នគរបាលស៊ើបអង្កេតរបស់កម្ពុជា បានចុះទៅត្រួតពិនិត្យនិងប្រមូលឯកសារមួយចំនួននៅសណ្ឋាគារចំនួនពីរក្នុងរាជធានីភ្នំពេញ ក្រោយពីមានសេចក្តីរាយការណ៍ថា ស្រ្តីពីរនាក់ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់បងប្អូនប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានមកប្រទេសកម្ពុជាកាលពីខែមករា។
លោក គីម ជុងណាម ត្រូវបានសម្លាប់នៅព្រលានយន្តហោះក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីស្ត្រីជនជាតិវៀតណាមនិងឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍ថា បានខ្ទប់មុខលោកជាមួយសារធាតុម្យ៉ាងឈ្មោះថា VX ដែល ត្រូវបានគេចាត់ទុកថាជាធាតុពុលដែលមានគ្រោះថ្នាក់បំផុត និងត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ។
ស្រ្តីជនជាតិវៀតណាមឈ្មោះ Doan Thi Huong ត្រូវបានរាយការណ៍ដោយព័ត៌មានអន្តរជាតិថា បានមកលេងប្រទេសកម្ពុជាកាលពីខែមករា ហើយបានបង្ហោះរូបថតនៅលើគេហទំព័រហ្វេសប៊ុករបស់នាង។ រូបថតទាំងនោះបានឲ្យបង្ហាញថា នាងបានមកលេងប្រទេសកម្ពុជានៅពាក់កណ្តាលខែមករា និងបានស្នាក់នៅសណ្ឋាគារដែលមានឈ្មោះថា V Hotel ភ្នំពេញ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
អ្នកគ្រប់គ្រងម្នាក់នៅសណ្ឋាគារ V Hotel លោក ឡុង បញ្ញា បានប្រាប់ VOA កាលពីចុងខែកុម្ភៈថា ស្រ្តីជនជាតិវៀតណាមនោះពិតជាបានមកស្នាក់នៅសណ្ឋាគារនេះកាលពីខែមករាមែន។ លោកបន្តថា ស្រ្តីជនជាតិវៀតណាមម្នាក់នោះបានមកស្នាក់នៅក្នុងសណ្ឋាគារនេះ ជាមួយបុរសបរទេសពីរនាក់ដែលស្ថិតក្នុងវ័យ៤០ឆ្នាំដូចគ្នា។
លោក ឡុង បញ្ញា បានបន្តថា ពីរថ្ងៃបន្ទាប់ពីការសាកសួររបស់អ្នកយកព័ត៌មានVOA សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យសណ្ឋាគារ ដោយបានសុំឯកសារពាក់ព័ន្ធ រួមមានលិខិតឆ្លងដែនថតចម្លងរបស់ភ្ញៀវដែលធ្លាប់មកស្នាក់នៅ និងកាមេរ៉ាសុវត្ថិភាពផងដែរ។
បុគ្គលិកនៅសណ្ឋាគារបានអះអាងថា ភ្ញៀវជាស្រ្តីជនជាតិវៀតណាមនោះ ជាភ្ញៀវដែលត្រូវបានផ្ទេរមកពីសណ្ឋាគារមួយទៀត ដែលពួកគេបានសហការគ្នានៅពេលមានភ្ញៀវពេញ។ សណ្ឋាគារនោះមានឈ្មោះថា Okay Boutique Hotel ដែលស្ថិតនៅក្រោយព្រះបរមរាជវាំង។
កាសែតជប៉ុនដ៏ធំមួយដែលមានឈ្មោះថា The Asahi Shimbun បានរាយការណ៍ថា ស្រ្តីទាំងពីររូបដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការធ្វើឃាតនេះ បានហាត់សមការវាយប្រហារជាច្រើនដង រួមទាំងការហាត់សមនៅកម្ពុជាផងដែរ។
លោក អែម សុភាវុធ អ្នកគ្រប់គ្រងផ្នែកខាងមុខនៃសណ្ឋាគារ Okay Boutique បានប្រាប់ VOA ថាមិនមានឈ្មោះស្រ្តីជនជាតិវៀតណាម Doan Thi Huong និងឥណ្ឌូនេស៊ី ឈ្មោះ Siti Aisyah នៅក្នុងប្រព័ន្ធកំព្យូទ័ររបស់សណ្ឋាគារនោះទេ។
លោកមានប្រសាសន៍ថា៖
«តាមពិតភ្ញៀវហ្នឹង គាត់ដូចជាអត់បានមកគេង ឬ Booking (កក់) ជាមួយពួកខ្ញុំទេ ពួកខ្ញុំបានឆែកក្នុងSystem (ប្រព័ន្ធ) ពួកខ្ញុំ។ បើភ្ញៀវហ្នឹងបានគេងជាមួយពួកខ្ញុំមែន វាគួរតែមានក្នុង System ពួកខ្ញុំ»។
លោក សុភាវុធ ឲ្យដឹងទៀតថា នៅដើមខែមីនានេះ នគរបាលពីរនាក់មកពីក្រុមស៊ើបអង្កេតបានចុះមកសណ្ឋាគារ ដើម្បីស្នើសុំសហការផ្តល់ឯកសារ និងកាមេរ៉ាសុវត្ថិភាព។
លោកបញ្ជាក់ថា៖
«គេមានជាលិខិតហើយសុំឯកសារពួកខ្ញុំ។ ហើយពួកខ្ញុំក៏សហការផ្តល់ឯកសារដល់ពួកគេ។ គ្រាន់តែជាប៉ាស្ព័រកូពី ហើយនឹងកាមេរ៉ាRecord។ ហើយពួកគាត់ប៉ូលិស គេមានITរបស់ពួកគេដែរ។ គេថាមកពីប៉ូលិសស៊ើបអង្កេត»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA ថា លោកមិនមានព័ត៌មានថា តើមានសំណើពីរដ្ឋាភិបាលម៉ាឡេស៊ី និងប្រទេសដែលពាក់ព័ន្ធផ្សេងទៀតឲ្យស៊ើបអង្កេតករណីនេះ ឬយ៉ាងណានោះទេ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា រូបលោកផ្ទាល់មិនមានព័ត៌មានថា តើមានការស្នើសុំមកក្រសួងការបរទេស ឬយ៉ាងណាទេ។
លោកបានថ្លែងប្រាប់ VOA ថា៖
«ខ្ញុំមិនទាន់មានព័ត៌មានក្នុងរឿងហ្នឹងទេ។ មិនមែនបានន័យថារាល់ព័ត៌មានទាំងអស់ដែលនៅក្នុងក្រសួងការបរទេសអ្នកនាំពាក្យដឹងទាំងអស់ទេ»។
ទោះជាយ៉ាងណា មន្រ្តីកម្ពុជានិយាយថា ពួកគេមិនបានដឹងអំពីទំនាក់ទំនងរវាងស្រ្តីដែលរងការចោទប្រកាន់ជាមួយប្រទេសកម្ពុជានោះទេ។
VOA មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ និងលោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេវរកម្មបានទេ។
លោក Norjufri Nizar Edrus មន្រ្តីកុងស៊ុលនៃស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា ប្រាប់ VOA តាមរយៈសារអេឡិកត្រូនិកនៅថ្ងៃសុក្រនេះថា៖
«ដូចអ្នកដឹងស្រាប់ហើយថាករណីនេះកំពុងត្រូវបានស៊ើបអង្កេតដោយនគរបាលម៉ាឡេស៊ី។ ដូច្នេះស្ថានទូតមិនអាចបកស្រាយបន្ថែមលើបញ្ហានេះទេ»។
លោកបញ្ជាក់បន្ថែមថា៖
«ស្ថានទូតមិនអាចប្រាប់ពីព័ត៌មានថា តើប៉ូលិសម៉ាឡេស៊ីនឹងស្នើ ឬក៏បានស្នើសុំជំនួយពីរដ្ឋាភិបាលកម្ពុជាដើម្បីជួយស៊ើបអង្កេតករណីនេះទេ»។
ទោះជាយ៉ាងណា ស្រ្តីជនជាតិវៀតណាមនិងឥណ្ឌូនេស៊ីនោះ ត្រូវបានរាយការណ៍ថា ពួកគេបានចូលរួមក្នុងកម្មវិធីលេងសើចមួយដែលត្រូវបានគេប្រាប់ឲ្យយកសារធាតុម្យ៉ាងដាក់នឹងដៃហើយខ្ទប់មុខរបស់លោកគីម ជុងណាម នៅព្រលានយន្តហោះ។
មន្រ្តីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបាននិយាយថា លោកគីម ជុងណាមត្រូវបានសម្លាប់តាមបញ្ជារបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងដោយសារការព្រួយបារម្ភថាលោក គីម ជុងណាម អាចនឹងត្រូវលើកបន្តុបជាមេដឹកនាំរបស់កូរ៉េខាងជើងដោយប្រទេសចិន។ លោកគីម ជុងណាម បានរស់នៅនិរទេសខ្លួនក្នុងទីក្រុងម៉ាកាវនៃប្រទេសចិន ចាប់តាំងពីលោកលែងត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកូរ៉េខាងជើង៕