ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រលោមលោក «ស្រ្តីនៃអង្គរ» ជួយផ្សព្វផ្សាយអង្គរ


គំរប​សៀវភៅ​រឿងប្រលោមលោក ដែល​មាន​ចំណង​ជើង​ថា«ស្រ្តី​នៃ​អង្គរ»។
គំរប​សៀវភៅ​រឿងប្រលោមលោក ដែល​មាន​ចំណង​ជើង​ថា«ស្រ្តី​នៃ​អង្គរ»។

នេះ​គឺ​ជា​សៀវភៅ​ប្រលោម​លោក​ដ៏​អស្ចារ្យខ្នាត​វែង៥០០​ទំព័រ​​​ ដែលជួយ​ដល់​ការ​ស្រមៃ​របស់​លោក​អំពី​រឿងរ៉ាវ​នៃ​សម័យ​អង្គរ។

រដ្ឋវឺជីញ៉ា៖ ដោយសារ​អារម្មណ៍​ចង់​ដឹងអំពីអ្នក​សង់អង្គរនិង​ចង់​ជួប​អ្នក​រស់​នៅ​សម័យ​នោះ​ អ្នក​កាសែត​ចូល​និវត្តន៍​អាមេរិកាំង​ម្នាក់​គឺ​លោក ចន ប៊ជិស (John Burgess) ព្យាយាម​អស់​រយៈពេល​១០​ឆ្នាំបង្កើត​តួអង្គស្រ្តី​អង្គរ​ម្នាក់​ដែល​រស់​នៅ​ជាមួយ​នឹង​ព្រះរាជា​និង​ដឹង​រឿង​រ៉ាវ​ទាំង​ឡាយ​ក្នុង​សម័យ​អង្គរ ​តាម​រយៈ សៀវភៅ​ប្រលោមលោក​មួយ​ក្បាលដែល​មាន​ចំណង​ជើង​ថា «ស្រ្តី​នៃ​អង្គរ» ឬ «Woman of Angkor»។

អ្នក​និពន្ធ​ ចន ប៊ជិស បាន​ប្រាប់​វីអូអេ​នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​រឿង «ស្រី្ត​នៃ​អង្គរ» នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៣​ នៅ​បណ្ណាគារ​ One More Page Book នា​ទីក្រុង​ Falls Church រដ្ឋ​Virginia សហរដ្ឋ​អាមេរិក​ថា អង្គរ​វត្ត​គួរ​មាន​ភាព​ល្បី​ឈ្មោះ​ជាង​នេះ។

«ខ្ញុំ​ចង់​ឲ្យ​អង្គរ​ល្បី​ជាង​នេះ​នៅ​ក្នុង​ពិភព​លោក។ នៅ​លោក​ខាង​លិច យើង​ធំដឹង​ក្តី​ដឹង​អំពី​អេហ្ស៊ីប​បុរាណ ក្រិច​បុរាណ និង​រ៉ូម​បូរាណ។ យើង​ដឹង​អំពី​ព្រះរាជា​ដ៏​មាន​ឫទ្ធិ​អំណាច​អស្ចារ្យ ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តនៃ​អារិយធម៌​ទាំង​នោះ ប៉ុន្តែ​អរិយធម៌​អង្គរ​ដែល​មាន​ភាព​រុងរឿង ភាពអស្ចារ្យ​ សំណង់ និង​សិល្បៈ ដូច​អារិយធម៌​ទាំង​នោះ​ដែរ​ មិន​សូវ​មាន​អ្នក​ស្គាល់​នៅ​សហរដ្ឋ​អាមេរិក​ទេ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​សៀវភៅ​នេះ នឹង​មាន​មនុស្ស​មួយ​ចំនួន​ថែម​ទៀត​ដឹង​អំពី​អរិយធម៌​ដ៏​អស្ចារ្យ​នេះ»។

​លោក ដេវីដ សាម្ម័រស៍ (David Summers) គឺ​ជា​មន្ត្រី​ចូលនិវត្ត​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក។ លោកបាន​អាន​សៀវភៅ​នេះ​ បាន​ប្រាប់​វីអូអេ​ នៅ​ឯពិធី​ផ្សព្វផ្សាយ​សៀវភៅ​ប្រលោម​លោក​នេះ ​ថា នេះ​គឺ​ជា​សៀវភៅ​ប្រលោម​លោក​ដ៏​អស្ចារ្យខ្នាត​វែង៥០០​ទំព័រ​ ដែលជួយ​ដល់​ការ​ស្រមៃ​របស់​លោក​អំពី​រឿងរ៉ាវ​នៃ​សម័យ​អង្គរ។

«ខ្ញុំ​ខ្លួន​ឯង​ធ្លាប់​បាន​ទៅ​មើល​អង្គរ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​អាន​សៀវភៅនេះ ពីព្រោះ​នៅ ពេល​ដែល​ខ្ញុំ​នៅ​ទីនោះ ខ្ញុំ​ស្ញប់​ស្ញែង​នឹង​ភាព​អស្ចារ្យ​របស់​អង្គរគឺ​ធំ​ជាង​ការ​គិត​របស់​ខ្ញុំ អាថ៌កំបាំង​ជាង ខ្ពស់​ជាង និង​ស្អាត​ជាង​ការ​គិត​របស់​ខ្ញុំ​ឆ្ងាយ​ណាស់»។ ពេល​នោះ​ខ្ញុំ​មាន​សំណួរថា «អ្នក​ណា​នៅ​ទី​នេះ?» «អ្នក​ណា​សង់​?» គ្មាន​ចម្លើយ​ល្អ​ទេ។ គេ​ថា «ខ្ញុំ​គិតថា ប្រហែល​ជា​ធារាសាស្ត្រ ប្រហែល​ជា​របៀប​ធ្វើ​ស្រែនៅ​ពេល​នោះ​ ហើយ​ដែល​ធ្វើ​ឲ្យ​សម័យ​នោះ​ក្លាយ​ជា​មហា​អាណាចក្រ។ ដូច្នេះ​សៀវភៅ​នេះ​ប្រាប់​រឿង​រ៉ាវ​ទាំង​នោះ»។

ចំណែក​នាង ឡាយ ប៉ូលីន ខ្មែរ​អាមេរិកាំង​ម្នាក់នៅ​រដ្ឋ​វីជីញ៉ា ​ដែល​ចូល​រួម​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​នោះដែរ ប្រាប់​វីអូអេ​ ថា នាង​ចង់អានសៀវភៅ​ប្រលោម​លោក​ ​រឿង «ស្រ្តី​នៃ​អង្គរ»​ ដោយ​សារ​នាង​ចង់​ដឹង​អំពី​ដំណើរ​ជីវិតនិង​វប្បធម៌​ខ្មែរ​សម័យ​អង្គរ។

«ខ្ញុំ​ពិត​ជា​ចង់​យល់​ដឹង​អំពី​អន្តរកម្ម​រវាងតូអង្គ​ស្រ្តី​នៃ​អង្គរ ដែល​រស់​ជា​ប្រជា​ពលរដ្ឋ​ធម្មតា និង​ការ​ធ្វើ​អន្តរកាល​ និងរាល់​បញ្ញតិ្ត​ច្បាប់។ ដូច្នេះ​ខ្ញុំ​ពិត​ជា​ចង់​យល់​ដឹង​អំពី​វប្បធម៌និង​ប្រវត្តិ​សាស្ត្រ​សម័យ​នោះ»។

សៀវភៅ​ប្រលោមលោក​រឿង«ស្រី្ត​នៃ​អង្គរ»​លក់​អស់​គ្មាន​សល់​នៅបណ្ណា​គារ​ One Page Book៕
XS
SM
MD
LG