ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្លាប់​របស់​លោក Kim Jong Nam ទំនង​ជា​​​ឃាតកម្ម​​ក្រោម​បទបញ្ជា​​ពី​កូរ៉េខាងជើង


រូបថត​ផ្តល់​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​ Star TV កាល​ពី​ថ្ងៃ​ពុធ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដែល​បាន​ផ្តិត​ចេញ​ពី​វីដេអូឃ្លីប​កាមេរ៉ា​បង្ហាញ​ពី​ស្រ្តី​ម្នាក់ (ខាងឆ្វេង) នៅ​ព្រលានយន្តហោះអន្តរជាតិ​ក្រុងគូឡាឡាំពួ ដែល​ប៉ូលិស​​បាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​​របស់​លោក Kim Jong Nam ដែល​ជា​បងប្រុស​ម្តាយទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un។
រូបថត​ផ្តល់​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​ Star TV កាល​ពី​ថ្ងៃ​ពុធ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដែល​បាន​ផ្តិត​ចេញ​ពី​វីដេអូឃ្លីប​កាមេរ៉ា​បង្ហាញ​ពី​ស្រ្តី​ម្នាក់ (ខាងឆ្វេង) នៅ​ព្រលានយន្តហោះអន្តរជាតិ​ក្រុងគូឡាឡាំពួ ដែល​ប៉ូលិស​​បាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​​របស់​លោក Kim Jong Nam ដែល​ជា​បងប្រុស​ម្តាយទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un។

លោក Jeong Joon-hee អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​ថ្លែង​ថា «វា​ហាក់ដូចជា​​ បញ្ជាក់​​​ច្បាស់​ការណ៍​ថា មនុស្ស​ដែល​ត្រូវ​សម្លាប់​នោះ​គឺ​ លោក Kim Jong Nam»។

មន្រ្តី​ប៉ូលិស​នៅ​ម៉ាឡេស៊ី​និយាយ​ថា ពួកគេ​បាន​ចាប់​ខ្លួន​ស្រ្តី​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ទំនង​ដូចជា​ការ​ធ្វើឃាត​ទៅ​លើ​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un។

មន្រ្តី​ប៉ូលិស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ ស្រ្តីម្នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ (១៥ កុម្ភៈ) នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​តាម​ឯកសារ​ធ្វើ​ដំណើរ​មាន​ឈ្មោះ​ថា Doan Thi Huong។ សេចក្តីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​គឺ «ត្រូវ​បាន​កំណត់អត្តសញ្ញាណ​ពិតប្រាកដ​ពី​ខ្សែអាត់​វីដេអូ​កាមេរ៉ា​នៅ​ឯ​ព្រលានយន្តហោះ​ ហើយ​កំពុង​នៅ​ម្នាក់​ឯង​ពេល​ត្រូវ​បាន​ចាប់ខ្លួន»។

រូប​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un និង​បងប្រុស​ម្តាយទីទៃ (ខាងឆ្វេង) នៅ​ឯ​ស្ថានីយ​រថភ្លើង​ក្រុងសេអ៊ូល​ ត្រូវ​បាន​បង្ហាញ​តាម​កញ្ចក់​ទូរទស្សន៍​ នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
រូប​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un និង​បងប្រុស​ម្តាយទីទៃ (ខាងឆ្វេង) នៅ​ឯ​ស្ថានីយ​រថភ្លើង​ក្រុងសេអ៊ូល​ ត្រូវ​បាន​បង្ហាញ​តាម​កញ្ចក់​ទូរទស្សន៍​ នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

នៅ​ថ្ងៃ​ពុធ​ដដែល​នោះ ប្រទេស​កូរ៉េខាងត្បូងក៏​បាន​បញ្ជាក់​ថា ជនរងគ្រោះ​គឺលោក Kim Jong Nam ដែល​ជា​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំកូរ៉េខាងជើង។ លោក Kim Jong Nam ពី​មុន​មក​ធ្លាប់​ជា​ជម្រើស​សម្រាប់​តំណែង​ប្រមុខរដ្ឋ ប៉ុន្តែ​បន្ទាប់​មក​លែង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ឪពុក​គាត់​គឺ​លោក Kim Jong Il បន្ទាប់​ពី​លោក Kim Jong Nam ព្យាយាម​ចូល​ទៅ​ប្រទេស​ជប៉ុន​ជាមួយ​នឹង​លិខិត​ឆ្លងដែន​ក្លែងក្លាយដើម្បី​ទៅ​លេង​សួន​កម្សាន្ត​ Disneyland នៅ​ក្រុង​តូក្យូ ក្នុង​ឆ្នាំ២០០១។

លោក Jeong Joon-hee អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​ថ្លែង​ថា «វា​ហាក់ដូចជា បញ្ជាក់​ច្បាស់​ការណ៍​ថា មនុស្ស​ដែល​ត្រូវ​សម្លាប់​នោះ​គឺ​ លោក Kim Jong Nam»។

ការស៊ើបអង្កេត

របាយការណ៍​ប៉ូលិស​ម៉ាឡេស៊ី​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ (១៤ កុម្ភៈ) បាន​បញ្ជាក់​ថា បុរស​ជនជាតិ​កូរ៉េខាងជើង​ វ័យ ៤៦​ឆ្នាំ​មួយរូប ដែល​កំពុង​ធ្វើ​ដំណើរ​ដោយុ​ប្រើ​លិខិតឆ្លងដែន​មាន​ឈ្មោះ​ថា Kim Chol បាន​ស្លាប់​នៅតាម​ផ្លូវពេល​បញ្ជូន​មក​មន្ទីរពេទ្យ បន្ទាប់​ពី​ស្វែងរក​ជំនួយ​ផ្នែក​សុខាភិបាល​នៅ​ព្រលានយន្តហោះ​ក្រុង​គូឡាឡាំពួ។ គោលដៅ​ធ្វើដំណើរ​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នោះ​គឺកោះ​ម៉ាកាវ ទី​ដែល​លោក​ធ្លាប់បាន​ស្នាក់អាស្រ័យ​កន្លងមក។ នេះ​បើយោង​ទៅ​តាម​មន្រ្តី​ប៉ូលិស​ម៉ាឡេស៊ី។

មន្រ្តី​ទូត​កូរ៉េខាងជើង​ចេញ​ពី​សាល​ដាក់​សាកសព​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​គូឡាឡាំពូរ​ទីដែល​សាកសព​លោក​ Kim Jong Nam ត្រូវ​បាន​តម្កល់​សម្រាប់​ធ្វើ​កោសល្យវិច្ច័យ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
មន្រ្តី​ទូត​កូរ៉េខាងជើង​ចេញ​ពី​សាល​ដាក់​សាកសព​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​គូឡាឡាំពូរ​ទីដែល​សាកសព​លោក​ Kim Jong Nam ត្រូវ​បាន​តម្កល់​សម្រាប់​ធ្វើ​កោសល្យវិច្ច័យ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​អង្គារ​ដដែល​នេះ ប្រភព​នានា​ពី​រដ្ឋាភិបាល​អាមេរិកាំង​ដែល​មិនបញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា សហរដ្ឋអាមេរិក​មាន​ជំនឿ​មុតមាំ​ថា លោក Kim Jong Nam ត្រូវ​បាន​ភ្នាក់ងារកូរ៉េខាងជើង​សម្លាប់។

ទីភ្នាក់ងារ​ស៊ើបអង្កេត​ជាតិ​កូរ៉េខាងត្បូង (NIS) កាល​ពី​ថ្ងៃ​ពុធ ក៏​បាន​បញ្ជាក់​ថា លោក Kim Jong Nam ត្រូវ​បានបំពុល​សម្លាប់​ដោយ​ភ្នាក់ងារ​កូរ៉េខាងជើង​ស្រី​ជាប់សង្ស័យ​ពីរនាក់ ហើយ​ថា លោក​ត្រូវ​បាន​សម្លាប់ជាមួយ​នឹង​សារធាតុ​រាវ​ពុល​មិន​ស្គាល់​ប្រភេទ​ច្បាស់​មួយ តាមរយៈ​ម្ជុល ឬ​ក្រណាត់។

មន្រ្តី​ប៉ូលិស​ម៉ាឡេស៊ី​ ដែល​ស៊ើបអង្កេត​រឿង​ឃាតកម្ម​នេះ​ បាន​និយាយ​ថា ដើមហេតុ​ពី​ក្រោយ​ការ​ស្លាប់លោក Kim មិនទាន់​ត្រូវ​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ហើយ​ការ​ធ្វើ​កោសល្យវិច្ច័យ​នឹង​ធ្វើ​ឡើង​នាពេល​ឆាប់ៗ​នេះ។ សាកសព​របស់​លោក​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ទី​ពីរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ដែល​នៅ​ទី​នោះ​មាន​ការ​ធ្វើកោសល្យវិច្ច័យ។ មន្រ្តី​ទូត​កូរ៉េខាងជើង​ក៏​មាន​វត្តមាន​នៅ​មន្ទីរពេទ្យ​នោះ​ផងដែរ ហើយ​បាន​សម្របសម្រួល​ជាមួយ​នឹង​អាជ្ញាធរ​ក្នុង​ស្រុក។ នេះ​បើយោង​ទៅ​តាម​ប្រភព​របស់​ប៉ូលិស។

មូលហេតុ

មាន​ការ​ព្យាករណ៍​យ៉ាង​ទូលំទូលាយ​ថា ការ​ស្លាប់​របស់​លោក Kim Jong Nam ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​បញ្ជា​របស់​មន្រ្តី​ជាន់ខ្ពស់​នៅ​ក្រុង​ព្យុងយ៉ាង ហើយ​ទំនងជា​ក្រោម​បញ្ជា​របស់​លោក Kim Jong Un តែ​ម្តង។

ប្រធានាធិបតី​ស្តីទី​ និង​នាយករដ្ឋមន្រ្តី​កូរ៉េខាងត្បូង​លោក Hwang Kyo-ahn បាន​និយាយ​ថា «ប្រសិន​បើ​មាន​ការលាតត្រដាង​ថា ការ​ស្លាប់​របស់​លោក Kim Jong Nam ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង វា​នឹង​ជា​រឿងក្តី​មួយដែលបង្ហាញ​ពី​ភាព​សាហាវយង់ឃ្នង​ និង​អមនុស្សធម៌​នៃ​របបដឹកនាំរបស់​លោក Kim Jong Un»។

លោក Kim Jong Nam ត្រូវ​បានរាយការណ៍​ថា ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​គំរាមកំហែង​មួយ​ទៅ​ដល់​ការ​ដឹកនាំ​របស់​ប្អូនប្រុស​របស់​គាត់ ដោយសារ​តែ​ការ​និយាយ​រិះគន់​ឥត​សំចៃ​របស់​គាត់​ពី​អំពើ​គាបសង្កត់និង​ផ្តាច់ការ​នៅ​ក្នុង​ប្រទេស (កូរ៉េខាងជើង) ដោយសារ​តែ​រូបគាត់​ជា​អ្នកគាំទ្រ​គោលនយោបាយ​កែទម្រង់​ ដែល​នឹង​បន្ធូរបន្ថយ​ការ​ត្រួតត្រា​របស់​រដ្ឋ និង​ដោយសារ​តែ​មាន​ការ​ព្យាករណ៍​ថា ប្រធានាធិបតី​ចិន​លោកស៊ី ជីនពីង​ចង់​ឃើញ​រូបគាត់​ឡើង​ជំនួស​ប្អូនប្រុស​របស់​គាត់​ជា មេដឹកនាំ​កូរ៉េខាងជើង។

លោក Kim Jong Nam (ខាងឆ្វេង) ដែល​ជា​បងប្រុសម្តាយទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un (ខាងស្តាំ)។
លោក Kim Jong Nam (ខាងឆ្វេង) ដែល​ជា​បងប្រុសម្តាយទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un (ខាងស្តាំ)។

ទីភ្នាក់ងារ​ចារកិច្ច​របស់​កូរ៉េខាងត្បូង​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា លោក Kim Jong Un បាន​ចុះ​នូវ «បទបញ្ជា​ដាច់ខាត» មួយ​សម្រាប់​ការ​ធ្វើឃាត​បងប្រុស​ម្តាយ​ទីទៃ​របស់​ខ្លួន ហើយ​ថា មាន​ការ​ប៉ុនប៉ង​មួយក្នុង​ឆ្នាំ​២០១២ ដែល​បរាជ័យ។ លោក Kim Jong Nam ធ្លាប់​បាន​រស់​នៅ​ក្រោម​ការ​ការពារ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំងជាមួយ​នឹង​ភរិយា​ទី​ពីរ​នៅ​កោះ​ម៉ាកាវ​ ដែនដី​ប្រទេស​ចិន។

អ្នក​រត់ផ្តាច់ខ្លួននិង​ជា​អ្នកវិភាគ​នយោបាយ​ជនជាតិ​កូរ៉េខាងជើង​លោក Ahn Chan-il នៅ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​ពី​កូរ៉េខាងជើង​ បាននិយាយ​ថា វា​ទំនង​ថា ពួកចារបុរស​កូរ៉េខាងជើង​ ដែល​បន្លំ​ខ្លួន​ក្នុង​ចំណោម​ពលករ​មួយចំនួន​ធំ​ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​រ៉ែនិង​វត្ថុធាតុដើម​នៅ​ម៉ាឡេស៊ី បាន​ដឹង​ពី​ផែនការ​ធ្វើ​ដំណើរ​របស់​លោក​ Kim ហើយ​បាន​សម្រេច​ថា​ នឹង​វាយប្រហារ​លោក ពេល​លោក Kim មិន​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ចិន។

លោក Ahn Chan-il បាន​និយាយ​ថា «(ខ្ញុំ​គិត​ថា)​ កូរ៉េខាងជើង​បាន​ដាក់​ចារបុរស​ក្នុង​ជួរ​ពួក​ពលករ។ ហើយ​នៅ​ស្របពេល​ដែល​ស្រ្តី​ពីរនាក់​ត្រូវ​បាន​សង្ស័យ​ថា​ជា​ សមាជិក​នៃ​ការិយាល័យ​ស៊ើបការណ៍ (របស់​កូរ៉េខាងជើង)​នេះ មាន​លទ្ធភាព​ខ្ពស់​ណាស់​ដែល​មនុស្ស​ច្រើន​ជាង​ ១០នាក់​ពី​ការិយាល័យ​ដទៃ​ទៀត ប្រហែល​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នេះ»។

រដ្ឋាភិបាល​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ពុធ​ក៏​បាន​ជំរុញ​ឲ្យ​អ្នករត់ផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ពី​សុវត្ថិភាព​និង​សន្តិសុខ​ផ្ទាល់ខ្លួន។

រជ្ជកាល​នៃ​ភាព​ភ័យខ្លាច

ប្រសិន​បើ​ត្រូវ​បាន​លាតត្រដាង​ច្បាស់លាស់ ឃាតកម្ម​ដែល​បទបញ្ជា​សម្លាប់ទៅ​លើ​បងប្រុស​របស់​លោក​ Kim Jong Un អាច​ធ្វើ​ឲ្យថ្នាក់ដឹកនាំ​នៅ​ក្រុង​ព្យុងយ៉ាង​កាន់​តែ​ឯកោ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងកំពុង​តែ​ជួប​ការ​លំបាក​រួចស្រាប់​ទៅ​ហើយ​ក្រោមការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​បន្ត​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​មាន​ពាសពេញ​ប្រទេស។

វិទ្យាស្ថាន​សន្តិសុខ​ជាតិ​របស់​កូរ៉េខាងត្បូង​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​អះអាងថា​ លោក Kim Jong Un បាន​បញ្ជា​ឲ្យ​ប្រហារជីវិត​មនុស្ស ៣៤០នាក់ ចាប់តាំង​ពី​ពេល​មេដឹកនាំ​រូបនេះ​ចូលកាន់​តំណែង​ក្នុង​ខែ​ធ្នូ​ ឆ្នាំ២០១១។ ក្នុង​ឆ្នាំ២០១៣ លោក Kim Jong Un បាន​កាត់ទោស​ប្រហារជីវិត​ឪពុកមា​របស់​ខ្លួន លោក Jang Song Thaek ដែល​ធ្លាប់​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​អ្នក​បង្គាប់បង្រៀន​ និង​ជា​បុរស​ខ្លាំង​ទីពីរ​នៅ​ក្នុង​ប្រទេស​ សម្រាប់​អ្វី​ដែល​រដ្ឋាភិបាលកូរ៉េខាងជើង​ចោទប្រកាន់ថា​ជា អំពើ​ក្បត់​ជាតិ។

លោក Jang Song Thaek ដែល​ជាឪពុកមា​របស់​លោក Kim Jong Un ត្រូវ​បាន​កាត់ទោសប្រហារជីវិត​ពី​បទចោទប្រកាន់​ក្បត់ជាតិ។
លោក Jang Song Thaek ដែល​ជាឪពុកមា​របស់​លោក Kim Jong Un ត្រូវ​បាន​កាត់ទោសប្រហារជីវិត​ពី​បទចោទប្រកាន់​ក្បត់ជាតិ។

លោក Carl Thayer អ្នកវិភាគ​យោធា​នៅ​មហាវិទ្យាល័យ​ញូវសោតវ៉េល (University of New South Wales) ប្រទេស​អូស្រា្តលី​ បាន​និយាយ​ថា ការ​ស្លាប់​របស់​លោក Kim Jong Nam គឺ​ជា ការ​ចង្អុល​បង្ហាញ​កាន់​តែ​ខ្លាំងក្លា​ថែមទៀត​ពី​ការ​ព្រួយកង្វល់​ផ្នែក​នយោបាយ​នៅ​កូរ៉េខាងជើង។

លោក​បាន​មាន​ប្រសាសន៍​ថា «​សូម្បី​តែ​បងប្រុស​របស់​គាត់​ត្រូវ​បាន​បណ្តេញចេញ ហើយ​ប្រាកដណាស់ថា បងប្រុស​គាត់​មិន​វិលត្រឡប់​មក​ដណ្តើម​តួនាទី​របស់​គាត់ទេ។​ ដូចនេះឃាតកម្ម​នេះអាច​ជា ការបង្ហាញ​ម្យ៉ាងទៀត​ពី​ការ​ព្រួយកង្វល់​របស់​លោក Kim Jong Un ផ្ទាល់»។

ក្នុងពេលប៉ុន្មាន​ថ្ងៃខាងមុខ​ កូរ៉េខាងជើង​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ខួបអតីត​មេដឹកនាំ​លោក Kim Jong Il ដែល​ជា​ឪពុក​របស់​ទាំងលោក Kim Jong Un និងលោក Kim Jong Nam ប៉ុន្តែអ្នកទាំងពីរ​មានម្តាយទីទៃ​ពី​គ្នា។ បុណ្យជាតិ​ធំ​នា​ថ្ងៃ​ព្រហស្បតិ៍ (១៧ កុម្ភៈ) ត្រូវ​បាន​ហៅ​ថា «ថ្ងៃ​តារា​បញ្ចេញ​ពន្លឺចែកចាំង» ហើយ​នឹង​មាន​សិល្បៈជិះ​ស្គី​លើ​ទឹកកក និង​ការ​ហែលទឹក​ជា​ចង្វាក់​រួមគ្នា ការ​បាញ់​កាំជ្រួច និង​ព្យុហយាត្រា​ខ្នាតធំ។

តាមដានយ៉ាង​ដិតដល់

ក្រសួងការបរទេស​ចិន​កាល​ពី​ថ្ងៃ​ពុធ​បាននិយាយ​ថា ខ្លួន​កំពុងតាមដាន​យ៉ាង​ដិតដល់​លើ​ព្រឹត្តការណ៍​កើត​មាន​បន្តបន្ទាប់​ស្តី​ពី​រឿង​នេះ ដោយ​បាន​កត់សម្គាល់​ថា អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​តែ​ស៊ើបអង្កេត​ការ​ស្លាប់​របស់​លោក Kim Jong Nam។

បញ្ញវន្តចិន​ និង​បណ្តាញ​ផ្សព្វផ្សាយ​ជាតិចិន​ក៏មិនទាន់​ធ្វើ​សេចក្តីសន្និដ្ឋាន​ណាមួយ​ពី​ការ​ស្លាប់​របស់​លោក Kim មុនពេល​ការ​ស៊ើបអង្កេត​ត្រូវ​បញ្ចប់​សព្វគ្រប់​ ហើយ​ពួកគេ​មើល​ស្រាល​ការ​ទាក់ទិន​នឹង​ការ​ផ្សារភ្ជាប់​លោក Kim ទៅ​នឹង​ប្រទេស​កូរ៉េខាងជើង​ផងដែរ។

លោក Wang Dong អ្នក​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​មហាវិទ្យាល័យ​ក្រុង​ប៉េកាំង (Peking University) បាន​និយាយ​ថា ការ​ស្លាប់​របស់​លោក Kim មិន​ទំនង​ជា​ផ្លាស់ប្តូរ​អ្វី​ទេ ដោយ​កត់សម្គាល់​ថា រាល់​បញ្ហា​ប្រឈម​ដែល​ឧបទ្វីប​កំពុង​ជួប​ប្រទះ​ នឹង​មិន​រលាយបាត់​ដោយ​ស្រួលៗ​បែប​នេះ​ទេ។

លោក​ Wang បាន​និយាយ​ថា «អ្វី​ដែល​បាន​កើតឡើង​លើ​លោក Kim Yong Nam កាល​ពី​ម្ស៊ិលមិញ​គឺ​ជា​គ្រាន់​តែ​ជា​ព័ត៌មាន​តូចតាច​មួយ​ប៉ុណ្ណោះ។ ខ្ញុំ​មិនគិត​ថា វា​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​ដុំកំភួន​ ឬ​ជះឥទ្ធិពល​ខ្លាំងក្លា​ណាមួយ​ទៅ​លើ​ស្ថានភាព​[នយោបាយ]​ទាំងមូល [នៅ​ក្រុង​ព្យុងយ៉ាង] នោះ​ទេ»។

ទោះបី​យ៉ាងណា​ក៏ដោយ ការ​ពិភាក្សា​គឺ​មាន​ធំទូលាយ​ជាង​នេះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ លោក Kim Jong Un កាន់តែកំពុង​ក្លាយ​ជា​គោលដៅ​នៃ​ការ​ចម្អក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ស្របពេល​ដែល​ទំនាក់ទំនង​រវាង​មេដឹកនាំ​ប្រទេស​ឯកោ​មួយ​នោះ និង​រដ្ឋាភិបាល​ក្រុងប៉េកាំងចាប់ផ្តើម​ថមថយ​សន្សឹមៗ។ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​មិនទាន់​បាន​ជួប​ជាមួយ​នឹង​លោក Kim Jong Un ទេចាប់តាំងពី​ពេល​ចូលកាន់​តំណែង​ ហើយ​លោក Kim ក៏​មិនដែល​ទៅ​ទស្សនកិច្ច​នៅ​រដ្ឋធានី​ប្រទេស​ចិន​ ដូចដែល​ឪពុក​លោក​បាន​ធ្វើ​ពី​គ្រាមុន​ដែរ។

មាន​សារ​ឆ្លើយតប​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិតទៅ​នឹង​អត្ថបទ​មួយ​អំពី​អ្នក​ដែល​ប្រហែល​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​លោក Kim Jong Nam។ សារ​នេះបាន​សរសេរ​ថា «អ្នកទាំងអស់គ្នា​គឺ​គ្រាន់តែ​ទស្សន៍ទាយ​ប៉ុណ្ណោះ​ពី​អ្នកណា​ដែល​សម្លាប់​លោក Kim Jong Nam ហើយ​អ្នក​ដែល​គាំទ្រ​កូរ៉េខាងជើង​កំពុង​តែ​ព្យាយាម​លុបបំបាត់​អ្វី​ដែល​បាន​កើតឡើង ប៉ុន្តែ​ទាំងសងខាង​គឺ​គ្មាន​ភស្តុតាង​នោះ​ទេ»។ សារ​ដដែល​នេះ​បាន​បន្ត​ថា «មិនថា​យ៉ាងម៉េចក៏ដោយ កូរ៉េខាងជើង​នៅ​តែ​មាន​ប្រវត្តិ​ធ្វើឃាត និង​តាម​សម្លាប់​អ្នក​ដែល​ខ្លួន​ហៅ​ថា ជា​ជនក្បត់​នៅ​ក្រៅ​ប្រទេស»។

សារបង្ហោះ​មួយ​ទៀត​និយាយ​កាន់​តែ​ច្បាស់​ជាង​នេះ។​

សារ​នោះ​បាន​ឲ្យ​ដឹង​ថា «ខ្ញុំ​គិត​ថា នេះ​ពិត​ជា​ស្នាដៃ​របស់​លោក Kim Jong Un ហើយ។ ចាប់តាំងពី​គាត់​ឡើង​កាន់​អំណាច​ គាត់​បាន​សម្លាប់​គ្រប់សាច់ញ្ញាតិ​របស់​គាត់។ ហើយ​គ្មាន​ហេតុផល​អ្វី ដែល​គាត់​មិន​ទៅ​តាម​ប្រមាញ់​អ្នក​ស្នង​តំណែង​បន្ត​ធំ​បង្អស់​នោះ​ទេ»។

អ្នក​វិភាគ​តំបន់​អាស៊ី​ខាង​ជើង​លោក Justin Hastings សាស្រ្តាចារ្យរង​មហាវិទ្យាល័យ​ក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ថា ប្រទេស​ចិន​បានបង្ហាញ​ប្រាប់កូរ៉េខាងជើង​ថា លោក​ Kim Jong Nam នឹង​មិន​ត្រូវ​រងការ​បៀតបៀន​ណាមួយទេ​ ពេល​ដែល​លោក​នៅ​ក្នុង​ទឹកដី​ចិន​ ដែល​ក្នុង​នោះ​រួម​មាន​កោះម៉ាកាវ​ផងដែរ។ លោក​បាន​និយាយ​ថា ការ​ធ្វើដំណើរ​របស់លោក Kim Jong Nam ទៅ​ម៉ាឡេស៊ី​បាន​ហុចឱកាស​ឲ្យ​គេ​ធ្វើឃាត​គាត់។

លោក Hastings បាន​ប្រាប់​ VOA ថា «វា​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ណា​ទេ ដែល​គាត់​ត្រូវ​បាន​សម្លាប់។ លោក Kim Jong Un នឹង​តាម​ប្រមាញ់​រូបគាត់​ឲ្យ​បាន​ជាយថាហេតុ។ ហើយ​ត្រង់ពេលណា គឺ​ថា ប្រហែល​ជា​ពេល​នេះ​ ជា​ពេល​ដែល​ពួកគេ​អាច​ធ្វើ​បាន»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG