ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​«Brothers in Arms»​​ បង្ហាញ​ថា ចិន​ពាក់ព័ន្ធ​ជ្រាលជ្រៅ​ក្នុង​របប​ខ្មែរក្រហម


រូបភាព​នៃ​គម្រប​សៀវភៅ ដែល​មាន​ឈ្មោះថា ​«Brothers ​in ​Arms»​ឬ​ហៅ​ថា​ «បងប្អូន​​រួម​អាវុធ»។​
រូបភាព​នៃ​គម្រប​សៀវភៅ ដែល​មាន​ឈ្មោះថា ​«Brothers ​in ​Arms»​ឬ​ហៅ​ថា​ «បងប្អូន​​រួម​អាវុធ»។​
ប្រទេស​ចិន​ត្រូវគេ​មើល​ឃើញ​ថា​ បាន​ពាក់ព័ន្ធ​ជ្រៅ​ក្នុង​របប​ខ្មែរក្រហម​ចាប់​ពី​ទស​វត្សរ៍​១៩៧០​មក​ ទោះជា​ភស្តុតាង​នានា​ និង​ការ​និយាយ​ពីរឿង​ពាក់ព័ន្ធ​ជា​មួយ​ចិន​នេះ​មិន​សូវមាន​ការ​បង្ហាញ​ ឬ​និយាយ​ច្រើន​មានក្តី។​ ហើយ​បើតាម​ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជាច្រើន​ រាប់​ទាំង​អាវុធ​ ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ នេះ​ជា​ការ​អះអាង​ក្នុង​សៀវភៅ​ថ្មី​មួយ​ឈ្មោះ​«Brothers ​in ​Arms»​ឬ​ហៅ​ថា​ «បងប្អូនរួម​អាវុធ»​ និង​អ្នក​និពន្ធ​គឺ​សាស្ត្រាចារ្យ​អាមេរិកាំង Andrew​ Mertha។​

«ជាមួយ​នឹង​វិសាល​ភាព​បីសំខាន់​នៃការ​ផ្តល់​ជំនួយ​គឺ​ជំនួយ​យោធា ​ពាណិជ្ជ​កម្ម ​ហើយនឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នោះ​ ជំនួយ​ចិន​មាន​លទ្ធភាព​ធ្វើឲ្យ​គោល​នយោ បាយ​កម្ពុជា​ប្រជា​ធិបតេយ្យ​ប្រសើរ​ឡើង​ តាម​វិធី​ដែល​ទោរទន់​ទៅ​រក​ក្រុង​ប៉េកាំង​ តាម​រយៈ​ជំនួញ​ និង​ពាណិជ្ជ​កម្ម​តែ​ប៉ុណ្ណោះ។​ វិស័យ​ពីរ​ទៀត​ គេ​បាន​ឃើញ​ថា ​ផ្តល់​ប្រយោជន៍​ត្រឡប់​ទៅ​ចិន​វិញ​យ៉ាងច្រើន​ បើ​ទោះ​ជាមាន​ហេតុផល​នានា​ជំទាស់​ទាំង​ស្រុង​ក្តី»។

លោក​បាន​បន្ថែម​ថា​ ការ​ចាប់ផ្តើម​សរសេរ​សៀវភៅ​នេះ​ដំបូង​គឺដោយ​សារ​តែ​លោក​បាន​ឃើញ​សមិទ្ធិផល​ចិន​មួយ​ចំនួន​ ជាពិសេស​ព្រលាន​យន្តហោះ​យោធា​បាក់បែក​ និង​ទីបញ្ជាការ​កងទ័ព​ ដែលចិន​សាងសង់​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំង ​ដែល​មិត្ត​ភ័ក្រ​របស់​លោក​បាន​ជូន​ទៅ​មើល។

«ចំណុច​សំខាន់​ជា​ការណ៍ពិត​គឺ​និយាយ​ច្រើន​អំពី​នយោបាយ​ចិន​ក្នុង​នយោបាយ​កម្ពុជា​ ​ តែ​ចំណុច​សំខាន់​នៃ​សៀវ​ភៅនេះ​គឺ​ថា ​ពួកយើង​ជា​បញ្ញវ័ន្ត​ស្រាវជ្រាវ​បញ្ហា​ប្រទេស​ចិន យើងតែង​សំឡឹង​មើល​នយោបាយ​ក្នុង​ស្រុក​ចិន​ដែល​ជា​នយោបាយ​ប្រកប​ដោយ​ការិយាធិបតេយ្យ​មួយ​នៃ​ស្ថាប័ន​មូលដ្ឋាន​របស់​ចិន​ ដែល​ជា​ទូទៅ​មិន​បាន​ដំណើរការ​ល្អ​ទាល់តែ​សោះ​នោះ។​ នយោបាយ​ទាំងនោះ​ វាស្មុគ​ស្មាញ​ នយោបាយ​ទាំងនោះ​ត្រូវគេ​ប្រើប្រាស់​ជា​នយោបាយ​ ហើយ​ចិន​មាន​វិធី​តិចតួច​ដែល​គេ​អាច​តវ៉ា​ទៅ​កាន់​ភាគី​ទី៣​ដូចជា​រចនា​សម្ព័ន្ធ​តុលាការ ​និង​ច្បាប់​ជាដើម»។​

លោក ​Mertha ​បាន​បញ្ជាក់​ពី​ការ​ចាប់​ផ្តើម​សរសេរ​សៀវភៅ​របស់​លោក​ថា៖​

«វា​ជា​រឿង​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​ថា​ ចិន​ពិត​ជា​បាន​ធ្វើអ្វីៗ​មែន​ ហើយ​ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត​តើ​មាន​អ្វីខ្លះ។​ ហើយ​ដោយសារ​តែខ្ញុំ​ឃើញ​បញ្ហា​ហើយ​មិន​អាច​និយាយ​ពីបញ្ហា​នោះ​បាន។​ ដោយសារខ្វះ​សៀវភៅ ​និង​អត្ថបទ​ព័ត៌មាន​នៅ​ពេលនោះ​ ខ្ញុំក៏​សម្រេច​ចិត្ត​ថា ​ខ្ញុំចាំបាច់​ត្រូវតែ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង»។​

សៀវភៅ​«បងប្អូន​រួមអាវុធ»​នេះ​បាន​សរសេរ​ថា​ ប្រទេស​ចិន​បាន​ចូលរួម​ពាក់ព័ន្ធ​គ្រប់ ទិដ្ឋភាព​គ្រប់ថ្នាក់​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​មាន​អំណាច។​ ចាប់ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ ​ចិន​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដល់​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា​និរទេស​ក្នុង​ប្រទេស​ចិន​ ដែល​មាន​ក្រុម​ខ្មែរ​ក្រហម​ស្ថិត​នៅ​ក្នុង​នោះ​ផង​ដែរ​ ហើយ​ចិន​ក៏ផ្តល់​ជំនួយ​ជា​អាវុធ ​សម្លៀក​បំពាក់​ ស្បៀងអាហារ​ និង​ជំនួយ​ផ្សេងៗ​ទៀត​ នៅ​ពេល​ទំនាក់​ទំនង​ចិន​ និង​វៀតណាម​មាន​ការ​បែកបាក់។​

លោក​បណ្ឌិត​ John Ciorciari​ សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ ​Michigan​ ​ផ្នែកគោល​នយោបាយ​សាធារណៈ​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​បាន​ជួយ​គាំទ្រ​ខ្មែរក្រហម​ដោយ​ផ្ទាល់​និង​មិន​ផ្ទាល់​ រហូត​ដល់​ទសវត្សរ៍​១៩៩០​ ក្រោយ​សម័យ​អ៊ុនតាក់​ តែ​ចិន​តែង​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ទេ។​

«ប្រទេស​ចិន​មិន​ចង់ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រោម​របប​ខ្មែរក្រហម​ទេ​ តែ​ចិន ជា​ការណ៍ពិត​ បាន​ទទួល​ស្គាល់​ថា​ ខ្លួន​បាន​ផ្តល់​ជំនួយ​ដល់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​តែ​បាន​បដិសេធ​ការ​ចូលរួម​ពាក់ព័ន្ធ​ចំពោះ​ការ​គាំទ្រ​ដល់​គោល​នយោបាយ​ដ៏សាហាវ​ឃោរឃៅ​ដែល​ខ្មែរក្រហម​បានអនុវត្ត​ ហើយ​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងច្រើន​ស្លាប់​នោះ»។​

លោក​បាន​អះអាង​ថា ​ទោះជា​ប្រទេស​ចិន​បាន​បដិសេធ​មែន​ពីការ​ដែល​ខ្លួន​មិន​បាន​សម្រប​សម្រួល​ ឬ​ជួយ​ដល់​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរមែន​ តែ​ជំនួយ​របស់​ចិន​ដែល​បន្ត​គាំទ្រ​ឲ្យ​ប៉ុលពត​ស្ថិតនៅ​ក្នុង​អំណាច​គឺមាន​ឥទ្ធិពល។​ កាលពី​ឆ្នាំ​២០១០ ​ លោក​ឯកអគ្គ​រដ្ឋទូត​ចិន​ Zhang Jinfeng​ ប្រចាំ​កម្ពុជា​ត្រូវ​សៀវភៅ​«បងប្អូន​រួម​អាវុធ»​នេះចុះផ្សាយ​ថា​ លោក​អះអាង​ថា​ «រដ្ឋាភិបាល​ចិន​មិន​ធ្លាប់​ចូលរួម​ ឬ​អន្តរាគមន៍​ក្នុង​នយោបាយ​នៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ​ទេ»។​

លោក ​Mertha ​បាន​អះអាង​ថា​ ការ​ស្រាវជ្រាវ​របស់​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចិន​មាន​ឥទ្ធិល​តិចជាង​ការ​រំពឹង​ទុក​របស់​លោក​លើ​របប​ខ្មែរក្រហម ​ដែល​ទំនង​ជា​ពួក​គេ​មិន​បាន​ដឹងច្បាស់​អំពី​ការ​កាប់​សម្លាប់​ទេ​ ដោយសារ​ចិន​មិន​ដាក់​លក្ខខណ្ឌ​ចំពោះ​ជំនួយ​ដែល​ខ្លួន​ផ្តល់។​

«តែ​ទាក់ទង​នឹង​វិធាន​ការ​សម្លាប់​ពិតប្រាកដ​ ខ្ញុំ​គិត​ថា​ ចិន​ប្រហែល​ជាមាន​ការ​សង្ស័យ​ខ្លះ​ ស្របតាម​លំនាំ​នៃ​ការ​សម្លាប់​ដែល​បាន​កើត​ឡើង​នោះ។​ ខ្ញុំ​គិត​ថា​ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ហ្មត់ចត់​ប្រកប​ដោយ​ជោគជ័យ​ក្នុង​ការ​រក្សា​ការ​សម្ងាត់​ មិនឲ្យប្រទេស​ចិន​ដឹង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ជាក់​លាក់​នោះ»។​

លោក​បន្ត​ថា​ មាន​អ្នក​ជំនាញ​ការ​ចិន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​ការ​ប្រឈម​មុខ​នឹង​យុទ្ធនាការ​របស់​មេដឹក​នាំចិន​ ម៉ៅ​ហ្ស៊េទុង​ផងដែរ ​ដែល​តម្រង់​គោល​ដៅ​សម្លាប់​ក្រុម​បញ្ញវ័ន្ត​នៅចុង​ទស​វត្សរ៍​១៩៥០ ​និង​១៩៦០។​ ដូច្នេះ​គេ​ដឹង​ពិត​ប្រាកដ​ចំពោះ​នយោបាយ​សម្លាប់​កើតឡើង​យ៉ាងណា​នោះ​ ហើយ​ក៏​ដឹង​ដែរ ​នៅ​ពេល​ដែល​ខ្លួន​មិន​ស្ថិត​នៅក្នុង​ភាព​ពេញ​និយម​ផ្នែក​នយោបាយ​ទៀត​នោះ​ គឺ​ប្រាកដ​ជាត្រូវ​ជំនួស​ដោយ​នរណា​ម្នាក់​ផ្សេង​ទៀត។​

លោកយុ ឆាំង ​ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ដែល​ធ្វើការ​ស្រាវជ្រាវ​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។​ អង្គការ​របស់​លោក​ជា​អង្គការ​ដែល​បាន​ផ្តល់​ឯកសារ​យ៉ាង​ច្រើន​ដល់​សាលាក្តី​កាត់ទោស​ខ្មែរក្រហម។​ លោក​បានពន្យល់​ពី​ប្រវត្តិ​សាស្ត្រ​នេះ​ដ៏​ប្រយ័ត្ន​ប្រយែង។ ​លោក​បាន​បញ្ជាក់​ថា ​សម័យ​ខ្មែរក្រហម​មាន​ប្រទេស​ចិន​នេះ​ជាមិត្ត​ជិតស្និទ្ធ​បំផុត​តាំងពី​ថ្នាក់​មជ្ឈឹម។​

«យោង​តាម​ឯកសារ​ដែល​យើង​ស្រាវជ្រាវ​ ហើយ​ឯកសារ​ជាច្រើន​ដែល​យើង​ផ្តល់​ជូន​ទៅ​ក្រុម​បញ្ញវ័ន​ស្រាវជ្រាវ ​(Scholars) ​តែអ្នក​ស្រាវជ្រាវ​គាត់​បាន​វិភាគ​ផ្សេងៗ​គ្នា​ទៅ​យោង​តាម​ឯកសារ​ជាក់ស្តែង។​ ទីប្រឹក្សា​ចិន​គឺ​មាន​តាំងពី​ថ្នាក់​កំពូល​ ថ្នាក់​មជ្ឈិម​ និង​ថ្នាក់​មូលដ្ឋាន។​ ថ្នាក់​មូលដ្ឋាន​និយាយ​អំពី​មន្ត្រី​ចិន​ អ្នក​ឯកទេស​ចិន​បង្វឹក​ បង្ហាត់​ឆ្មាំ​គុក​ ហើយ​ចុះ​ផ្ទាល់​ទៅ​សង្កេត​ការណ៍​ចាប់​ខ្មាំង​របស់​អង្គការ​ទៀត។​ ហើយ​ឯកសារ​ទាំង​អស់​នេះ ​វា​មាន​សម្បូរណ៍​បែប ​វា​មាន​ជា​រូបថត​ ហើយ​សាក្សីក៏​មាន​នៅរស់​ជាច្រើន​ដែល​ធ្លាប់​បម្រើ​ជា​ទីប្រឹក្សា​របស់​ចិន​នៅ​តាម​មូលដ្ឋាន​ហ្នឹង​ក៏នៅ​មាន​នៅ​រស់​ដែរ។​ ​ ហើយ​យើង​ក៏បាន​សម្ភាស​គាត់​ជាច្រើន​ដែរ​ រាប់រយ​ រាប់​ពាន់​នាក់»។​

លោកយុ ឆាំងបាន​អះអាង​ថា ​ចិន​នៅតែ​មិន​បោះបង់​ចោល​សម័្ពន្ធ​មិត្ត​របស់​ខ្លួន ​ទេ​ដែល​គេ​អាចមើល​ឃើញ​តាម​រយៈ​ជំនួយ​សាងសង់​ផ្លូវ​ទៅកាន់​តំបន់​អតីត​ខ្មែរក្រហម​ជាង​២០​សព្វថ្ងៃ​ ជាជំនួយ​របស់​ចិន។​

«នេះ​យើង​មិនមែន​និយាយ​ជា​ការ​ចៃដន្យទេ​ តែ​ប្រទេស​ចិន​នៅតែ​មាន​គំនិត​មួយ​ មិន​ព្រម​ទទួល​ស្គាល់​ថា ​ខ្លួន​បាន​ជួយ​ជ្រោម​ជ្រែង​របប​មួយ​ដែលធ្វើ​ឲ្យ​ស្លាប់​មនុស្ស​រាប់​លាន​នាក់។ ​តែ​ជា​សម្ព័ន្ធមិត្ត​ ចិន​នៅតែ​គិត​ជា​ប្រយោល​ចំពោះ​សម្ព័ន្ធ​មិត្ត​ចាស់​របស់​ខ្លួន។​ ហើយ​សំណួរ​មួយ​សួរ​ទៀត​ថា ​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ​ជា​សត្រូវ​របស់​ចិន​ ព្រោះ​កាលនោះ​មាន​វៀតណាម​ជាអ្នក​គ្រប់គ្រង ​តែ​តើ​ហេតុ​ដូចម្តេច​បាន​ជា​រដ្ឋាភិបាល​ចិន​អាច​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន ​ដែល​ជា​អតីត​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​ដែល​ប្រឆាំង​នឹង​ចិន​ដាច់ខាត​ជាទី​បំផុត​កាលពី​ទសវត្សរ៍​១៩៨០»។​

លោកយុ ឆាំង​បាន​អះអាង​ដែរ​ថា​ ការ​ដែល​ចិន​អាច​ធ្វើការ​បាន​នេះ​ ដោយសារ​ចិន​ សំឡឹង​មើលទៅ​លើ​ទីផ្សារ​សេដ្ឋ​កិច្ច​អាស៊ាន​ ហើយ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ចិនអាច​លូកដៃ​បាន​ បើ​សិន​ជា​យើង​ប្រៀបធៀប​ទៅនឹង​ប្រទេស​ទាំង​១០។​

លោក​បន្ត​ថា ​ចិនមិន​មែន​ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស​ទេ​ ដូច្នេះ​ការ​ស្លាប់​មនុស្ស​ ការ​ធ្វើ​ពលកម្ម​សម័យ​ខ្មែរក្រហម​ ប្រហែល​ជា​ចិន​មិន​អាច​មើល​ឃើញ​ ព្រោះវា​ជាអ្វី​ដែល​ខ្លួន​មាន​ទម្លាប់​ក្នុង​ប្រវត្តិ​បដិវត្តន៍​វប្បធម៌​ចិន​ដែល​បរាជ័យ​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​សាស្ត្រាចារ្យ​ ​James Tyner​ សាស្ត្រាចារ្យ​ផ្នែក​ភូមិសាស្រ្ត​ពលរដ្ឋ​នៃ​សាកល​វិទ្យាល័យ ​Kent State​ រដ្ឋ​ Ohio​ បាន​ថ្លែង​ថា​ ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ចំពោះ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​

«ប្រាកដ​ណាស់​ថា​ មាន​មន្ត្រី​ចិន​ជា​ច្រើន​អាច​ដឹង​អំពី​ស្ថាន​ការណ៍​មហន្តរាយ​ ពាសពេញ​ប្រទេស​ ដូចជា​ការអត់​អាហារ​ដែល​រីករាល​ដាល​ និង​ជំងឺ​ផ្សេងៗ។​ ទោះជា​យ៉ាងណា​ក៏ដោយ ចិន​ក៏​បាន​នាំចូល​ផង​ដែរ​ យ៉ាង​ហោច​ណាស់​ពីឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៧៧​ នូវ​ថ្នាំពេទ្យ ​និង​សម្ភារៈ​ផ្គត់ផ្គង់​ផ្សេងៗ​ទៅ​កាន់​របប​ខ្មែរ​ក្រហម។​ គេ​ក៏នឹក​ឃើញ​ដែរ​ចំពោះ​ការ​ហ្វឹកហ្វឺន​បុគ្គលិក​សុខា​ភិបាល។​ ជារឿង​គេ​ក៏​អាច​និយាយ​បាន​ដែរ​ថា ​មន្ត្រី​ចិន​ទាំង​នោះ​ទំនង​ជា​ដឹង​រឿង​ទាំង​ឡាយ​ តែ​នឹកស្មាន​ថា ​ខ្មែរក្រហម​ដោះស្រាយ​ស្ថាន​ការណ៍​ទាំង​នេះ»។​

លោក​បាន​ពន្យល់​ពីមូល​ហេតុ​ដែល​ចិន​នៅតែ​ជួយ​ដល់​ខ្មែរក្រហម​និង​ជួយ​ដល់​ រដ្ឋាភិបាល​បច្ចុប្បន្ន​ថា៖

«គោល​បំណង​របស់​ចិន​មាន​ទាំងពីរ​គឺ​ទាំង​ការ​ចំណេញ​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច។​ ការ​គិត​របស់​ខ្ញុំ​លើ​បញ្ហា​នេះ​គឺ​ថា ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ពេល​នោះ​ ហើយ​នឹង​កម្ពុជា​បច្ចុប្បន្ន​នេះ​បានដើរ​តួ​ ជានិច្ច​ជាកាល ​ជាកូន​អុក​ក្នុង​បញ្ហា​នយោបាយ​ភូមិសាស្ត្រ​ដ៏​ធំ​ក្នុង​តំបន់»។​

នៅ​ពេល​ដែល​ការណ៍ពិត​កំពុងតែ​ហើប​ឡើង​បន្តិច​ម្តងៗ​ លោក ​Tyner ​បាន​បញ្ជាក់​ បន្ថែម​ថា​ ស្រូវ​អង្ករ​ដែល​ប្រមូល​ផល​បាន​មិនត្រូវ​គេ​ផ្តល់ជូន​ដល់​ទៅ​ពលរដ្ឋ​ខ្មែរ​ទេ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ តែ​ត្រូវ​សម្រាំង​ទុក​ ដឹក​តាម​កបាល់​ និង​រថយន្ត​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ជា​ថ្នូរ​នឹង​ថ្នាំពេទ្យ​និង​ជំនួយ​ចិន។​

របប​ខ្មែរ​ក្រហម​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជាង​១​លាន​៧សែន​នាក់​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់ឆ្នាំ​១៩៧៩​ ដោយការ​បង្អត់​អាហារ​ ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួស​កម្លាំង​ និង​ការ​កាប់​សម្លាប់​ជាដើម។​ តែ​ជន​សង្ស័យ​៣​នាក់​ប៉ុណ្ណោះ​ ទំនង​ជា​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស ​ដែល​ចាប់​ផ្តើម​៣​ទស​វត្សរ៍​ក្រោយ​ព្រឹត្តិ​ការណ៍​កាប់​សម្លាប់​កើត​ឡើង។​ហើយ​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​រឿង​គាំទ្រ​ខ្មែរ​ក្រហម ​រួមទាំង​ចិន​ផង​នោះ ​មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប.​ទេ៕
XS
SM
MD
LG