ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ឥណ្ឌា​និង​ហ្វីលីពីន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ក្នុង​តំបន់


នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បាន​អញ្ជើញ​មក​ដល់​មូលដ្ឋាន​កងទ័ព​ផ្លូវអាកាស Andrews រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បាន​អញ្ជើញ​មក​ដល់​មូលដ្ឋាន​កងទ័ព​ផ្លូវអាកាស Andrews រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌា និង​ប្រទេស​ហ្វីលីពីន​នៅ​ចុង​ខែ​មេសា​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​វិធានការ​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​នៅ​ក្នុង​តំបន់ បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden មក។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Suga នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo News ដែល​ដក​ស្រង់​ប្រភព​រដ្ឋាភិបាល​ជប៉ុន។

បើ​យោង​តាម​អ្នក​វិភាគ​នានា ប្រទេស​ជប៉ុន​ចង់​ពង្រឹង​ទំនាក់ទំនង​នៅ​ក្នុង​ទ្វីប​អាស៊ី​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់។

ចំណុច​នេះ​គឺជា​ការ​បន្ត​ធ្វើ​តាម​គោល​បំណង​របស់​លោក​នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Biden ដែល​ជា​ជំនួប​មួយ​ដែល​គេ​មើលឃើញ​ថា​ជា​ការ​សង្កត់ធ្ងន់​លើ​ភាព​ខ្លាំងក្លា​នៃ​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​នៅ​ចំពោះ​មុខ​ប្រទេស​ចិន​ដែល​ជា​គូ​ប្រជែង​រួម​របស់​ពួកគេ។

អ្នក​វិភាគ​មួយ​ចំនួន​បាន​ប្រាប់ VOA ភាសា​ចិន​កុកងឺ​ថា ដំណើរ​ទស្សនកិច្ច​ដែល​ត្រូវ​គេ​រំពឹង​ឡើង​របស់​លោក Suga នេះ មាន​គោល​បំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​និង​ហ្វីលីពីន ផ្អែក​លើ​ចក្ខុវិស័យ​រួម​នៃ «តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ»។

ពួកគេ​បាន​និយាយ​ថា មាន​ការ​រំពឹង​ទុក​ថា កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​នៅ​ក្នុង​តំបន់​នឹង​កើនឡើង​ក្នុង​ចំណោម​ប្រទេស​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក អូស្ត្រាលី ឥណ្ឌា និង​ហ្វីលីពីន​ផងដែរ នៅពេល​ដែល​ប្រទេស​ទាំង​នេះ​យល់​ឃើញ​អំពី​ការ​គំរាមកំហែង​កើនឡើង​ពី​ប្រទេស​ចិន។

ប៉ុន្តែ កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​របស់​ប្រទេស​ជប៉ុន​ជាមួយ​នឹង​ឥណ្ឌា​និង​ហ្វីលីពីន​ទំនងជា​នឹង​កើនឡើង​យឺតៗ ដោយសារ​ប្រទេស​ទាំង ៣ ចង់​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​ចិន។

រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ជប៉ុនលោក Yoshihide Suga រួម​ជាមួយ​នឹង​មេដឹកនាំ​បណ្ដា​ប្រទេស QUAD ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ជប៉ុនលោក Yoshihide Suga រួម​ជាមួយ​នឹង​មេដឹកនាំ​បណ្ដា​ប្រទេស QUAD ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

ក្រុម​ប្រទេស Quad និង​សន្តិសុខ​ក្នុង​តំបន់

ចាប់​តាំង​ពី​ពេល​ដែល​លោក Biden បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​ខែ​មករា​មក វេទិកា​សន្ទនា​សន្តិសុខ​ចតុ​ភាគី ដែល​គេ​ហៅ​ថា Quad បាន​ក្លាយជា​ការ​ផ្ដោត​នៃ​វិធានការ​នានា​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យោធា​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ក្រុម​ប្រទេស Quad មាន​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ឥណ្ឌា​ជា​សមាជិក។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​មុន ប្រទេស​ជប៉ុន​បាន​ធ្វើ​សមយុទ្ធ​ដែន​សមុទ្រ Malabar រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមរិក អូស្ត្រាលី និង​ឥណ្ឌា ដើម្បី​បង្ហាញ​ភាព​ខ្លាំងក្លា​នៃ​ទាហាន​ជើង​ទឹក​របស់​ក្រុម​ប្រទេស Quad។

កាលពី​ខែ​មីនា បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស Quad បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​មួយ​នៅ​ក្នុង​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រទេស​ចិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ «របៀបរបប​ដែន​សមុទ្រ​ផ្អែក​លើ​ច្បាប់» នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​សមុទ្រ​ចិន​ខាង​កើត។

វិបសាយ The Print ដែល​ជា​សារព័ត៌មាន​តាម​អនឡាញ​របស់​ប្រទេស​ឥណ្ឌា បាន​បញ្ជាក់​ថា៖ «នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌា ជប៉ុន និង​ហ្វីលីពីន​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ពី​ប្រទេស​ចិន ដោយ​មាន​ការ​គំរាមកំហែង​ដល់​បូរណភាព​ទឹកដី​របស់​ពួកគេ»។

ប្រទេស​ឥណ្ឌា​បាន​ជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​តាម​បណ្ដោយ​ព្រំដែន​រួម​របស់​ពួកគេ​នៃ​ជួរ​ភ្នំ​ហិមាល័យ​ខាង​ជើងអស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។

ប្រទេស​ជប៉ុន​និង​ចិន​មាន​ជម្លោះ​ជាមួយ​គ្នា​លើ​កោះ Senkaku/Diaoyu ដែល​គ្មាន​មនុស្ស​រស់នៅ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​អស់​រយៈពល​រាប់​ឆ្នាំ​មក​ហើយ។

ប្រទេស​ហ្វីលីពីន​និង​ចិន​មាន​ជម្លោះ​ជាមួយ​គ្នា​លើ​សិទ្ធិ​នេសាទ និង​ការ​គ្រប់គ្រង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ។ ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ក៏​មាន​ការ​ទាមទារ​កាន់កាប់​ពី​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី វៀតណាម និង​កោះ​តៃវ៉ាន់​ផងដែរ។

លោក Denny Roy ដែលជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​និង​ជា​អ្នក​មើល​ការ​ខុសត្រូវ​លើ​កម្មវិធី​ស្រាវជ្រាវ POSCO នៃ​មជ្ឈមណ្ឌល East-West នៅ​ក្នុង​ទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​រួញរា​ជាង​គេ​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រទេស Quad។

លោក Roy បាន​បញ្ជាក់​ប្រាប់ VOA ភាសា​ចិន​កុកងឺ​ថា ប្រទេស​ឥណ្ឌា «នឹង​តែងតែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាង​គេ​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​ចិន ដោយសារតែ​ការ​មិន​ចូល​បក្ខ​សម្ព័ន្ធ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​របស់​ខ្លួន ការ​ខ្វះ​ការ​មូល​មតិ​គ្នា​លើ​តួនាទី​យុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​ចង់​បាន និង​ការ​ពឹងពាក់​ទៅ​វិញ​ទៅ​មក​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន»។

លោក Roy បាន​បន្ត​ថា ក្ដី​កង្វល់​កើនឡើង​អំពី​ឥទ្ធិពល​គ្រប​សង្កត់​របស់​ចិន និង​ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ «កំពុង​ធ្វើ​ឲ្យ​ឥណ្ឌា​កាន់តែ​គាំទ្រ​លើ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ជាមួយ​ប្រទេស​ជប៉ុន»។

លោក Richard Weitz ប្រធាន​មជ្ឈមណ្ឌល​វិភាគ​កិច្ចការ​នយោបាយ​និង​យោធា​នៃ​វិទ្យាស្ថាន Hudson បាន​ប្រាប់ VOA ភាសា​ចិន​កុកងឺ​តាម​អ៊ីមែល​ថា ទោះបីជា​ប្រទេស​ឥណ្ឌា​និង​ជប៉ុន​មាន​ក្ដី​បារម្ភ​ដូច​គ្នា​អំពី​ភាព​គឃ្លើន​និង​ការ​គំរាមកំហែង​របស់​ចិន​ក៏ដោយ ក៏​ជា​ទូទៅ ឥណ្ឌា​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​សម្ព័ន្ធភាព​ដើម្បី​ប្រឆាំង​នឹង​ចិន។

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន លោក​ប្រធានាធិបតី Duterte ទំនងជា​នៅ​បន្ត​ងាក​ទៅ​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែ​ជិត​ជាង​មុន។

លោក Duterte បាន​ប្រកាស​អំពី «ការ​ផ្ដាច់​ខ្លួន» ចេញពី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៦ បាន​ទទួល​យក​ថវិកា​ចំនួន ២ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ ២០១៩ ដើម្បី​អភិវឌ្ឍ​ឡើង​វិញ​នូវ​អតីត​មូលដ្ឋាន​យោធា​សហរដ្ឋ​អាមេរិក និង​បាន​ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Sinovac Biotech របស់​ចិន កាលពី​ថ្ងៃ​ទី ២៩ ខែ​មីនា បន្ទាប់ពី​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បញ្ជា​ទិញ។ លោក Duterte បាន​ស្វាគមន៍​វ៉ាក់សាំង​នេះ​ដោយ​ផ្ទាល់។

លោក Roy បាន​ប្រាប់ VOA ថា វា​ពិបាក​នៅ​ក្នុង​ការ​ទស្សន៍ទាយ​អំពី​របៀប​ដែល​លោក Duterte នឹង​មាន​ប្រតិកម្ម​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Suga ទោះបីជា​លោក​បាន​កត់​សម្គាល់​ឃើញ​ថា លោក Duterte និង​លោក Suga មាន​កិច្ច​សន្ទនា​បែប​វិជ្ជមាន​ជាមួយ​គ្នា​តាម​ទូរស័ព្ទ​កាលពី​ខែ​ធ្នូ ឆ្នាំ​មុន​ក៏ដោយ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG