«ជាបិតាបដិវត្តន៍នៃប្រព័ន្ធឌីជីថល ដែលប្រកបដោយចក្ខុវិស័យនិងដ៏អស្ចារ្យ» ទាំងនេះជាបែបផែនដែលគេប្រើសម្រាប់ពិពណ៌នាអំពីលោក Steve Jobs សហស្ថាបនិកក្រុមហ៊ុន Apple ដែលលោកត្រូវបានគេទទួលស្គាល់ថាមានឥទ្ធិពលក្នុងវិស័យបច្ចេកវិទ្យានិងវិស័យតន្ត្រីចម្រៀង។ នៅជាងបីឆ្នាំក្រោយពេលដែលលោកទទួលមរណភាព អ្នកបង្កើតថ្មីនិងជាពាណិជ្ជករមួយរូបនេះ ជាកត្តាជំរុញនូវការសរសេរសៀវភៅថ្មីមួយដែលមានចំណងជើងថា Becoming Steve Jobs: The Evolution of a Reckless Upstart into a Visionary Leader ឬ «ក្លាយខ្លួនជា Steve Jobs៖ ការវិវត្តពីដើមកំណើតធ្វេសប្រហែលទៅជាមេដឹកនាំប្រកបដោយទស្សនវិស័យ»។ តាមរយៈការសម្ភាសជាមួយអ្នកដែលស្គាល់លោក Jobs ជិតដិត សៀវភៅបានបង្ហាញពីរូបភាពនៃបុគ្គលធម្មតាម្នាក់ដែលទទួលបានជោគជ័យដែលនឹកស្មានមិនដល់។
កាលពីឆ្នាំ២០០៩ នាយកប្រតិបត្តិជាន់ខ្ពស់លោក Tim Cook បានចូលទៅសាកសួរលោក Steve Jobs ដែលត្រូវជាចៅហ្វាយ ជាអ្នកណែនាំ និងជាមិត្ត ភក្តិដែលមានជំងឺ និងកំពុងរង់ចាំទទួលការវះកាត់ប្តូរថ្លើមរបស់គាត់។ លោក Cook មានអំណោយមួយដល់លោក Steve Jobs។
«ជាការពិតទៅលោកបានស្ម័គ្រចិត្តប្តូរថ្លើមរបស់លោកជាមួយលោក Steve Jobs ប៉ុន្តែលោក Jobs បដិសេធ»។
នេះជាសៀវភៅមួយក្នុងចំណោមសៀវភៅមួយចំនួនដែលលោក Rick Tetzeli អ្នករាយការណ៍អំពីរឿងបច្ចេកវិទ្យា បានចែករំលែកក្នុងសៀវភៅ Becoming Steve Jobs ដែលលោកបានសរសេរជាមួយលោក Brent Schlender ដែលជាអ្នកសារព័ត៌មានពាណិជ្ជកម្មមួយរូប។
«លោក Cook បានប្រាប់ពួកយើងពីរឿងនេះ ពីព្រោះលោកបានគិតថា នេះជារឿងមួយដែលបង្ហាញថា លោក Jobs មិនមែនជាមនុស្សអាត្មានិយមនោះទេ ក៏ប៉ុន្តែនេះជារឿងមួយដែលបានបង្ហាញពីទំនាក់ទំនងដ៏ជិតដិតរវាងលោក Jobs និងអនុប្រធានសំខាន់ៗរបស់គាត់»។
តាមរយៈរឿងទាំងនេះ លោក Tetzeli ថ្លែងថា លោកនិងលោក Schlender បានព្យាយាមក្នុងការស្វែងយល់ពីអត្តចរិតរបស់លោកJobs។ លោកជាទូទៅត្រូវបានចាត់ទុកថា ជាមនុស្សម្នាក់ដែលពិបាកយល់ និងជាមនុស្សដែលងប់នឹងភាពល្អិតល្អន់នៃការច្នៃមូដផលិតផលរបស់លោក។
«ប្រសិនបើយើងធ្វើការជិតដិតនឹងលោក Steve Jobs អ្នកត្រូវតែហ៊ានប្រឈមមុខនឹងលោក។ លោកបញ្ឈប់ការងារអ្នកដែលមិនប្រឆាំងតបតដើម្បីការពារគំនិតរបស់ខ្លួន។ ដូច្នេះលោកមានការឈ្លោះប្រកែកជាមួយប្រធានគ្រប់គ្រងជិតស្និតរបស់លោកទាំងអស់។ ការតបតយោបល់នេះហើយដែលជាវិធីមួយដែលលោកគិតថា អាចឲ្យបង្កើតបាននូវផលិតផលដ៏ឥតខ្ចោះមួយ។ ដូច្នេះហើយលោកអាចពិបាកធ្វើការជាមួយ ប៉ុន្តែលោកមានចំណាប់អារម្មណ៍ចំពោះជីវិតផ្ទាល់ខ្លួនរបស់អ្នកដទៃ ហើយលោកមានសមត្ថភាពក្នុងការជំរុញទឹកចិត្តមនុស្ស។
លុយកាក់មានសារៈសំខាន់ ហើយអ្នកដែលធ្វើការឲ្យលោកជិតដិតនោះរកបានប្រាក់ចំណូលបានយ៉ាងច្រើន ប៉ុន្តែលោកផ្តោតសំខាន់ទៅលើគុណភាពការងារ ដែលអ្នកអាចធ្វើទៅបាន។
ហើយសូម្បីតែអ្នកដែលត្រូវបានលោកបណ្តេញចេញនោះឬអ្នកដែលបញ្ចប់ទំនាក់ទំនងជាមួយគាត់ សុទ្ធសឹងតែបាននិយាយថា ពួកគេបានធ្វើការល្អជាងគេអស់ពីសមត្ថភាពខណៈពេលដែលពួកគេកំពុងធ្វើការឲ្យលោកJobs។
អ្នកនិពន្ធបានសម្ភាសលោក Bill Gate ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft អ្នកបង្កើតថ្មី ម្នាក់ដែលស្រឡាញ់មនុស្សធម៌។ Tetzeli និយាយថាទំនាក់ទំនងរវាងសហគ្រិនបច្ចេកវិទ្យាទាំងពីរនាក់នេះមានការផ្លាស់ប្តូរតាំងពីពួកគេទាំងពីរនៅជាដៃគូប្រកួតប្រជែងរហូតក្លាយជាមិត្តភក្តិ។
«មានការប្រកួតប្រជែងជាច្រើន ហើយពួកគេទាំងពីរថែមទាំងបាននិយាយពាក្យមិនល្អអំពីគ្នាទៅវិញទៅមកក្នុងអំឡុងជីវិតអាជីពរបស់ពួកគេ ប៉ុន្តែកុំភ្លេចថា លោក Bill Gate បានដើរចេញ។ លើកចុងក្រោយបំផុតដែលលោកនៅជានាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft នោះគឺកាលពីឆ្នាំ២០០០។ គាត់លែងជាដៃគូប្រជែងផ្ទាល់ជាមួយក្រុមហ៊ុន Apple ក្នុងរយៈពេល១១ឆ្នាំចុងក្រោយនៃជីវិតលោក Jobs ទៀតឡើង។ ក្នុងពេលនោះ ចាប់តាំងពីពួកគេបញ្ចប់ការប្រកួតប្រជែងដោយផ្ទាល់នោះមក ពួកគេចាប់ផ្តើមសរសើរគ្នាច្រើនជាងកាលពីអតីតកាលទៅវិញ»។
លោកបាននិយាយថា លោក Steve Jobs ខ្លួនគាត់មានការផ្លាស់ប្តូរ។ លោក Jobs ដែលត្រូវជាអ្នកដឹកនាំក្រុមហ៊ុន Apple កាលពីមុនដែលត្រូវបានបង្ខំឲ្យចាកចេញពីក្រុមហ៊ុនកាលពីឆ្នាំ១៩៨៥នោះ គឺមានលក្ខណៈខុសគ្នាច្រើនពីលោក Jobs បន្ទាប់ពីគាត់បានត្រឡប់មកវិញនៅឆ្នាំ១៩៩៧ ដើម្បីគ្រប់គ្រងក្រុមហ៊ុនដដែលនេះ ហើយបានធ្វើឲ្យក្រុមហ៊ុននេះទទួលបានភាពជោគជ័យដែលពុំដែលធ្លាប់មានក្រុមហ៊ុនណានៅក្នុងពិភពលោកអាចធ្វើទៅបាន។
គាត់មិនមែនជាមនុស្សដែលរស់នៅក្នុងអតីតកាលនោះទេ។ គាត់មិនមើលទៅអតីតកាលច្រើននោះទេ ប៉ុន្តែគាត់បាននិយាយថា គាត់ពិតជាសំណាងណាស់ដែលបានធ្វើការនៅក្រុមហ៊ុន Apple ម្តងទៀត។ គាត់រៀនបានច្រើនណាស់ប៉ុន្មានឆ្នាំដែលលោកមិននៅក្រុមហ៊ុននេះ។ គាត់បានព្យាយាមធ្វើអ្វីជាច្រើនអំឡុងពេលប៉ុន្មានឆ្នាំដែលគាត់មិនបានទៅធ្វើការនៅ Apple នោះ ដែលមិនបានសម្រេច ប៉ុន្តែលោកក៏នៅបានរៀនសូត្រជាច្រើនពីវា»។
បើធ្វើការសង្កេតមើលជីវិតនិងការងាររបស់គាត់ឲ្យបានល្អិតល្អន់នោះ លោក Tetzeli និយាយថា យើងអាចចាប់អារម្មណ៍ឃើញថា លោក Steve Jobs មានចំណុចសំខាន់ពីរ។
«បើនិយាយពីបច្ចេកវិទ្យា ទូរស័ព្ទ iPhone គឺជាចំណុចកំពូលនៃអាជីពរបស់គាត់។ វាគឺជាឧបករណ៍សំខាន់បំផុតដែលលោកបានបង្កើតឡើង។ វាបានផ្លាស់ប្តូរនូវទស្សនៈរបស់យើងទៅលើបច្ចេកវិទ្យា។ វាបានធ្វើឲ្យបច្ចេកវិទ្យាអាចចល័តបានដោយងាយ ដែលយើងពុំធ្លាប់បានឃើញពីមុនមក។ វាពិតជាការផ្លាស់ប្តូរយ៉ាងខ្លាំងពីពិភពលោកមួយដែលបច្ចេកវិទ្យាមួយដែលធ្លាប់តែនៅជាប់មួយកន្លែងលើតុ។ ទាក់ទិននឹងកេរដំណែលរបស់លោក ខ្ញុំគិតថាគាត់បានខិតខំធ្វើការយ៉ាងមោះមុតកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីភាពជោគជ័យនិងបង្កើតនូវប្រព័ន្ធនិងរបៀបនៃការគិតដែលអាចដំណើរការនៅថ្ងៃមុខទៀតបន្ទាប់ពីលោកបានលាចាកលោកទៅនោះ។ នៅពេលដែលយើងរាល់គ្នាចាត់ទុកថា ក្រុមហ៊ុន Apple មានទំហំពីរដងធំជាងនៅពេលដែលលោក Jobs ស្លាប់ទៅនិងនៅតែស្ថិតក្នុងស្ថានការណ៍ប្រថុយប្រថាន ក៏ប៉ុន្តែជាមួយនឹងឧបករណ៍ដ៏ទំនើបដូចជានាឡិកាដៃ Apple នោះ ខ្ញុំគិតថា ដូចនូវអ្វីដែលយើងបានដឹងនេះ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនដ៏ខ្លាំងកា្លនិងអស្ចារ្យនេះគឺជាកេរដំណែលដ៏អស្ចារ្យបំផុតរបស់លោក Steve Jobs។
លោក Tetzeli ថ្លែងថា គាត់សង្ឃឹមថាអ្នកបង្កើតឧបករណ៍ថ្មីជំនាន់ក្រោយនឹងសញ្ជឹងគិតនូវគន្លងរបស់លោក Steve Jobs ដើម្បីស្វែងយល់នូវអាថ៌កំបាំងដើម្បីឆ្ពោះទៅរកភាពជោគជ័យរបស់លោក។
អ្នកគួរតែទទួលយកនូវគំនិតពីគ្រប់ទិសទី។ លោក Jobs មិនមែនជាមនុស្សដែលមានទស្សនៈតូចចង្អៀតនោះទេ។ គាត់គឺមនុស្សម្នាក់ដែលមានការពិចារណាខ្ពស់។ គាត់ខិតខំក្នុងការធ្វើការងារ ប៉ុន្តែគំនិតរបស់គាត់គឺមកពីគ្រប់ទិសទី។ គាត់ទទួលនូវគំនិតពីថ្នាក់ដឹកនាំក្រុមហ៊ុន គាត់ទទួលនូវគំនិតតាមរយៈការប្រស្រ័យទាក់ទងនឹងមនុស្សគ្រប់គ្នាដែលធ្វើការក្នុងវិស័យផ្សេងៗ ហើយគាត់ទទួលនូវគំនិតខ្លះពីអ្វីដែលគាត់បានអាន។
សហអ្នកនិពន្ធសៀវភៅ Becoming Steve Jobs គឺលោក Rick Tetzeli រៀបរាប់ថា នេះគឺជាអ្វីដែលលោកចង់ឲ្យអ្នកអានជំនាន់ក្រោយទទួលបានពីសៀវភៅនេះ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា