អូស្ត្រាលីគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកកម្លាំងយោធាទៅវិញទៅមកជាមួយនឹងប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីអាចឲ្យយោធាភាគីទាំងសងខាងអាចរួមកម្លាំងគ្នា ប្រសិនបើចាំបាច់ដើម្បីតតាំងជាមួយនឹងចិន ដែលបានជាប់ក្នុងជម្លោះជាមួយអូស្ត្រាលីអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ភាគីទាំងពីរបាននិយាយថា បន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រទេសទាំងពីរសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាខាងលើនៅឆ្នាំក្រោយ។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យកងកម្លាំងភាគីទាំងសងខាងធ្វើប្រតិបត្តិការនៅក្នុងដែនដីរបស់ភាគីម្ខាងទៀត។ ការណ៍នេះអាចឲ្យយោធាអូស្ត្រាលីស្ថិតនៅជិតយោធាអាមេរិក ដែលបានកំពុងឈរជើងរួចស្រាប់ទៅហើយនៅជប៉ុន។
កិច្ចព្រមព្រៀងយោធានេះនឹងជួយឲ្យអូស្ត្រាលីនិងជប៉ុនរួមកម្លាំងគ្នាក្នុងករណីមានជម្លោះជាមួយនឹងចិន ដែលជាគូប្រជែងសង្គ្រាមត្រជាក់ជាមួយប្រទេសលោកខាងលិចនិងដែលកំពុងតែពង្រឹងកម្លាំងយោធា និងសេដ្ឋកិច្ចរបស់ខ្លួន។
លោក Malcolm Davis អ្នកវិភាគជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រនិងសមត្ថភាពការពារជាតិនៅវិទ្យាស្ថានសិក្សាគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីនៅក្រុងកង់បេរ៉ា បាននិយាយថា៖ «នៅពេលដែលយើងពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខជាមួយនឹងប្រទេសជិតខាង និងជាមួយនឹងដៃគូនៅក្នុងតំបន់ យើងគិតច្រើនអំពីបែបផែនដែលយើងត្រូវឆ្លើយតបទៅនឹងប្រទេសចិនដែលកាន់តែមានគឃ្លើន និងដែលមិនត្រឹមតែព្យាយាមពង្រីកឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារពួកយើងនៅក្នុងបរិបទសង្គ្រាមនយោបាយ និងការបង្ខិតបង្ខំផងដែរ»។
អូស្ត្រាលីបានធ្វើចិនខឹងសម្បាកាលពីខែមេសាតាមរយៈការកោះហៅឲ្យមានការស៊ើបអង្កេតទៅលើការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នៅប្រទេសចិន។ កាលពីខែវិច្ឆិកាកន្លងទៅនេះ ចិនបានបង្អាក់នាវាដឹកធ្យូងអូស្ត្រាលីជាង៥០គ្រឿងនៅជិតកំពង់ផែរបស់ខ្លួន ហើយបានយកពន្ធលើផលិតផលកសិកម្មនាំចូលពីអូស្ត្រាលីមួយចំនួននិងបានបញ្ចេញរូបភាពតាមបណ្តាញសង្គម ដោយបង្ហាញថា ទាហានអូស្ត្រាលីកំពុងតែធ្វើឲ្យកុមារបាត់បង់ជីវិតនៅប្រទេសអាហ្វហ្គានីស្ថាន។
ជប៉ុនគឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកអស់រយៈពេលប្រមាណ៦០ឆ្នាំកន្លងមកនេះ និងបានជាប់គាំងក្នុងជម្លោះដែនទឹកជាមួយចិន។ អូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក និងឥណ្ឌាស្ថិតនៅក្នុងក្រុមសម្ព័ន្ធមិត្តដោយឡែកមួយឈ្មោះថា Quad ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៧ សម្រាប់ការចរចា ការដោះដូរព័ត៌មាននិងសមយុទ្ធយោធា។
ក្រសួងការបរទេសជប៉ុនបាននិយាយលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា រដ្ឋាភិបាលក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងកង់បេរ៉ា បានព្រមព្រៀងចរចាលើកិច្ចព្រមព្រៀងដោះដូរយោធារវាងជប៉ុន និងអូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ នាគ្រានោះដើម្បីជួបជាមួយនឹងសមភាគីជប៉ុន លោកនាយករដ្ឋមន្ត្រី Yoshihide Suga។ ជប៉ុនមិនមានកិច្ចព្រមព្រៀងដូចគ្នានេះជាមួយនឹងបណ្តាប្រទេសដទៃទៀតក្រៅពីសហរដ្ឋអាមេរិកនោះទេ។
មេដឹកនាំប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយដែលមិនបានសំដៅទៅលើប្រទេសចិនដោយផ្ទាល់ទេ ប៉ុន្តែបានថ្កោលទោសសកម្មភាពរបស់ប្រទេសនេះនៅតំបន់សមុទ្រចិនខាងត្បូង ទីដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែព្យាយាមយកប្រៀបនៅក្នុងជម្លោះជាមួយនឹងបណ្តាប្រទេសចំនួនប្រាំដទៃទៀត ក្រោយពីចាក់បំពេញកោះតូចៗសម្រាប់ការប្រើប្រាស់យោធាចាប់តាំងពីឆ្នាំ ២០១៧មក។
សេចក្តីថ្លែងការណ៍រួមនោះបានសរសេរថា៖«មេដឹកនាំប្រទេសទាំងពីរព្រួយបារម្ភពីការវិវត្តបែបអវិជ្ជមាននាពេលថ្មីៗនេះនិងឧបទ្ទវហេតុធ្ងន់ធ្ងរនានានៅតំបន់សមុទ្រចិនខាងត្បូង ដែលរួមមានការបន្តដាក់យោធានៅតំបន់ដែនទឹកមានជម្លោះ ការប្រើប្រាស់នាវាល្បាតប្រកបដោយគ្រោះថ្នាក់និងប្រកបដោយការបង្ខិតបង្ខំ និង«ការប្រព្រឹត្តបែបក្រុមសកម្មប្រយុទ្ធនៅតំបន់ដែនទឹក» ការបាញ់គ្រាប់មីស៊ីលផ្លោង និងកិច្ចប្រឹងប្រែងដើម្បីបង្អាក់បណ្តាប្រទេសដទៃទៀតមិនឲ្យចូលទាញយកធនធានផ្សេងៗ»។
អ្នកនាំពាក្យក្រសួងការបរទសចិនលោក Zhao Lijian បានបន្ទោសសេចក្តីថ្លែងការណ៍ខាងលើថាជា «ការលូកដៃដ៏គួរឲ្យខ្ពើមទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន»។
ប៉ុន្តែលោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំនៅវិទ្យាស្ថានកិច្ចការបរទេសសិង្ហបុរីបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងមិនអាចចាត់ទុកកិច្ចព្រមព្រៀងរវាងអូស្ត្រាលីនិងជប៉ុនថាជា ការប្រឆាំងនឹងខ្លួនទាំងស្រុងនោះទេ។
លោក Sun បានថ្លែងថា៖ «ពិតណាស់ ចិននឹងមិនពេញចិត្តនោះទេ ប៉ុន្តែចិនមិនអាចប្រកែកថា កិច្ចព្រមព្រៀងយោធានោះសំដៅមកលើខ្លួនដែរ។ ប្រទេសចំនួនពីរណាមួយក៏អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះដែរ។ ហើយប្រទេសទីបីមិនអាចនិយាយថា «កិច្ចព្រមព្រៀងនោះកំពុងសំដៅមកលើខ្លួន» នោះទេ»។
លោក Stephen Nagy សាស្ត្រាចារ្យជំនួយជាន់ខ្ពស់ផ្នែកនយោបាយនិងសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ បាននិយាយថា ផ្ទុយទៅវិញ មន្ត្រីអាមេរិកប្រហែលពេញចិត្តនឹងកិច្ចព្រមព្រៀងរវាងអូស្ត្រាលីនិងជប៉ុន ពីព្រោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ឲ្យក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនជួយជ្រោមជ្រែងបុព្វហេតុរបស់សហរដ្ឋអាមេរិកនៅអាស៊ី។
នៅពេលខ្លះ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងមិនសប្បាយចិត្តដោយបានបញ្ជូននាវាកងទ័ពជើងទឹកទៅកាន់តំបន់សមុទ្រចិនខាងត្បូង និងផ្គត់ផ្គង់សព្វាវុធទៅដល់បណ្តាប្រទេសនៅអាស៊ីសម្រាប់ការការពារតតាំងនឹងចិនជាដើម។ រដ្ឋាភិបាលក្រុងប៉េកាំងមានកម្លាំងយោធាខ្លាំងជាងគេបង្អស់ទីបីនៅលើពិភពលោក។ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាត់វិធាការប្រឆាំងនឹងចិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម លទ្ធភាពទទួលបានបច្ចេកវិទ្យា និងបញ្ហាកុងស៊ុលផងដែរ។
លោក Nagy បាននិយាយថា៖ «ការណ៍ដែលយោធាអាមេរិកអាចមកនិងដាក់មូលដ្ឋាននៅទីនេះ ហើយចូលរួមក្នុងសមយុទ្ធទ្វេភាគីញឹកញាប់ជាងមុននិងស៊ីជម្រៅជាងមុនជាមួយជប៉ុន ហើយពិត ណាស់ជាមួយនឹងសហរដ្ឋអាមេរិក គឺពីព្រោះថា សហរដ្ឋអាមេរិកមានមូលដ្ឋាននៅទីនេះរួចស្រាប់ទៅហើយ។ ការណ៍នេះនឹងជំរុញឲ្យមានអន្តរប្រតិបត្តិការខ្លាំងនេះមុន ក៏ដូចជាបង្កើតឲ្យមានភាពជាដៃគូទ្វេភាគី និងពហុភាគីស្អិតរមួតជាងមុនដើម្បីតតាំងនឹងចិនផងដែរ»។
ក្រុមអ្នកវិភាគនិយាយថា កិច្ចព្រមព្រៀងចែករំលែកយោធាទៅវិញទៅមកជាចម្បងនឹងជួយសម្រួលដល់សមយុទ្ធ និងលំហាត់ហ្វឹកហ្វឺនយោធារវាងបណ្តាប្រទេសនានា ដែលសហការគ្នាផ្នែកយោធារួចទៅហើយ។ យោធាជប៉ុនក៏ធ្លាប់បានធ្វើទស្សនកិច្ចនៅអូស្ត្រាលីដើម្បីហ្វឹកហ្វឺនយោធារួចទៅហើយ។ ជាឧទាហរណ៍ ការធ្វើសមយុទ្ធយោធាដោយការបាញ់គ្រាប់ Howitzer រយៈចម្ងាយឆ្ងាយជាដើមកាលពីឆ្នាំមុន។
លោក Davis និយាយថា ភាគីទាំងពីរអាចរៀនសូត្រពីគ្នាពាក់ព័ន្ធនឹងប្រតិបត្តិការទាំងនៅលើដីគោកនិងលើទឹក ហើយស្វែងរកវិធីសាស្ត្រផ្សេងៗសម្រាប់ពង្រឹងកម្លាំងរួមគ្នាដូចជា សមត្ថភាពលើការបាញ់ប្រហារពីរយៈចម្ងាយឆ្ងាយជាដើម។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែវិច្ឆិកានៅលើគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រីថា៖«សារៈសំខាន់នៃកិច្ចព្រមព្រៀងចែករំលែកយោធាទៅវិញទៅមកមិនអាចត្រូវនិយាយបន្ទាបបានឡើយ។ កិច្ចព្រមព្រៀងនេះនឹងជាគន្លឹះសំខាន់មួយសម្រាប់ការឆ្លើយតបរបស់អូស្ត្រាលី និងជប៉ុនទៅកាន់បរិស្ថានសន្តិសុខប្រកបដោយបញ្ហាប្រឈមនានានៅក្នុងតំបន់របស់យើង ខណៈពេលមានកាលៈទេសៈយុទ្ធសាស្ត្រមិនច្បាស់លាស់»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា