មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងបោះពុម្ភផ្សាយសៀវភៅថ្មីមួយ នៅចុងខែមករា ដែលមានចំណងជើងជាភាសាអង់គ្លេសថា ៖ A History of the Anlong Veng Community, the Final Stronghold of the Khmer Rouge Movement ឬ «ប្រវត្តិសាស្ត្រនៃសហគមន៍អន្លង់វែង៖ទីតាំងចុងក្រោយនៃចលនាខ្មែរក្រហម»។មជ្ឈមណ្ឌលនេះ សង្ឃឹមថាសៀវភៅនេះ នឹងជួយដល់ការផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា និងប្រទេសឯទៀតក្នុងពិភពលោក ដែលជួបប្រទះនិងការប្រល័យពូជសាសន៍ដែរ។
ស្ថិតនៅចម្ងាយប្រហែលមួយម៉ោងកន្លះតាមរថយន្ត ពីទីរួមខេត្តសៀមរាប អន្លង់វែងជាទីលំនៅរបស់អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ រួមមាន ប៉ុល ពត នួនជា និង តាម៉ុក។ បច្ចុប្បន្នស្រុកនេះមានប្រជាពលរដ្ឋជាង៩.០០០ ពាន់គ្រួសារ ស្មើនឹង ៤២.០០០នាក់។
ទោះជារបបខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ ក៏ដោយ ក៏អន្លង់វែងនៅតែជាកន្លែងតស៊ូរបស់ក្រុមនេះ ជិត២០ឆ្នាំថែមទៀត រហូតដល់ឆ្នាំ១៩៩៨ នៅពេលដែលតំបន់នេះ ធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។
លោក យឹម ផាន់ណា បច្ចុប្បន្នជាអភិបាលស្រុកអន្លង់វែង។ លោកថ្លែងថាលោកបានចូលរួមក្នុងចលនាតស៊ូរបស់ខ្មែរក្រហម កាលពីឆ្នាំ ១៩៧១ នៅពេលលោកមានអាយុ ១៧ឆ្នាំ តាមការអំពាវនាវរបស់ សម្តេចនរោត្តម សីហនុ នៅពេលនោះ ឲ្យជួយទម្លាក់របបគ្រប់គ្រងលោក លន់ ណុល និង បណ្តេញអាមេរិក ចេញពីកម្ពុជា។
«ឃើញការអំពាវនាវរបស់សម្តេចព្រះករុណាព្រះមហាក្សត្រ ដែលលោកអំពាវនាវទៅ ក៏រត់ចេញពីសាលារៀនទៅធ្វើកងទ័ព ជាមួយគេជាមួយឯងទៅ»។
លោក យឹម ផាន់ណា ថ្លែងថាលោកមានវិប្បដិសារីដោយសារបានឃើញការកាប់សម្លាប់ និង ការរងគ្រោះរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
«សោកស្តាយណាស់បង ព្រោះឱកាសដែលយើងធ្វើទៅវាខាត មានការកាប់សម្លាប់ជនជាតិខ្មែរគ្នាឯង»។
ការសោកស្តាយបែបនេះ ប្រហែលជាធ្វើឲ្យមនុស្សខ្លះគិតមិនដល់ ពីព្រោះគេប្រហែលគិតថា អតីតខ្មែរក្រហមទាំងអស់ ជាមនុស្សអាក្រក់។
ដើម្បីឲ្យមានការស្វែងយល់អំពីសហគមន៍នេះ និង ដើម្បីជួយអភិវឌ្ឍតំបន់នេះ ឲ្យទៅជាតំបន់ទេសចរ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បាននិពន្ធសៀវភៅប្រវត្តិសាស្ត្រអន្លង់វែង ដោយមានសហប្រតិបត្តិការជាមួយ និងក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា និងគណកម្មការអន្តរក្រសួង សម្រាប់ថែរក្សានិងអភិវឌ្ឍតំបន់អន្លង់វែង ។
លោក ឌី ខាំបូលី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាសហអ្នកនិពន្ធម្នាក់ នៃសៀវភៅប្រវត្តិសាស្ត្រអន្លង់វែង។ លោកថ្លែងថាសៀវភៅនេះមានបំណងចាប់ផ្តើមឲ្យមានការយោគយល់គ្នាទៅវិញទៅមករវាងអតីតខ្មែរក្រហមនិងជនរងគ្រោះ។
«ហើយការចាប់ផ្តើមនេះ គឺតាមរយៈការស្វែងយល់អំពីសហគមន៍មួយៗ អំពីសាច់រឿងរបស់បុគ្គលម្នាក់ៗ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងយល់ និងយោគយល់គ្នាទៅវិញទៅមក ទើបយើងអាចទប់ស្កាត់ តាមរយៈការរៀនសូត្រ»។
លោក ឌី ខាំបូលី ថ្លែងថាគោលបំណងមួយទៀតរបស់សៀវភៅនេះ គឺការកត់ត្រារបបខ្មែរក្រហមទាំងស្រុង។
«វាមានសារៈសំខាន់ក្នុងការកត់ត្រាឲ្យបានចប់ចុងចប់ដើម នូវ ចលនាមួយ ដែលបានបង្កឲ្យមានការស្លាប់ប្រជាជនកម្ពុជា ជិត២លាននាក់ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩»។
លោក Chris Dearing ជាសហអ្នកនិពន្ធម្នាក់ទៀត។ លោកថ្លែងថាអ្វីដែលជាការរកឃើញក្នុងសៀវភៅប្រវត្តិសាស្ត្រអន្លង់វែងនេះ គឺថាគេមិនអាចសន្មត់ថា អតីតខ្មែរក្រហមទាំងអស់ ជាមនុស្សអាក្រក់ទេ ពីព្រោះមានអ្នកខ្លះជាជនរងគ្រោះនៃរបបនេះដែរ។
«ខ្ញុំគិតថាផ្នែកសំខាន់មួយនៃសៀវភៅនេះ គឺការបង្ហាញអំពីមនុស្ស អំពីមុខមនុស្សដែលនៅពីក្រោយចលនានេះ។ ពិតជាមានអំពើអាក្រក់។ ពិតជាមានឧក្រិដ្ឋជន និង ជនដៃដល់ពិតប្រាកដ។ ប៉ុន្តែក៏មានជនរងគ្រោះដែរ។ ប្រវត្តិសាស្ត្រមិនមែនអំពីជនរងគ្រោះ និង អ្នកដៃដល់ យ៉ាងសាមញ្ញនោះទេ»។
លោក ឌី ខាំបូលី យល់ស្របជាមួយ សហអ្នកនិពន្ធរបស់លោកដែរ។ លោកថ្លែងថា អតីតកម្មាភិបាលខ្មែរក្រហមខ្លះ ក៏ត្រូវរងទុក្ខវេទនាដោយសាររបបដែលពួកគេគាំទ្រដែរ។
«អ្នកខ្លះបាននិយាយថាគាត់ចូលក្នុងចលនានេះ ក៏មិនមែនដោយសារគាត់ពេញចិត្តនិងចលនានេះទេ ប៉ុន្តែត្រូវបានគេគៀងគរឲ្យចូល ឬក៏ត្រូវបានបង្ខំឲ្យចូល ឬក៏គ្មានឱកាសចេញមកវិញ អញ្ចឹងក៏បន្តរស់នៅជាមួយចលនាខ្មែរក្រហម លើភ្នំដងរែក រហូតដល់ចុះមកអន្លង់វែង រហូតដល់ឆ្នាំ១៩៩៨»។
របបខ្មែរក្រហមត្រូវគេដឹងថាជារបបមួយដែលពូកែលាក់ការណ៍។ ប៉ុន្តែក្នុងសៀវភៅប្រវត្តិសាស្ត្រសហគមន៍អន្លង់វែងនេះ អតីតកម្មាភិបាលខ្មែរក្រហមមួយចំនួន បានរៀបរាប់យ៉ាងពិស្តារល្អិតល្អន់អំពីព្រឹត្តការណ៍សំខាន់ៗ ឧទាហរណ៍ដូចជាការប្រទាញប្រទង់គ្នារវាងថ្នាក់ដឹកនាំកំពូលរបស់ខ្មែរក្រហម ជាពិសេសនៅទីបញ្ចប់។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចំណាយពេលជាង២ឆ្នាំ ដើម្បីសម្ភាសន៍អតីតកម្មាភិបាលខ្មែរក្រហមនិងដើម្បីចងក្រងសៀវភៅនេះ។ លោក ឌី ខាំបូលីថ្លែងថា ការនិពន្ធសៀវភៅប្រវត្តិសាស្ត្រសហគមន៍អន្លង់វែងនេះ ត្រូវចំណាយពេលវេលាច្រើនណាស់ ទំរាំបានទទួលការទុកចិត្ត។
«ខ្ញុំសម្ភាសន៍អ្នកខ្លះ៥ម៉ោង។ ម្នាក់នោះដល់ទៅ៧-៨ ម៉ោង ទាល់តែទុកចិត្តមែនទែន បានគាត់ចំណាយពេល៣ថ្ងៃ ដើម្បីសម្ភាសន៍ជាមួយខ្ញុំ។ ក្រុមការងារទាំងអស់ទាំងខ្ញុំដែរហ្នឹង ទៅអន្លង់វែងចំនួន បើតាមខ្ញុំចាំ ទៅ៤ដង ហើយក្នុងម្តងយើងចំណាយពេលដល់ទៅ ២សប្តាហ៍ នៅអន្លង់វែងដើម្បីសុំជួបគាត់សម្ភាសន៍»។
សហអ្នកនិពន្ធ Chris Dearingថ្លែងថាមានការនិយាយបញ្ចុះបញ្ចូលច្រើន។
«យើងនិយាយថានេះជាប្រវត្តិសាស្ត្ររបស់សហគមន៍ ហើយវាជារឿងសំខាន់ ដែលយើងកត់ត្រាប្រវត្តិសាស្ត្រនេះទុក ពីព្រោះក្មេងជំនាន់ក្រោយ មិនយល់ប្រវត្តិសាស្ត្រនេះទេ។ នេះជាផ្នែកសំខាន់មួយនៃប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ហើយយើងមិនចង់ឲ្យវារលាយសាបសូន្យទេ។ យើងចង់ចងក្រងទុក»។
លោក ឌី ខាំបូលី ថ្លែងថាក្រៅពីជាសៀវភៅប្រវត្តិសាស្ត្របែបសហគមន៍មួយ ដែលឆ្លុះបញ្ចាំងអំពីជីវិតរស់នៅរបស់ប្រជាជននៅទីនោះ សៀវភៅនេះមានប្រយោជន៍យ៉ាងសំខាន់មួយផ្សេងទៀត។
«សៀវភៅនេះ ក៏ជាគំរូមួយសម្រាប់សហគមន៍ផ្សេងៗទៀត ក្នុងការសម្លឹងមើល និងយកធ្វើជាមេរៀនដើម្បីចងក្រងប្រវត្តិសាស្ត្រសហគមន៍ នៅក្នុងតំបន់ផ្សេងៗទៀត ដើម្បីជាការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ថាតើមានរឿងអ្វីខ្លះកើតឡើងនៅក្នុងសហគមន៍នេះ»។
លោក Chris Dearing បន្ថែមថាសៀវភៅនេះ ជាគំរូមួយសម្រាប់ប្រទេសនាៗក្នុងពិភពលោកដែរ។
«គោលដៅមួយរបស់យើងក្នុងគំរោងនេះ គឺដើម្បីប្រើប្រាស់សៀវភៅនេះជាគំរូសម្រាប់សហគមន៍ឯទៀត មិនត្រឹមតែក្នុងប្រទេសកម្ពុជាទេ តែសម្រាប់ប្រទេសឯទៀត ដែលកំពុងរងគ្រោះដូចប្រទេសកម្ពុជាដែរ»។
សៀវភៅប្រវត្តិសាស្ត្រសហគមន៍អន្លង់វែងនេះ មានកម្រាស់ ១៧៦ទំព័រ ជាភាសាអង់គ្លេស។ មជ្ឈមណ្ឌលឯកសារកម្ពុជា គ្រោងបោះពុម្ភ ជាភាសាអង់គ្លេស ចំនួន៥រយក្បាល និងជាភាសាខ្មែរ ចំនួន ៣រយក្បាល ជាលើកដំបូងនៅចុងខែមករានេះ នេះបើតាមសម្តីរបស់លោក ឌី ខាំបូលី។
លោក ឌី ខាំបូលី បន្ថែមទៀតថា សៀវភៅប្រវត្តិសាស្ត្រអន្លង់វែងនេះ នឹងក្លាយទៅជាមូលដ្ឋានគ្រឹស ដ៏សំខាន់មួយ ក្នុងការបង្កើតមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរ នៃប្រទេសកម្ពុជា សម្រាប់ធ្វើការស្រាវជ្រាវបន្ថែមអំពីតំបន់អន្លង់វែង និងដើម្បីថែរក្សានិងអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនេះ៕