការ​យល់​ឃើញ​របស់​កូនស្រីលោក ​Finch អាយុ៦ឆ្នាំ​ ឈ្មោះ ​Scout។

ក្នុង​ការ​សរសេរ​សៀវភៅ​នេះ​ អ្នកស្រី​ Harper Lee បាន​រៀបចំ​ និងកំណត់តួអង្គ​ដោយ​ផ្អែក​លើការ​សង្កេត​ទៅ​លើ​ក្រុម​គ្រួសាររបស់​អ្នក​ស្រី​និង​អ្នក​ជិត​ខាង រួម​ទាំងអ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បី​ល្បាញ​ម្នាក់​គឺ​លោក ​Truman Capote ​ដែល​បាន​ធំ​ដឹងក្តី​នៅ​ក្នុង​ស្រុក​កំណើត​របស់​អ្នកស្រី​ផងដែរ។ ខ្សែ​រឿង​នេះ​ត្រូវ​បាន​យក​ចេញ​ពី​ព្រឹត្តិការណ៍​មួយ​ ដែល​បាន​កើតឡើង​នៅ​ទីនោះ​ នៅ​ក្នុង​ឆ្នាំ​១៩៣៦ នៅ​ពេល​អ្នកស្រី​មាន​អាយុ​១០​ឆ្នាំ។

អ្នកស្រី ​Lee ​ដែល​បច្ចុប្បន្នមាន​អាយុ​89​ឆ្នាំ ​បាន​បន្ទាប​ខ្លួន​គេច​ចេញ​ពី​ការ​ពាក់ព័ន្ធ​ផ្សេងៗកើត​ចេញ​ពី​ការ​និពន្ធ​សៀវភៅ​ ​និងខ្សែ​ភាពយន្ត​របស់​អ្នកស្រី​ដែល​ទទួល​បាន​ពាន​រង្វាន់​ Oscar​ នៅ​ក្នុង​ឆ្នាំ​១៩៦២។ អ្នកស្រី​បាន​បន្ត​គេច​ចេញ​ពី​ការ​ចាប់អារម្មណ៍​របស់​សាធារណជន​ ហើយ​មិន​បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​នោះ​ជា​ថ្មី​ម្តង​ទៀត​ឡើយ​រហូត​ដល់​ពេល​បច្ចុប្បន្ន។

«ចាប់​តាំង​ពី​បាន​មក​រស់​នៅ​ក្នុង​ទីក្រុង ​Atlanta រួច​មក ​នាង​បាន​សម្លឹង​មើល​ទៅ​ខាងក្រៅ​តាម​បង្អួច​រថយន្ត​ដែល​មាន​បម្រើ​សេវា​អាហារដោយ​ភាព​សប្បាយ​រីករាយ។ នៅ​ពេល​ញ៉ាំកាហ្វេ​ពេល​ព្រឹក ​នាង​មើល​កូន​ភ្នំតូចៗ​ចុងក្រោយ​នៃរដ្ឋ ​Georgia​ ​ដែល​រសាត់​បាត់​ឆ្ងាយ​ទៅ​នៅ​ពេល​ផ្ទៃ​ភព​ផែនដី​ពណ៌​ក្រហម​លេចឡើង​ ព្រម​ជាមួយ​នឹង​ផ្ទះ​ដំបូល​សំណ​ប៉ាហាំង​ នៅ​ចំ​កណ្តាល​ទីធ្លា​បោស​ស្អាត។ ហើយនៅ​កណ្តាល​ទី​ធ្លា​ទាំងនោះ ​មាន​ដុះ​ទៅ​ដោយ​ដើម​ Verbena និង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​កង់​ឡាន​ពណ៌ស»។

នេះ​ជា​ចំណុច​ចាប់​ផ្តើ​នៃ​សៀវភៅ​ Go Set a Watchman។ នៅ​ក្នុង​រឿង​នេះ ​Scout​ បាន​ធំ​ដឹង​ក្តី​ហើយ​កំពុង​ត្រឡប់​មក​លេង​ផ្ទះ​ដើម្បី​សួរ​សុខ​ទុក្ខ​ឪពុក​របស់​នាង ក្រោយ​ពី​នាង​បាន​រស់នៅក្នុងទីក្រុងញូវយ៉ក​អស់​រយៈ​ពេល​២០​ឆ្នាំ ហើយ​នាង​ត្រូវ​បាន​គេ​ពណ៌នា​ថា​ ជា​មនុស្ស​រឹងត្អឹង​ប្រកាន់​ជ្រុល។ វា​គឺ​ជា​ទិដ្ឋភាព​ខ្មៅ​ងងឹត​របស់​មនុស្ស​ពេញវ័យ​ ​ដែល​អ្នក​រិះគន់​បាន​ចាត់ទុក​ថា​ ជា​ចំណុច​ «គួរ​ឲ្យ​ទុក្ខសោក» និង «គួរ​ឲ្យ​រំខាន»។

.ប៉ុន្តែ​រឿង ​Watchman​ ក៏​បាន​បង្ហាញ​ពី​គំនិត​នៃ​ការ​សរសេររឿង ​Mockingbird ​ផងដែរ​ ដែល​ត្រូវ​បាន​សរសេរ​ឡើង​មុន​សៀវភៅដ៏ល្បី​មាន​ជាប់​ទាក់ទង​គ្នា​នេះ។ ក្រោយ​ពី​បាន​អាន​សៀវភៅ ​Mockingbird​ រួចមក​ ភ្នាក់ងាររបស់​អ្នកស្រី ​Harper Lee​ បាន​ណែនាំ​ឲ្យ​អ្នកស្រី​ត្រឡប់​ទៅ​សរសេរ​សៀវភៅ​នេះ​ម្តង​ទៀត​ ដោយយក​តាម​ទស្សនៈ​យល់ឃើញ​របស់​ក្មេងស្រី​ឈ្មោះ​ Scout​ នោះ។

សម្រាប់​អ្នក​សង្កេត​ផ្នែក​អក្សសាស្ត្រ​វិញ​ រឿង​ Watchman ​នឹង​ក្លាយ​ជា​បណ្តុំនៃ​គន្លឹះ​សំខាន់ៗ​សម្រាប់​ជា​គំរូ​ដល់ការ​សរសេរ​រឿង​ប្រភេទ​នេះ។ សៀវភៅ​ទាំងពីរ​នេះ​បង្ហាញ​តួអង្គ​ និង​ការ​រៀបចំ​ឈុតឆាក​រួម​គ្នា ហើយ​ក៏​មាន​ការ​ប្រើប្រាស់​ពាក្យពេចន៍​មួយ​ចំនួន​រួមគ្នា​ផងដែរ។

នៅ​ស្រុក​កំណើត​របស់​អ្នកស្រី ​Lee ​គឺ​នៅ​ Monroeville ​នៃរដ្ឋ ​Alabama ​សៀវភៅ​ Go Set a Watchman ​ចំនួន​៧.០០០​ក្បាល​ ត្រូវ​បាន​ត្រៀម​បញ្ជូន​ទៅ​កាន់​ហាង​លក់​សៀវភៅ​ឈ្មោះ Ol' Curiosities & Book Shoppe​ មុន​ពេលសៀវភៅ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ នៅ​ពាក់​កណ្តាល​អធ្រាត្រ​នាថ្ងៃ​ទី​១៤ ​ខែ​កក្កដា ​កន្លង​ទៅ បើ​ទោះ​បីជា​ចំនួន​មនុស្ស​នៅ​ក្នុង​ក្រុង​នេះ​មាន​តិច​ជាង​៦.៥០០​នាក់ ​ក៏​ដោយ។

ប៉ុន្តែ​ ក្រុង​ Monroeville​ លែង​ជា​ទី​ក្រុង​តូច​មួយ​នៅ​ក្នុង​រដ្ឋ​ Alabama ​ទៀត​ហើយ ចាប់តាំង​ពី​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ ​To Kill a Mockingbird នេះ​មក។ វា​បាន​ក្លាយ​ជា​ក្រុង​គំរូ​មួយ​ដោយសារ Maycomb ដែល​ជា​ទី​កន្លែង​នៃ​សាច់​រឿង​នៅ​ក្នុង​សៀវភៅ​ទាំងពីរ​នេះ​ ហើយ​បាន​ក្លាយ​ជា​កន្លែងទេសរណ៍​អក្សរសាស្រ្ត​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

នៅ​យប់ថ្ងៃ​ទី​១៣ ​ខែកក្កដា​ នៅ​ក្រុង ​Monroeville​ នៃ​រដ្ឋ​ Alabama​ ប្រជាជន​រាប់​រយ​នាក់​បាន​តម្រង់​ជួរ​នៅហាង​លក់​សៀវភៅ​ នៅ​ក្បែរ​ទី​ធ្លា​ក្នុង​ទីក្រុង​ដើម្បី​ទិញ​សៀវភៅ​នេះ​ ដែល​ហាង​ទាំង​នោះ​បើក​លក់​សៀវភៅនេះ​នៅ​ពាក់​កណ្តាល​អធ្រាត្រ។ អ្នក​ដែលចេញ​ពីហាង​មុន​គេ​ជាមួយ​នឹង​សៀវភៅ​នោះ​គឺនាង Julia Stroud ដែល​មាន​ទឹក​មុខ​ញញឹម​រីករាយ។ នាង​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​របស់​នាង​វិញ​ដើម្បី​ទិញ​សៀវភៅ​នេះ។

បន្ទាប់​ពី​នោះមក ​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​បានចាប់​ផ្តើម​ នៅ​ខណៈ​ដែល​អ្នកស្រី​ Harper Lee​ ដែល​ជា​ស្ត្រី​នៅ​ក្នុង​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន ​បាន​ចំណាយ​ពេល​ដ៏​ស្ងាត់​ស្ងៀមនៅ​ក្នុង​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ ជា​កន្លែង​ដែល​អ្នកស្រី​រស់​នៅ​សព្វ​ថ្ងៃ៕

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

XS
SM
MD
LG