ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ជួប​លោក ហ៊ុន សែន មេយោធា​មីយ៉ាន់ម៉ា ប្រកាស​ពន្យារពេល​ជា​ឯកតោភាគី​នូវ​បទ​ឈប់បាញ់គ្នា​ដល់​ចុង​ឆ្នាំ២០២២


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា លោក Min Aung Hlaing (ស្តាំ) មុន​នឹង​បើក​កិច្ចប្រជុំ​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា លោក Min Aung Hlaing (ស្តាំ) មុន​នឹង​បើក​កិច្ចប្រជុំ​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២។

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​បាន​ប្រកាស​ជា​ឯកតោ​ភាគី​ពន្យារ​ពេល​បទឈប់​បាញ់​គ្នា​ជាមួយ​នឹង​ក្រុម​ប្រឆាំង​រហូត​ដល់​ចុង​ឆ្នាំ​២០២២​ និង​សម្រប​សម្រួល​ឲ្យ​មាន​ការផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​ដែល​កំពុង​ត្រូវការ​យ៉ាង​ខ្លាំង។

ការប្រកាស​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​កាលពី​ថ្ងៃ​សុក្រ​រវាង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក​ មីន អោង ឡាំង (Min Aung Hlaing) ​និង​លោក ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុងតែ​ធ្វើ​ទស្សនកិច្ច​ការងារ​ក្នុង​ទីក្រុង​ណៃពិដោ។ នេះ​ បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ ដែល​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន

ក្នុង​ពេល​កន្លង​មក​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ បាន​ប្រកាស​បទឈប់បាញ់​គ្នា​ជាមួយ​នឹង​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទាំងអស់​រយៈពេល​៥ខែ​រហូតដល់​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២២​ ដែរ​ មុន​នឹងសម្រេច​ពន្យារ​បទឈប់បាញ់​គ្នា​បន្ថែម​ទៀត​រហូតដល់​ចុងឆ្នាំ​នេះ។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា៖ ​«ឯកឧត្តម​នាយឧត្តម​សេនីយ៍​ជាន់ខ្ពស់ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ទទួល​អនុវត្តន៍បទឈប់​បាញ់​គ្នា​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ​និង​ប្រជាជន​ បញ្ឈប់​រាល់​អំពើ​ហិង្សា​ និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់​បំផុត»។

ក្រុមយោធា​មីយ៉ាន់ម៉ា ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់​របស់​អ្នកស្រី​ អោង សាន​ស៊ូជី ​កាលពី​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០២១​ គឺ​នៅ​ថ្ងៃ​ដែល​រដ្ឋាភិបាល​ថ្មី​ ត្រូវ​ស្បថ​ចូលកាន់​តំណែង។ ក្រុមសន្តិសុខ​បាន​បង្ក្រាប​យ៉ាងឃោរឃៅលើ​ពលរដ្ឋ​ដែល​បាន​ចេញ​មកតវ៉ា​នៅតាម​ផ្លូវ។ មាន​ពលរដ្ឋ​ភូមា​ចំនួន​១.៤៤៥​នាក់​ ត្រូវបាន​សម្លាប់​ក្នុងនោះ​ មាន​កុមារ​យ៉ាង​ហោចណាស់​១០០​នាក់​ និង​ត្រូវ​ចាប់​ដាក់ពន្ធ​នាគារ​ និង​ចោទប្រកាន់​ជាង​១១.៣០០នាក់។ នេះ ​បើតាម​ការចងក្រង​ត្រឹម​ថ្ងៃសុក្រ​នេះ​ដោយ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ ​(Assistance Association for Political Prisoners)​ របស់​ក្រុមពលរដ្ឋ​មីយ៉ាន់ម៉ា​នៅ​ក្រៅ​ស្រុក។​ អ្នកប្រឆាំង​មួយ​ចំនួន ​បាន​រត់ចោល​ផ្ទះសម្បែង ​និង​មួយ​ចំនួន​ សម្រេច​ចាប់កាន់អាវុធ​ដើម្បី​តស៊ូ​ប្រដាប់​អាវុធ​ដោយ​មាន​ការគាំទ្រ​ពី​ក្រុម​ជនជាតិ​ភាគតិច​ជាច្រើន​ក្រុម​ផងដែរ។

មេដឹកនាំ​អាស៊ាន​ដោយ​រួមទាំង​លោក ​Min Aung Hlaing ផងដែរ​ បាន​យល់​ព្រម​លើ​កិច្ចព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន​កាលពី​ខែ​មេសា​ឆ្នាំ​មុន ​ក្នុងនោះ​រួម​មាន​ការបញ្ឈប់​ហិង្សា​ ការចរចា​ជាមួយ​នឹង​ក្រុម​អ្នកប្រជាធិបតេយ្យ​និង​អនុញ្ញាត​ឲ្យ​ប្រេសិត​របស់​ប្រធាន​អាស៊ាន​ចូលសម្រប​សម្រួល។ ប៉ុន្តែ​ការអនុវត្ត​មិន​ដំណើរការទៅមុខ​ទេ។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​ លោក Min Aung Hlaing ​បាន​ប្រកាស​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា​ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច។ បន្ថែម​ពីនោះ​ក៏​បញ្ជាក់​ពី​ការសម្រួល​ដល់​សកម្មភាពផ្តល់​ជំនួយ​មនុស្សធម៌​ផងដែរ។

លោក ហ៊ុន សែន​ ដែល​ពេលនេះ​ ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​បាន​ចែក​រំលែក​បទពិសោធ​នៃ​ការអនុវត្ត​គោល​នយោបាយ​ឈ្នះ​-ឈ្នះ​ដែល​បាន​បញ្ចប់​ចលនា​តស៊ូ​របស់​ក្រុមកុម្មុយនិស្ត​ខ្មែរ​ក្រហម​នៅ​ចុង​ទសវត្សរ៍១៩៩០។

សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា៖

«សម្តេច​តេជោ​ ក៏​បាន​សង្កត់​ធ្ងន់​ថា ​តាម​បទពិសោធ​និង​មេរៀន​ដែល​កម្ពុជា​ទទួល​បាន​ពី​ដំណើរការ​សន្តិភាព​ សន្តិភាព​ពេញលេញ​ និង​ការបង្រួបបង្រួម​ជាតិ​មិន​អាច​សម្រេច​បាន​ទេ​ ប្រសិន​បើ​គ្មាន​ការចូលរួម​និង​ការព្រមព្រៀង​គ្នា​ពី​គ្រប់​ភាគី»។

ប៉ុន្តែ​ក្រុមយោធា​មីយ៉ានម៉ា​បាន​ថ្លែងថា ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន​ ជួប​ជាមួយ​នឹង​អ្នកស្រី ​អោង​ សានស៊ូជី​ ទេ។ អ្នកស្រី​ ត្រូវ​បាន​តុលាការ​កាត់ទោស​កាលពីខែ​ធ្នូឲ្យ​ជាប់គុក​៤​ឆ្នាំ​ពីបទ​អុចអាល​និង​រំលោភ​បម្រាម​ក្នុង​គ្រាមាន​ជំងឺ​កូវីដ​១៩​ ប៉ុន្តែ​ទោសនោះ ត្រូវ​បាន​លោក​ Min Aung Hlaing ​កាត់បន្ថយ​ឲ្យ​មកនៅ​ពាក់កណ្តាល។

ការណ៍​នេះ ​បាន​នាំ​ឲ្យ​សកម្មជន​សិទ្ធិមនុស្ស​មីយ៉ាន់ម៉ា​ សម្តែង​ទុទ្ទិដ្ឋិ​និយម​ចំពោះ​លទ្ធផល​នេះ។

លោក​ Aung Moe Win ស្ថាបនិក​នៃក្រុមគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​នៅ​ភូមា (Support the Democracy Movement in Burma) ដែល​បាន​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមភាសា​នៅ​ថ្ងៃសុក្រ​នេះ​ថា៖

​«ពួកគេ​មាន​បទ​ឈប់​បាញ់​បែប​នេះ​ដែល​បាន​ប្រកាស​សូម្បី​មុន​រដ្ឋប្រហារ​ ហើយ​បទ​ឈប់​បាញ់​ទាំង​អស់​នេះ ​គ្រាន់​តែ​ជា​ការ​សន្យា​ទទេៗ​ពី​ពួកយោធា​ប៉ុណ្ណោះ។ ដូចដែល​យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា ​នៅក្នុង​ប្រទេសភូមា ​យោធា​ជាអ្នក​អនុវត្តបទ​ឈប់បាញ់​ ដូច្នេះ​គ្រាន់តែ​ធ្វើឱ្យ​ពួកគេ​មើល​ទៅ​ល្អ​នៅលើ​ក្រដាស ​មិនមាន​សកម្មភាព​ជាក់ស្តែង​នៅលើដី​នោះទេ»។

អ្នកស្រី Wai Wai Nu សកម្មជន​សិទ្ធិមនុស្ស​មីយ៉ាន់ម៉ា​នៅ​សហរដ្ឋអាមេរិក​ បាន​ថ្លែង​ថា៖

«សម្រាប់​យើង​អ្វី​ក៏ដោយ ​បទ​ឈប់​បាញ់​មិន​មាន​ន័យ​អ្វី​នៅ​លើ​ដី​ទេ ​ព្រោះ​ប្រជាជន ​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ធ្វើបាប​ជា​រៀងរាល់ថ្ងៃ។ ប្រជាជន ​ត្រូវ​បាន​គេ​សម្លាប់​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួកយោធា​នេះ ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ​ សេចក្តី​ថ្លែងការណ៍​បំភ្លៃ​នេះ ​គ្រាន់តែ​ធ្វើឱ្យ​ខូច​ស្ថានការណ៍​នៅលើ​មូលដ្ឋាន​ ហើយ​វា​ធ្វើ​ឱ្យខូច​ដល់​ស្ថានការណ៍​ទាំងមូល​ក្នុង​ការពិភាក្សា ​ហើយ​ខ្ញុំ​គិត​ថា ​វាជា​រឿង​មិន​ទទួល​ខុសត្រូវ​របស់​លោក ​ហ៊ុន សែន ​ក្នុង​ការធ្វើ​ឲ្យ​ស្របច្បាប់​ដល់​មេដឹកនាំ​រដ្ឋប្រហារ»៕

XS
SM
MD
LG