ឥណ្ឌានិងសហរដ្ឋអាមេរិក បានសន្យាធ្វើការជាមួយគ្នាដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួននៅអំឡុងដំណើរទស្សនកិច្ចមួយកាលពីថ្ងៃសៅរ៍ ទី២០ ខែមីនា របស់រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Lloyd Austin ទៅកាន់ទីក្រុងញូវដេលី។
ដំណើរទស្សនកិច្ចលើកដំបូងដោយមន្ត្រីកំពូលនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ទៅកាន់រដ្ឋធានីនៃប្រទេសឥណ្ឌានេះ ធ្វើឡើងនៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បោះជំហានទៅមុខដើម្បីបង្កើតសម្ព័ន្ធមិត្តនៃប្រទេសដែលអាចចាត់វិធានការប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង និងនៅពេលដែលឥណ្ឌាបង្កើនចំណងទាក់ទងកាន់តែជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេមរិកចំពេលមានក្តីបារម្ភកាន់តែខ្លាំងអំពីភាពគឃ្លើនរបស់ចិន។
ប្រទេសទាំងពីរ បានយល់ព្រមពង្រឹងកិច្ចសហការលើវិស័យការពារប្រទេសឲ្យកាន់តែស៊ីជម្រៅ ការចែករំលែកព័ត៌មានសម្ងាត់ និងភស្តុភារ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ រវាងលោករដ្ឋមន្ត្រី Austin និងសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការពារប្រទេសឥណ្ឌា លោក Rajnath Singh។
លោករដ្ឋមន្ត្រី Austin បានហៅទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា គឺជា «មូលដ្ឋានរឹងមាំនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ»។
លោករដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយនឹងលោករដ្ឋមន្ត្រី Singh ថា «ប្រទេសឥណ្ឌាជាដៃគូកាន់តែសំខាន់នៅក្នុងបរិបទអន្តរជាតិដែលមានការផ្លាស់ប្តូរលឿនក្នុងពេលសព្វថ្ងៃនេះ។ ខ្ញុំបញ្ជាក់ម្តងទៀតពីការប្តេជ្ញារបស់យើងចំពោះភាពជាដៃគូការពារប្រទេសដែលយើងទន្ទឹងរង់ចាំ និងមានភាពទូលំទូលាយជាមួយឥណ្ឌា ក្នុងនាមជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់យើងចំពោះតំបន់ឥណ្ឌូបាស៊ីហ្វិក»។
លោកបានថ្លែងបន្តថា ភាគីទាំងពីរបានពិភាក្សាអំពីឱកាសក្នុងការជំរុញភាពជាដៃគូការពារប្រទេសដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលលោកបានហៅថាជា«ការងារអាទិភាព» នៃរដ្ឋបាលរបស់លោកប្រធានាធិបតី Biden និងលោកស្រីអនុប្រធានធិបតី Harris។ លោកបានថ្លែងក្នុងន័យដើមថា៖ «យើងនឹងធ្វើកិច្ចការនេះតាមរយៈកិច្ចសហការសន្តិសុខថ្នាក់តំបន់ និងទំនាក់ទំនងយោធានិងយោធា និងពាណិជ្ជកម្មគ្រឿងសព្វាវុធ»។
រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌា លោក Singh បានថ្លែងថា កិច្ចពិភាក្សាក៏បានផ្តោតទៅលើការពង្រីកកិច្ចសហការរវាងយោធា និងយោធា។ លោកបានថ្លែងក្នុងន័យដើមថា៖ «យើងប្តេជ្ញាសម្រេចឱ្យបាននូវភាពជាដៃគូយុទ្ធសាស្ត្រសាកល ដែលមានភាពទូលំទូលាយក្នុងកម្រិតខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន»។ លោកក៏បានជំរុញឱ្យឧស្សាហកម្មសហរដ្ឋអាមេរិកវិនិយោគនៅក្នុងវិស័យការពាររបស់ឥណ្ឌាផងដែរ។
ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Austin ទៅកាន់ទីក្រុងញូវដេលីធ្វើឡើងមួយសប្តាហ៍ក្រោយពីមេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុនសន្យាធ្វើការជាមួយគ្នាដើម្បីទប់ទល់នឹងបញ្ហាប្រឈមពីប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលជាលើកដំបូងនៃក្រុមប្រទេស Quad។
ប្រទេសឥណ្ឌាជាទីតាំងយុទ្ធសាស្រ្តស្ថិតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងក្លាយជាតំបន់មានក្តីកង្វល់សម្រាប់ប្រទេសនានាដែលបារម្ភពីភាពគឃ្លើនរបស់ចិន។ កាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋាភិបាលក្រុងញូវដេលី បានធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធកងទ័ពជើងទឹករួមគ្នារបស់ប្រទេស Quad ទាំងបួននៅក្នុងមហាសមុទ្រឥណ្ឌា។
នៅក្នុងក្រុងញូវដេលី ការជាប់គាំងផ្នែកយោធាជាមួយចិនរយៈពេល៩ខែនៅក្នុងតំបន់ហិម៉ាឡៃ ដែលបង្កឡើងដោយការប៉ះទង្គិចដ៏ប្រល័យកាលពីខែមិថុនា ឆ្នាំមុន បូករួមនឹងជម្លោះព្រំដែនជាមួយចិនផងនោះ បានបង្កឱ្យមានភាពតានតឹងជាមួយប្រទេសជិតខាងរបស់ឥណ្ឌាក្នុងតំបន់ អាស៊ី។ ទោះបីជាប្រទេសទាំងពីរបានដកទាហានទៅវិញក្តី ភាពរកាំរកូសខ្លាំងក្នុងចំណងទាក់ទងជាមួយនឹងចិនធ្វើឱ្យរដ្ឋាភិបាលក្រុងញូវដេលីពន្លឿនការរឹតបន្តឹងចំណងទាក់ទងជាមួយនឹងសហរដ្ឋអាមេរិក និងដៃគូក្នុងក្រុមប្រទេស Quad ផ្សេងទៀត។
រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក លោក Austin ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំនោះ មេដឹកនាំឥណ្ឌាបានបង្ហោះសារនៅលើបណ្តាញ Twitter ថា «ឥណ្ឌា និងសហរដ្ឋអាមេរិកប្តេជ្ញាចំពោះភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងដែលជាកម្លាំងសម្រាប់កិច្ចសហការដ៏ល្អជាសាកលមួយ»។
នៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌា លោក Austin បានធ្វើទស្សនកិច្ចទៅជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់ពីររបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
អ្នកវិភាគនៅក្រុងញូវដេលីបាននិយាយថា ការឈប់សំចតរបស់លោក Austin នៅក្នុងប្រទេសឥណ្ឌាមានសារៈសំខាន់ណាស់។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមូលនិធិស្រាវជ្រាវរបស់អ្នកអង្កេតការណ៍ក្នុងក្រុងញូវដេលី អ្នកស្រី Rajeswari Pillai Rajagopalan បាននិយាយថា «វាបង្ហាញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Biden កំពុងបន្តផ្តោតលើប្រទេសចិន។ ការណ៍ដែលឥណ្ឌាជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោកជាលើកដំបូងនេះ មានន័យថា រដ្ឋាភិបាលក្រុងញូវដេលីជាធាតុដ៏សំខាន់នៅក្នុងភាពជាដៃគូសន្តិសុខជាច្រើនដែលរដ្ឋបាលលោកប្រធានាធិបតី Biden នឹងព្យាយាមបណ្តុះបណ្តាលឡើងនៅក្នុងផ្នែកមួយនៃពិភពលោក»៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា