ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ការពារ​ដំណើរ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ខណៈ​រង​ការរិះគន់​ជា​បន្តបន្ទាប់


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)

ក្រោយ​ពី​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​បាន​ការពារ​ថា​ ការ​ចរចា​ជាមួយ​មេ​ដឹកនាំ​យោធា ​គឺ​ផ្តោត​លើ​ចំណុច​ព្រម​ព្រៀង​ចំនួន​ ៥ ​ដែល​បាន​ឯក​ភាព​គ្នា​ កាល​ពី​ពេល​កន្លង​ទៅ ​ ហើយ​លោក​ចាត់​ទុក​ដំណើរ​ទស្សន​កិច្ច​នេះ​ ជា​ការ​«បើក​ផ្លូវ»​សម្រាប់​ដំណោះ​ស្រាយ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។​

ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​ពី​ខេត្ត​បាត់ដំបង​ទៅ​ក្រុង​សេរីសោភណ្ឌ​ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​នៅ​ថ្ងៃ​ចន្ទ នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «គម្ពីរ​របស់​ខ្ញុំ​យក​ទៅ​ធ្វើ​ការ​សន្ទនា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​មីយ៉ាន់ម៉ា​ ទី​មួយ ​កុងសង់ស៊ីស​ (ការមូលមតិ)​ ៥​ ចំណុច​របស់​អាស៊ាន​ ទី​ពីរ​ធម្មនុញ្ញ​របស់​អាស៊ាន ​ប៉ុណ្ណឹង​ទេ។ គម្ពីរ​របស់​ខ្ញុំ​គឺ​ អត់​ទៅ​ណា​ឆ្ងាយ​ពី​អាស៊ាន​នោះ​ទេ។ ពេលវេលា​មក​មិន​ទាន់​ដល់ ​គឺ​ខ្ញុំ​អត់​ទាន់​ធ្វើ​សកម្មភាព​ទេ។ ​ខ្ញុំ​ គ្រាន់​តែ​បោះ​សារ»។​

កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១ ​មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥ ​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ការ​អត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​

កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មករា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​លោក​និយាយ​ថា​ ជា​ទស្សន​កិច្ច​ដើម្បី​ស្តារ​សន្តិភាព​ឡើង​វិញ​ បន្ទាប់​ពី​ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា ​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ទស្សន​កិច្ច​នេះ ​គ្រាន់​តែ​ព្យាមយាម​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ការ​ដណ្តើម​អំណាច​របស់​យោធា​តែ​ប៉ុណ្ណោះ។ ​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​លើក​ឡើង​ពី​លទ្ធផល​ចំនួន​៣​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ រួម​មាន​ការ​ពន្យារ​ពេល​បទ​ឈប់​បាញ់​គ្នា ​ ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ និង​ការ​សន្ទនា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​របស់​មីយ៉ាន់ម៉ា។​

លោក​ ហ៊ុនសែន ក៏​បាន​បញ្ជាក់​ថា​ បញ្ហា​មីយាន់ម៉ា​មិន​អាច​បញ្ចប់​ត្រឹម​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នោះ​ទេ។ ​វា ​នឹង​បន្ត​ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ នៅ​ពេល​ប្រទេស​នេះ​ ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។​

លោក ​ហ៊ុន សែន ​បាន​ហៅ​អ្នក​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​លើ​រូប​លោកថា ​ជា​«ក្រុម​ជ្រុល​និយម» ​ដែល​មាន​ទាំង​ប្រជាជន​មីយ៉ាន់ម៉ា និង​ខ្មែរ​ផង​ដែរ។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​មិន​ប្រកាន់​ទោស​ អូស​ដំណើរ​ជាមួយ​នឹង​បង​ប្អូន​មីយ៉ាន់ម៉ា​នោះ​ទេ។ ​មាន​ដុត​រូបថត​ខ្ញុំ​មាន​ជាន់​រូប​ថត​ខ្ញុំ​ មាន​គូស​ស្អីៗ។ ​ប៉ុន្តែ​ អ្នក​ត្រូវ​ឃើញ​ថា​ ជីវិត​របស់​អ្នក ​នឹង​ត្រូវ​បាន​សង្រ្គោះ​ពី​ភ្នក់​ភ្លើង​សង្រ្គាម​ ដោយ​តួនាទី​របស់​អាស៊ាន»។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ជា​ប្រមុខ​រដ្ឋ​ទីមួយ​ដែល​បាន​បំពេញ​ទស្សន​កិច្ច​ប្រទេស​មីយ៉ាន់ម៉ា ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី ​អង់សាន ស៊ូជី ​(Aung San Suu Kyi)។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​ចុះ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា ​រដ្ឋាភិបាល​កម្ពុជា​ បាន​ហៅ​លោក ​Min Aung Hlaing ​មេដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ ​នោះ​ជា​«ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ ​និង​ជា​នាយក​រដ្ឋមន្រ្តី​នៃ​សាធារណ​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា»។​

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(Asian Vision Institute) ​លោក ​ឈាង វណ្ណារិទ្ធិ ​ចាត់​ទុក​ការ​អនុវត្ត​នូវ​ចំណុច​ឯកភាព​គ្នា​របស់​អាស៊ាន​ កាល​ពី​កន្លង​ទៅ ​និង​ការ​ឲ្យ​មាន​ដំណើរ​ទស្សន​កិច្ច​របស់​ប្រេសិត​អាស៊ាន​ជា​ដើម ​ជា​ការ​ជំរុញ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយាន់ម៉ា ​ ពីព្រោះ​អស់​រយៈ​ពេល​ប្រមាណ​មួយ​ឆ្នាំ​មក​នេះ ​មិន​ទាន់​មាន​ផ្លែផ្កា​ណា​មួយ​នោះ​ទេ​ពី​អាស៊ាន។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ធ្វើ​យ៉ាង​ម៉េច​អនុវត្ត​ឲ្យ​បាន​ប្រសិទ្ធ​ភាព​គោល​ការណ៍​៥​ចំណុច​ហ្នឹង។ ​ហើយ​អនុវត្ត​បាន​ វា​អាស្រ័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​របប​សឹក​យោធា ​ហើយ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ពី​របប​សឹក​យោធា​ហ្នឹង ​ពី​ព្រោះ​ថា​ គេ​ជា​អ្នក​កាន់​អំណាច​ ជា​អ្នក​កាន់​កូន​សោរ​ហ្នឹង។ ​គេ​អាច​ឲ្យ​ភាគី​អាស៊ាន​ជួប​ភាគី​ពាក់​ព័ន្ធ​ហ្នឹង​ដល់​កម្រិត​ណា​ នៅ​ពេល​ណា ​យើង​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ​អ៊ីចឹង ​អាហ្នឹង​គ្រាន់​តែ​ជា​ជំហាន​មួយ​វិជ្ជមាន​តែ​ប៉ុណ្ណោះ​ ក្នុង​ជំហាន​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​នៅ​ភូមា​នេះ»។​

អ្នក​វិភាគ​នយោបាយ ​លោក ​សេង សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ គឺ​ជា​«ការ​ចេញ​ដំណើរ​ដ៏​ល្អ​មួយ»​ ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយាន់ម៉ា ​ បើ​ទោះ​បី​លោក​សង្កត់​ធ្ងន់​ថា​ មាន​បញ្ហា​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ត្រូវ​ដោះ​ស្រាយ​ក្នុង​ពេល​ជាមួយ​គ្នា​ផង​ដែរ។​

«នៅ​កម្ពុជា​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​តែ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​ដោះ​ស្រាយ។ ​ហើយ​បញ្ហា​មួយ​ចំនួន​នេះ​ក៏​ត្រូវ​បាន​រិះគន់​ដោយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង​ដែរ។ ​ដូច្នេះ​ហើយ​អាច​ជា​ដំណើរ​ទស្សន​កិច្ច​ផ្តួច​ផ្តើម​រក​ដំណោះ​ស្រាយ​វិបត្តិ​នៅ​ភូមា​មែន ​ ប៉ុន្តែ​វា​ជា​ដំណើរ​មួយ​ដែល​មាន​ការ​រិះគន់​គួរ​សម។​ ក៏​ប៉ុន្តែ​ទោះ​បីយ៉ាង​ណា​ក៏​ដោយ ​ខ្ញុំ​គិត​ថា​ វា​ជា​ជំហាន​ដ៏​ល្អ​សម្រាប់​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា»។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ ចុះ​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មករា​ឲ្យ​ដឹង​ថា​ ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​ ហ៊ុន សែន​ គឺ​ជា​«ការ​ប៉ុនប៉ង​ដ៏​គឃ្លើន​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​មួយ»​ដើម្បី​ទាញ​យក​គម្រោង​ផែន​ការ​ចេញ​ពី​យន្តការ​សមូហភាព​របស់​អាស៊ាន​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ​សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ដោយ​សំដៅ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​និង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ លោក ​Min Aung Hlaing​ ថា ​«កំពុង​តែ​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​នៅ​ក្នុង​អាស៊ាន​ ដែល​គំរាម​កំហែង​ឲ្យ​មាន​ការ​បែក​បាក់​នៅ​ក្នុង​អាស៊ាន​ផ្ទាល់»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG