កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទទួលស្វាគមន៍មេដឹកនាំនៃប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី សម្រាប់កិច្ចប្រជុំនៃក្រុមប្រទេស Quad (Quadrilateral Security Dialogue) ដែលជាក្រុមកិច្ចសន្ទនាសន្តិសុខចតុភាគី។
កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃការជំរុញគោលនយោបាយការបរទេសរបស់លោក Biden ដើម្បីផ្ដោតលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងទប់ទល់នឹងប្រទេសចិនដែលកំពុងមានឥទ្ធិពលកើនឡើង។
នៅក្នុងកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងនោះ លោក Biden បានបញ្ជាក់ថា ក្រុមប្រទេស Quad កំពុងសម្រេចបានតាមការប្ដេជ្ញារបស់ខ្លួនដែលបានប្រកាសកាលពីខែមីនា។
លោក Biden បានថ្លែងដូច្នេះថា៖ «គម្រោងផ្ដួចផ្ដើមចាក់វ៉ាក់សាំង [កូវីដ១៩] របស់យើង កំពុងដំណើរការល្អនៅក្នុងការផលិតវ៉ាក់សាំង ១ ពាន់លានដូសបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនការផ្គត់ផ្គង់ជាសាកល។ យើងកំពុងចាត់វិធានការលើបញ្ហាប្រែប្រួលអាកាសធាតុតាមរយៈភាពជាដៃគូថ្មីឆ្ពោះទៅរកការដឹកជញ្ជូនដែលគ្មានការបញ្ចេញឧស្ម័នស្រូបកម្ដៅ»។
ប្រធានាធិបតីឥណ្ឌាលោក Narendra Modi បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា៖ «ចាប់ពីខ្សែសង្វាក់ផ្គត់ផ្គង់រហូតដល់សន្តិសុខសាកលលោក និងចាប់ពីវិធានការអាកាសធាតុរហូតដល់វិធានការកូវីដ១៩ និងកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ក្រុមប្រទេស Quad របស់យើងនឹងដើរតួជាកម្លាំងមួយសម្រាប់ប្រយោជន៍ជាសាកល»។
ទោះបីជាប្រទេសចិនមិនស្ថិតនៅលើរបៀបវារៈពិភាក្សាផ្លូវការនៃកិច្ចប្រជុំនេះក៏ដោយ ក៏ក្ដីកង្វល់ដ៏ធំបំផុតរបស់ក្រុមប្រទេស Quad គឺការគំរាមកំហែងរបស់ប្រទេសចិនលើដែនសមុទ្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific)។
ប្រទេសចិនបានសាងសង់មូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូង (South China Sea) និងបានប្រើមូលដ្ឋានយោធាទាំងនោះដើម្បីគាំទ្រការទាមទារអធិបតេយ្យភាពរបស់ខ្លួនលើសមុទ្រចិនខាងត្បូង។
បណ្ដាមេដឹកនាំនៃកិច្ចប្រជុំនេះបានសង្កត់ធ្ងន់អំពីតម្រូវការនៅក្នុងការមាន «តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានលក្ខណៈសេរីនិងបើកចំហ» ដែលនេះចង់សំដៅទៅលើជំហរគោលនយោបាយមុតមាំប្រឆាំងនឹងមហិច្ឆតារបស់រដ្ឋាភិបាលចិន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga និយាយដូច្នេះថា៖ «ប្រទេស ៤ ដែលប្រកាន់យកគុណតម្លៃជាមូលដ្ឋានដូចគ្នា ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបុព្វហេតុនៃការសម្រេចឲ្យបាននូវប្រព័ន្ធរៀបរយអន្តរជាតិមួយដែលមានលក្ខណៈសេរីនិងបើកចំហផ្អែកលើនីតិរដ្ឋនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
សម្រាប់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison វិញ លោកបានថ្លែងដូច្នេះថា៖ «យើងជឿលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ ពីព្រោះយើងដឹងថា នេះគឺជាអ្វីដែលធ្វើឲ្យតំបន់នេះមានភាពរឹងមាំ ស្ថិរភាព និងវិបុលភាព»។
ក្រុមប្រទេស Quad បានប្រកាសនូវកិច្ចព្រមព្រៀងមួយចំនួនដែលមានបំណងសំដៅដោយផ្ទាល់លើប្រទេសចិនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូបច្ចេកវិទ្យាជំនាន់ទី ៥ (5G) ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់វត្តុធាតុអេឡិចត្រូនិក Semiconductor ការពង្រឹងសន្តិសុខដែនសមុទ្រ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ជាដើម។
ប៉ុន្តែ ដោយសារសមាជិកនៃក្រុមប្រទេស Quad មានទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មផ្សេងៗគ្នាជាមួយនឹងប្រទេសចិន ពួកគេអាចមានឆន្ទៈខុសគ្នានៅក្នុងការទប់ទល់នឹងប្រទេសចិន។
អ្នកស្រី Shihoko Goto អនុប្រធានផ្នែកភូមិសាស្ត្រសេដ្ឋកិច្ចនៃមជ្ឈមណ្ឌល Wilson (Wilson Center) បាននិយាយថា៖ «យើងមិនឃើញមានឆន្ទៈរួមគ្នានៃកិច្ចប្រជុំនេះទេ ទាក់ទិននឹងបញ្ហានានាដូចជាភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងគំនិតជារួមនៃភាពធន់ផ្នែកសេដ្ឋកិច្ចជាដើម។ ជាងនេះទៀត ការប្រជែងផ្នែកសេដ្ឋកិច្ចក៏អាចធ្វើឲ្យមានការកើនឡើងនូវទស្សនៈជាតិនិយមនៅក្នុងប្រទេសទាំង ៤ នេះផ្ទាល់ផងដែរ។ ដូច្នេះ ពួកគេនឹងមិនចាំបាច់តែងតែចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានោះឡើយ គឺពួកគេក៏នឹងប្រជែងគ្នាផងដែរ»។
រដ្ឋាភិបាលចិនបានរិះគន់ក្រុមប្រទេស Quad នេះ ដោយបានបញ្ជាក់ថា ក្រុមប្រទេសនេះគួរតែលះបង់ចោលនូវ «ផ្នត់គំនិតសង្គ្រាមស៊ីវិល»។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនានាបាននិយាយថា ក្រុមប្រទេស Quad គឺជាការកម្លាដ៏សំខាន់មួយ ជាពិសេសនៅពេលដែលមានវត្តមានឥណ្ឌាចូលរួមនៅក្នុងក្រុមនេះ។
អ្នកស្រី Aparna Pande ប្រធានគម្រោងផ្ដួចផ្ដើមឥណ្ឌានៃវិទ្យាស្ថាន Hudson (Hudson Institute) បាននិយាយថា៖ «ប្រសិនបើចង់ប្រជែងនឹងប្រទេសមួយដែលមានប្រជាជនប្រហែល ១ ពាន់ ២ រយលាន ទៅ ១ ពាន់ ៣ រយលាននាក់ និងមានកម្លាំងយោធាខ្លាំងក្លានិងធនធានយ៉ាងច្រើន នោះចាំបាច់ត្រូវមានប្រទេសមួយទៀតដែលមានភាពប្រហាក់ប្រហែលគ្នាទាំងទំហំ ប្រជាជន និងយោធា និងចាត់ទុកប្រទេសចិនថាជាគូប្រជែង»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ