ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលីបានជួបពិភាក្សាគ្នាតាមអនឡាញកាលពីថ្ងៃសុក្រនៅក្នុងវេទិកាសន្ទនាចតុភាគីស្ដីពីបញ្ហាសន្តិសុខ ដែលហៅថា Quad។
នៅក្នុងកិច្ចប្រជុំនោះ ពួកគេបានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលក្នុងនោះមានទាំងយុទ្ធសាស្ត្រទប់ទល់នឹងនយោបាយការទូតប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំងតាមរយៈការផ្ដល់វ៉ាក់សាំងកូវីដ១៩ ផងដែរ។
លោក Biden បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា៖ «យើងទាំងអស់គ្នាត្រូវតែផ្ដោតលើការបង្កើតឲ្យមាននូវតម្រូវការក្នុងស្រុក និងជំរុញឲ្យមានការរីកចម្រើនសាកលលោកប្រកបដោយនិរន្តរភាព។ [យើងផ្ដោតដូច្នេះ] តាមរយៈការបង្កើតនូវភាពជាដៃគូរួមគ្នាថ្មីមួយប្រកបដោយមហិច្ឆតា ដែលនឹងបង្កើនការផលិតវ៉ាក់សាំង [កូវីដ១៩] សម្រាប់ផលប្រយោជន៍សាកលលោក និងសម្រាប់ការពង្រឹងការចាក់វ៉ាក់សាំងដើម្បីប្រយោជន៍តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល»។
រដ្ឋបាលរបស់លោក Biden បានបញ្ជាក់ថា ក្រុមប្រទេស Quad បានចាប់ផ្ដើមអនុវត្តនូវយន្តការហិរញ្ញប្បទានដើម្បីបង្កើនការផលិតវ៉ាក់សាំងឲ្យបានខ្លាំងក្លានៅក្នុងតំបន់។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា៖ «ក្រុមប្រទេស Quad បានប្ដេជ្ញាចែកចាយ [វ៉ាក់សាំងកូវីដ១៩] ឲ្យបានរហូតដល់មួយពាន់លានដូសដល់តំបន់អាស៊ាន តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀតនៅត្រឹមចុងឆ្នាំ ២០២២»។
ក្រុមនេះបានដាក់បញ្ចូលគ្នានូវ «យន្តការហិរញ្ញប្បទានច្រើនផ្នែក» ដើម្បីបង្កើនសមត្ថភាពផលិតវ៉ាក់សាំងឲ្យបានខ្លាំងក្លា»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់នៃរដ្ឋបាលរបស់លោក Biden នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍។
មន្ត្រីម្នាក់ទៀតនៃរដ្ឋបាលរបស់លោក Biden បាននិយាយថា សាជីវកម្មហិរញ្ញវត្ថុសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិកំពុងធ្វើការជាមួយនឹងក្រុមហ៊ុននានានៅក្នុងប្រទេសឥណ្ឌា និងជាមួយរដ្ឋាភិបាលជប៉ុននិងអូស្ត្រាលីដើម្បីបង្កើនការផលិតវ៉ាក់សាំងកូវីដ១៩ ណាដែលអង្គការសុខភាពពិភពលោក (WHO) បានអនុញ្ញាតរួចហើយ។
ដៃគូរបស់ក្រុមប្រទេស Quad នេះនឹងធានាឲ្យមាននូវការផលិតវ៉ាក់សាំងកូវីដ១៩ ឲ្យបានទូលំទូលាយជាងមុន ដើម្បីនាំចេញសម្រាប់ផលប្រយោជន៍សាកលលោក។ ការផលិតទាំងនេះនឹងធ្វើឡើងតាមរយៈគម្រោងផ្ដួចផ្ដើមពហុភាគីសំខាន់ៗនានាដូចជាគម្រោង COVAX របស់អង្គការ WHO ជាដើម។ នេះបើតាមការបញ្ជាក់របស់សេតវិមាននៅក្នុងសេចក្ដីថ្លែងការណ៍។
គម្រោង COVAX គឺជាយន្តការសាកលលោកដើម្បីចែកចាយវ៉ាក់សាំងកូវីដ១៩ ចំនួន ២ ពាន់លានដូសដល់ប្រទេសក្រីក្រ និងប្រទេសដែលមានប្រាក់ចំណូលមធ្យមចំនួន ៩៤ នៅត្រឹមចុងឆ្នាំ ២០២១ នេះ ដោយមួយផ្នែកនឹងប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ដែលផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា។
លោក Biden បានរងសម្ពាធឲ្យមានការឆ្លើយតបជាមួយនឹងនយោបាយការទូតវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន ស្របពេលដែលលោកមានបំណងធ្វើយ៉ាងណាឲ្យពលរដ្ឋអាមេរិកាំងទាំងអស់បានចាក់វ៉ាក់សាំងមុន ដោយធានាថា ស្ដុកវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកមាន «លើសតម្រូវការ» ដើម្បីត្រៀមចាក់វ៉ាក់សាំងទប់ទល់នឹងវីរុសកូវីដ១៩ ប្រភេទថ្មី និងដើម្បីចាក់វ៉ាក់សាំងនេះដល់កុមារ។
នៅពេលបច្ចុប្បន្ននេះ គេមិនទាន់ឃើញមានទិន្នន័យគ្រប់គ្រាន់ដើម្បីកំណត់ថា វ៉ាក់សាំងណាមួយក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ទាំង ៣ ដែលត្រូវបានអនុញ្ញាតឲ្យមានការប្រើប្រាស់ក្នុងគ្រាបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក មានសុវត្ថិភាពនិងមានប្រសិទ្ធភាពសម្រាប់កុមារនៅឡើយទេ។
ប្រធានាធិបតីចិនលោក Xi Jinping បានប្រកាសកាលពីខែឧសភាឆ្នាំមុនថា វ៉ាក់សាំងកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសចិននឹងក្លាយជា «ប្រយោជន៍សាធារណៈរបស់សាកលលោក»។
ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាផ្ដល់វ៉ាក់សាំងប្រហែល ៥០០ លានដូស ដល់ប្រទេសជាង ៤៥ ។ នេះបើយោងតាមការកត់ត្រារបស់ទីភ្នាក់ងារព័ត៌មាន Associated Press។
បន្ទាប់ពីប្រទេសចិនបានបរាជ័យដំបូងៗនៅក្នុងទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នេះ មក អ្នកខ្លះយល់ឃើញថា នយោបាយការទូតវ៉ាក់សាំងរបស់រដ្ឋាភិបាលចិនគឺជាយុទ្ធសាស្ត្រស្ដារមុខមាត់ និងជាមធ្យោបាយដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន។
អ្នកស្រី Sheila Smith អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការក្រុមប្រឹក្សាទំនាក់ទំនងបរទេស (Council on Foreign Relations) បាននិយាយថា៖ «រដ្ឋបាលរបស់លោក Biden មានបំណងទប់ទល់នឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង ស្របពេលដែលខ្លួនស្វះស្វែងដើម្បីបំពេញតម្រូវការការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនិងនៅជុំវិញពិភពលោក»។
អ្នកស្រី Smith បានបន្ថែមថា៖ «ពួកគេចង់បានយុទ្ធសាស្ត្ររួមគ្នាមួយដើម្បីដាក់បញ្ចូលវិធានការទប់ទល់នឹងជំងឺកូវីដ១៩ ទាំងអស់ ក្នុងគោលបំណងធានាថា ពួកគេដែលជាប្រទេសអ្នកមាន មិនមែនគ្រាន់តែគិតតែពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតអំពីប្រទេសផ្សេងទៀតដែលមិនមានធនធាន និងផ្ដល់នូវវិធីមួយបែបផ្សេងជំនួសឲ្យវិធីសាស្ត្ររបស់ចិនផងដែរ»។
ការទប់ទល់នឹងចិន
ក្រុមប្រទេស Quad មិនមែនជាសម្ព័ន្ធភាពយោធាផ្លូវការនោះទេ ប៉ុន្តែជារឿយៗត្រូវបានគេមើលឃើញថាជាកម្លាំងទប់ទល់នឹងឥទ្ធិពលកើនឡើងផ្នែកយោធានិងសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងទ្វីបអាស៊ី។
កិច្ចប្រជុំរយៈពេល ៩០ នាទីកាលពីថ្ងៃសុក្រគឺជាកិច្ចប្រជុំលើកដំបូងបង្អស់របស់មេដឹកនាំក្រុមប្រទេស Quad នេះ ចាប់តាំងពីបានបង្កើតឡើងកាលពីឆ្នាំ ២០០៧ មក។
លោក Sullivan បាននិយាយកាលពីថ្ងៃសុក្រថា៖ «មេដឹកនាំទាំង ៤ បានពិភាក្សាអំពីការប្រឈមដែលបង្កឡើងដោយប្រទេសចិន ហើយពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានគំនិតយល់ខុសអំពីប្រទេសចិននោះទេ ប៉ុន្តែ [កិច្ចប្រជុំ] ថ្ងៃនេះមិនមែនអំពីប្រទេសចិននោះឡើយ»។
អ្នកវិភាគនានាបាននិយាយថា មានក្ដីរំពឹងជាទូទៅថា កិច្ចប្រជុំនេះនឹងជួយជំរុញដល់គោលបំណងរបស់រដ្ឋបាលលោក Biden នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
អ្នកស្រី Smith បានបញ្ជាក់ថា៖ «នេះគឺពិតជាសញ្ញាដ៏ធំមួយដែលបង្ហាញថា នេះគឺជាអាទិភាពខ្ពស់មួយសម្រាប់រដ្ឋបាលរបស់លោក Biden»។
បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រទេស Quad នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នឹងធ្វើដំណើរទស្សនកិច្ចរួមគ្នាទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ហើយបន្ទាប់មក លោក Austin នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា។
ដោយមិនបានផ្ដល់ព័ត៌មានលម្អិតអំពីពេលវេលាជាក់លាក់ រដ្ឋបាលរបស់លោក Biden ក៏បានប្រកាសផងដែរថា នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga នឹងក្លាយជាមេដឹកនាំដំបូងគេបង្អស់ដែលនឹងធ្វើទស្សនកិច្ចដោយផ្ទាល់មកជួបពិភាក្សាជាមួយនឹងលោក Biden នៅសេតវិមាន។
សហរដ្ឋអាមេរិកចង់ធ្វើយ៉ាងណាឲ្យខ្លួនមានសម្ព័ន្ធភាពខ្លាំងក្លាឡើងវិញនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្ហាញកម្លាំងដាក់ប្រទេសចិន។ នេះបើយោងតាមការបញ្ជាក់របស់អ្នកស្រី Bonnie Glaser ប្រធានគម្រោងអំណាចចិននៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS)។
អ្នកស្រីនិយាយដូច្នេះថា៖ «រដ្ឋបាលរបស់លោក Biden បានចាត់ចែងឲ្យមានការរៀបចំនេះឡើង ដើម្បីជាសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកកំពុងប្រឡូកចេញពីជំហរនៃភាពខ្លាំងក្លា»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សម្ព័ន្ធភាពទាំងនេះ «ក្នុងករណីខ្លះបានធ្លាក់ទ្រុឌទ្រោម និងក្នុងករណីខ្លះទៀតបានចុះខ្សោយ»។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ នៅក្នុងប្រទេសវៀតណាម អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញនូវទស្សនវិស័យសម្រាប់ «តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរីនិងបើកចំហ»។
ទោះបីជាយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក Trump នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានផ្ដោតភាគច្រើនលើសន្តិសុខដែនសមុទ្រនិងពាណិជ្ជកម្មក៏ដោយ ក៏រដ្ឋបាលរបស់លោក Biden នៅពេលនេះមានបំណងផ្ដោតលើយុទ្ធសាស្ត្រទូលំទូលាយជាងមុន ដែលក្នុងនោះមានទាំងកិច្ចសហប្រតិបត្តិការដើម្បីកម្ចាត់ជំងឺកូវីដ១៩ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ធានាឲ្យមាននូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ និងធានាឲ្យមាននូវការងើបឡើងវិញផ្នែកសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ១៩ ផងដែរ។
អ្នកស្រី Smith បាននិយាយថា៖ «ជាសរុប តើតំបន់ [ឥណ្ឌូប៉ាស៊ីហ្វិក] គិតគូរបែបណាសម្រាប់វិធានការទៅមុខទៀត និងថាតើយើងធ្វើយ៉ាងណាដើម្បីរក្សាភាពរុងរឿងដែលមានជាយូរមកហើយនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះឲ្យមានជាបន្តទៀត?»។
បន្ទាប់ពីមានជំនួបមួយចំនួនជាមួយនឹងសម្ព័ន្ធមិត្តនៅក្នុងតំបន់មក លោក Blinken និងលោក Sullivan នឹងជួបប្រជុំជាមួយនឹងសមភាគីចិននៅក្នុងទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក នៅថ្ងៃទី ១៨ ខែមីនាខាងមុខ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ