ប្រទេសម៉ាឡេស៊ីបានបណ្តេញឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើងនៅក្នុងរឿងរ៉ាវពាក់ព័ន្ធនឹងការធ្វើឃាតបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Unនៅចំណតយន្តហោះទីក្រុងគូឡាឡាំពួ កាលពីខែមុន។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសម៉ាឡេស៊ី បានពាក់ស្លាកឯកអគ្គរដ្ឋទូតរូបនោះថាជាមនុស្សមិនត្រូវបានទទួលការស្វាគមន៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតរូបនោះបានរិះគន់ការស៊ើបអង្កេតក្នុងការធ្វើឃាតនោះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ាឡេស៊ីប្រាប់ឲ្យដឹងថាការបណ្តេញឯក អគ្គរដ្ឋទូតកូរ៉េខាងជើង ជាការចង្អុលបង្ហាញពីការព្រួយកង្វល់របស់រដ្ឋាភិបាលថា ម៉ាឡេស៊ីអាចត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់។
ម៉ាឡេស៊ីបានបញ្ជូនសេចក្តីជូនដំណឹងទៅកាន់ស្ថានទូតកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ដោយបានផ្តល់ព័ត៌មានដល់លោក Kang Chol ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងថា លោកត្រូវតែចាកចេញពីប្រទេសម៉ាឡេស៊ីនៅក្នុងរយៈពេល៤៨ម៉ោង។
សេចក្តីថ្លែងការណ៍នោះក៏បានប្រាប់ឲ្យដឹងថាម៉ាឡេស៊ីបានសុំ ក៏ប៉ុន្តែ មិនបានទទួលការសុំអភ័យទោសពីកូរ៉េខាងជើងចំពោះការវាយប្រហារនោះទេ។
លោក Kim Jong Nam បានត្រូវថ្នាំពុលដែលមានសារធាតុគីមីខ្លាំងបំផុត។ ប្រទេសកូរ៉េខាងត្បូងបានស្តីបន្ទោសកូរ៉េខាងជើងចំពោះការសម្លាប់លោក Kim Jong Nam ទោះជាយ៉ាងនោះក៏ដោយ កូរ៉េខាងជើង បានហៅការស៊ើបអង្កេតនោះថា ជាហេតុផលខាងនយោបាយដែលធ្វើឡើងដោយសត្រូវរបស់ខ្លួន៕