ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន ប្រឆាំង​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​មីយ៉ាន់ម៉ា​ដោយ​ថា កំពុង​បំផ្លាញ​អាស៊ាន


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកដៃ​នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកដៃ​នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកតាមឃ្លាំមើល​ស្ថានការណ៍​នយោបាយ​អន្តរជាតិ ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​អនាគត​សមាគម​អាស៊ាន​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ ក្នុង​ខណៈ​លោក ​ហ៊ុន សែន​បាន​សម្រេច​តែឯកឯង​ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅមីយ៉ាន់ម៉ា​ក្រោម​ហេតុផល​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ។

ក្រុមអ្នកតាមដានបាន​ចាត់​ទុកថា ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​បាន​កើត​មាន​ឡើង​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​កាលពីដើមខែ​កុម្ភៈ និង​វិធីដោះស្រាយ​ដែល​ប្រធាន​ប្តូរវេន​អាស៊ាន​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ​យក​មក​ដោះស្រាយ​នៅ​ពេល​នេះ​ គឺ​បាន​ក្លាយ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ដាំក្បាល​ចុះ​របស់​សមាគម​តំបន់​មួយ​នេះ។ ការណ៍​នេះ​ ដោយសារ​លោក ហ៊ុន សែន​ សម្រេច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃសុក្រ​នេះ​ ដើម្បី​ជួប​ជាមួយ​នឹង​មេដឹកនាំ​រដ្ឋប្រហារ​ គឺ​លោក​ឧត្តម​សេនីយ​ មីន អ៊ុងឡាំង (Min Aung Hlaing)​ ដែលជាការផ្តល់​នូវភាពស្របច្បាប់​ដល់​របប​យោធា​ក្នុងខណៈ​មេដឹកនាំ​អាស៊ាន​ដទៃទៀត​ បាន​ឯកភាព​រួមគ្នា​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រជុំ​របស់​អាស៊ាន​ កាលពីចុងឆ្នាំមុន។

លោក កាសិត ភីរម្យ ​(Kasit Piromya) ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ និង​បច្ចុប្បន្ន​ជា​សមាជិក​គណៈគ្រប់គ្រង​សមាគម​អ្នកតំណាងរាស្ត្រ​អាស៊ាន (Asean Parliamentarians) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អនឡាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​កំពុងធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា ​អាស៊ាន​ ដោយ​មិន​គោរព ​និង​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​ដទៃក្នុង​ការចូលដោះស្រាយ​វិបត្តិ​នយោបាយ​ និង​មនុស្សធម៌​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

រូបឯកសារ៖ លោក Kasit Piromya (ស្តាំ) នៅពេល​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស​ថៃ ត្រូវបាន​អមដំណើរ​ដោយ​សមភាគី​ឥណ្ឌូណេស៊ី​លោក Marty Natalegawa បន្ទាប់ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង​ហ្សាកាតា កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១។
រូបឯកសារ៖ លោក Kasit Piromya (ស្តាំ) នៅពេល​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស​ថៃ ត្រូវបាន​អមដំណើរ​ដោយ​សមភាគី​ឥណ្ឌូណេស៊ី​លោក Marty Natalegawa បន្ទាប់ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង​ហ្សាកាតា កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១។

លោក Kasit Piromya ​បាន​បន្ថែម​ថា៖ «ដូច្នេះ​សំណួរ​គឺថា ​តើ​មេដឹកនាំ​អាស៊ាន​ទាំង ៨ ​ផ្សេង​ទៀត​ អនុញ្ញាត​ឱ្យ​រឿង​នេះ ​កើតឡើង​ទេ? បើ​គេ​អនុញ្ញាត​បែប​នេះ​ បាន​ន័យ​ថា ​គេ​ឃុបឃិត​ជាមួយ​សម្តេច ហ៊ុន សែន​ ដើម្បី​បន្ត​បំផ្លាញការឯកភាព​សុចរិតភាព ​និង​ភាព​ជឿជាក់​របស់​អាស៊ាន​ជាដើម»។

លោក​ U Bo Hla Tint អ្នកតំណាង​រដ្ឋាភិបាល​បង្រួបបង្រួម​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អាស៊ាន​បាន​ថ្លែង​ថា៖

«នៅពេលនេះ ​យើង​មាន​ការបាក់​ទឹកចិត្ត ​និង​ខកចិត្ត​យ៉ាងខ្លាំង​ ដែលលោក ហ៊ុន សែន​ កំពុង​ឆ្លៀត​ឱកាស​នេះ​ធ្វើជា​ប្រធាន​ប្តូរវេន​ ដោយ​មិនមាន​ការពិគ្រោះ​ជាមុន​ ដូច​ដែល​បាន​លើកឡើង​នៅក្នុង​ថ្នាក់​ដឹកនាំ​អាស៊ាន។ ដូច្នេះ ​នេះ​ មិន​មែន​ជា​វីធី​ដែល​យើង​ចង់​ឃើញ​ ឬ​យើង​រំពឹង​ពី​ប្រធាន​ប្តូរវេន​របស់​អាស៊ាននោះ​ទេ»។

លោក​ Thitinan Pungsodirak សាស្រ្តាចារ្យ​ និង​ជា​នាយក​នៃ​វិទ្យាស្ថាន​សិក្សា​សន្តិសុខ​និង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ បាន​សម្តែង​ក្តី​បារម្ភ​ថា​ នេះ​ អាច​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការបញ្ចប់​របស់​សមាគម​អាស៊ាន​ហើយ។

លោក Pungsodirak បាន​រំឭក​ដល់​ការបរាជ័យ​របស់​អាស៊ាន​ក្នុង​ពេល​កន្លង​មក​ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី៖

«នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០១២ ​មាន​ភាពចម្រូង​ចម្រាស​នៅក្នុង​អាស៊ាន​ ដែល​ខកខាន​មិនបាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម។ ដូច្នេះ ​ម្តងទៀត​ដោយ​កម្ពុជា​ជា​ប្រធាន​ គឺ​លោក ហ៊ុន សែន ​កំពុង​កេងចំណេញ​ពី​អាស៊ាន​ និង​ធ្វើរបៀបវារៈ​ផ្ទាល់ខ្លួន​របស់​គាត់​ក្រោម​ស្លាកអាស៊ាន។ ដូច្នេះ​ម្តងទៀត ​អ្នកដឹង​ថា​ចាប់ផ្តើម​នៅឆ្នាំ២០២២ ​និង​ការធ្វើជា​ប្រធាន​របស់​កម្ពុជា។ នេះ​ មិន​មែន​ជា​ការ​បោះ​ជំហាន​ដ៏​ល្អ​ខ្លាំង​នោះ​ទេ។ ខ្ញុំ​គិត​ថា តាម​ពិត វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ចំពោះ​អ្វី​ដែល​យើង ​អាច​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​ ការខូចខាត​ច្រើន​ជាង​នេះ​ ទំនង​ជា​នឹង​កើតឡើង»។

លោក​ Pungsodirak ​បាន​បន្ថែម​ថា​ ប្រទេស​ឥណ្ឌូណេស៊ី​ដែល​នឹង​ត្រូវ​ធ្វើ​ប្រធាន​ប្តូរវេន​បន្ត​ នឹង​ត្រូវ​លាង​ជម្រះ​អ្វី​ដែល​កម្ពុជា​បង្កើត​នៅ​ពេល​នេះ ​ពីព្រោះ​ពួកគេ​មិន​ជឿ​ថា ​វិបត្តិ​របស់​ភូមា​នឹង​ត្រូវ​ដោះស្រាយ​រួច​ក្នុង​អំឡុង​ពេល​ដឹកនាំ​របស់​ប្រធាន​ប្តូរវេន​របស់​កម្ពុជា​ឡើយ។

ពលរដ្ឋ​មីយ៉ាន់ម៉ា​ បាន​រង​ការបង្ក្រាប​យ៉ាងឃោរឃៅ​ពី​ក្រុមសន្តិសុខ​និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បង្ក្រាប​អ្នកប្រឆាំង។ ពលរដ្ឋ​ភូមា​ចំនួន​ជាង​១.៤០០​នាក់​ ត្រូវបាន​សម្លាប់​ក្នុងនោះ​មាន​កុមារ​យ៉ាង​ហោចណាស់​១០០​នាក់​ និង​មនុស្សជាង ១១.៣០០ នាក់​ ត្រូវ​ចាប់​ដាក់ពន្ធ​នាគារ ​និង​ចោទប្រកាន់​។ នេះ​ បើតាម​ការចងក្រង​ដោយ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ ​(Assistance Association for Political Prisoners) ​របស់​ក្រុមពលរដ្ឋ​មីយ៉ាន់ម៉ា​នៅ​ក្រៅ​ស្រុក។​ អ្នកប្រឆាំង​មួយ​ចំនួន​ បាន​រត់ចោល​ផ្ទះសម្បែង​ និង​មួយ​ចំនួន​សម្រេច​ចាប់កាន់អាវុធ​ដើម្បី​តស៊ូ​ប្រដាប់​អាវុធ។

លោក ​U Bo Hla Tint បាន​ថ្លែង​បន្ថែម​ទៀតថា៖ «យើង​ចង់​ឱ្យ​អ្នកដឹកនាំ​អាស៊ាន​ផ្សេង​ទៀត ព្យាយាម​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​គំនិត​ផ្តួចផ្តើម​ដែល​មិន​ប្រុងប្រយ័ត្ន​របស់​លោក ហ៊ុន សែន ​ហើយ​ធ្វើការ​ជាមួយ​ប្រជាជន​មីយ៉ាន់ម៉ា ​និង​សហគមន៍​អន្តរជាតិ​ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ បើមិនដូច្នេះ​ទេ ​វា​នឹង​មាន​ការលំបាក​ខ្លាំងណាស់​សម្រាប់​ប្រជាជន​មីយ៉ាន់ម៉ា​ក្នុង​ការទទួលយក​ និង​ធ្វើការ​ជាមួយ​សហគមន៍​អាស៊ាន​ទាំងមូល​ក៏ដូចជា​អ្នកដឹកនាំ»។

រូបឯកសារ៖ បុគ្គលិក​ម្នាក់ កាន់​ទង់​អាស៊ាន ដែល​ត្រូវ​បាន​គេ​ដោត​តាំង​នៅ​សាល​ប្រជុំ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១។
រូបឯកសារ៖ បុគ្គលិក​ម្នាក់ កាន់​ទង់​អាស៊ាន ដែល​ត្រូវ​បាន​គេ​ដោត​តាំង​នៅ​សាល​ប្រជុំ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១។

ពួកគេ​ស្នើ​ឲ្យ​បណ្តា​មេដឹកនាំ​សមាជិក​អាស៊ាន​ចំនួន​៧​ផ្សេង​ទៀត ​ត្រូវ​ហ៊ាន​បញ្ចេញ​សំឡេង​ដើម្បី​ទប់​នូវ​អ្វី​ដែល​មេដឹកនាំ​កម្ពុជា​កំពុង​តែធ្វើ​នៅ​ពេល​នេះ​ ជាពិសេស ប្រទេស​ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​សិង្ហបុរី​ជាដើម។ រហូតមក​ដល់​ពេល​នេះ​មាន​តែ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​មួយ​គត់ ​បាន​សន្ទនា​ជាមួយ​នឹង​លោក​ ហ៊ុន សែន ​ហើយ​បាន​រំឭក​លោក​ឲ្យ​គោរព​តាម​កុងសង់ស៊ីស​ ៥​ ចំណុច​ ដែល​អាស៊ាន​បាន​ឯកភាព​លើ​បញ្ហា​មីយ៉ាន់ម៉ា។ នេះ​ បើតាម​សេចក្តីរាយការណ៍​នានា។

សារព័ត៌មាន ​Irrawaddy ​របស់​មីយ៉ាន់ម៉ា ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ​ពួក​យោធា​ នឹង​មិន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ​ជួប​នឹង​អ្នកស្រី ​អោង សានស៊ូជី​ ដែល​ជា​មេដឹកនាំ​ក្រុមអ្នកប្រជាធិបតេយ្យ​ឡើយ។

អ្នកនាំពាក្យ​របស់​របប​យោធា​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា​ មាន​តែ​អ្នកដែល​តំណាង​ឲ្យ​គណបក្ស​នយោបាយ​ទេ​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​ពិភាក្សា។ សេចក្តី​ថ្លែងការណ៍​របស់​ក្រុមយោធា​ដែល​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នឹង​ផ្តោត​លើ​កិច្ចសហប្រតិបត្តិការ​ និង​ទំនាក់ទំនង​ទ្វេភាគី​ក៏​ដូច​ជាបញ្ហា​ក្នុង​តំបន់ និងបញ្ហា​អាស៊ានផងដែរ។ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នេះ​ មិនបញ្ជាក់​ថា​ លោក ហ៊ុន សែន ​ទៅ​ក្នុង​នាម​ជា​ប្រធាន​របស់​អាស៊ាន​ទេ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាស​ដោយ​ចំហរ​កាលពី​ថ្ងៃពុធ​ថា​ លោក​នឹងមិន​ដាក់​លក្ខខណ្ឌ​ជាមុន​ទេ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ចរចា​ការងារ​ដោយផ្ទាល់​នេះ។

«ខ្ញុំ​ទៅ​ហ្នឹង​អត់​មាន​ឃ្លាត​ពី​កុងសង់ស៊ីស​ ៥​ ចំណុច​ដែល​បាន​ឯកភាព​គ្នា​នៅ​ឯ​ហ្សាការតា​ឆ្នាំ​២០២១ ​ប៉ុន្តែ​ខ្ញុំ​អត់​ដាក់​លក្ខខណ្ឌ​ជាមុន​ក្នុង​ដំណើរ​របស់​ខ្ញុំ​ទៅទេ។ ខ្ញុំ​អត់​ដាក់​លក្ខខណ្ឌ​ទេ។ ខ្ញុំទៅដល់​បាន​ខ្ញុំ​ជជែក ​ហើយ​ប្រធាន​បទ​ជជែក​នោះ​ គឺ​កុងសង់ស៊ីស​ ៥​ ចំណុច​ហ្នឹង​ឯង»។

ការណ៍​នេះ​នាំ​ឲ្យ​មាន​ការរិះគន់​ថា ​លោក​ ហ៊ុន សែន​ បាន​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា ​លោក​នឹង​កាន់តែ​ចាញ់​ប្រៀប​មេដឹកនាំ​រដ្ឋប្រហារ​យោធា។

សកម្មជន​សិទ្ធិមនុស្ស​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ នឹង​ត្រូវ​ជួប​បាតុកម្ម​ប្រឆាំង​ជាច្រើន​នៅ​តាម​វិថី​នានា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី​ Khin Ohmar​ ប្រធាន​នៃ​ក្រុមប្រឹក្សាភិបាល​អង្គការ​ Progressive Voice ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ពលរដ្ឋ​មីយ៉ាន់ម៉ា ​មិន​ទទួល​ស្វាគមន៍​លោក ហ៊ុន សែន ​ទេ ​ខណៈ​លោក​បាន​ទទួល​ស្គាល់​ជាស្រេច​ទៅហើយ​ថា​ ក្រុមយោធា ​គឺ​ជារដ្ឋាភិបាល​ស្របច្បាប់​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី Khin Ohmar ​បាន​ថ្លែង​ថា៖ «ប្រជាជន​មីយ៉ាន់ម៉ា​ ផ្ញើសារ​យ៉ាងច្បាស់​ថា​ លោក ហ៊ុន សែន មិន​ត្រូវ​បាន​ស្វាគមន៍​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទេ។ ពួកគេ​មាន​ការសោកស្ដាយ​ជាខ្លាំង​ដែល​ព្រួយបារម្ភ​ថា ​ដំណើរ​នេះ​ គឺ​ជា​ការផ្តល់​ភាពស្របច្បាប់​ដល់​ឃាតករ​បាញ់សម្លាប់​មនុស្ស​ ហើយ​ដែល​បាន​ធ្វើឱ្យ​ប្រទេស​ទាំងមូល​មាន​ការភ័យខ្លាច»។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា មាន​គ្រាប់បែក​ចំនួន​ពីរគ្រាប់​បាន​ផ្ទុះ​នៅ​ក្បែរស្ថានទូត​ខ្មែរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​បាតុកម្ម​ដុតរូបថត​លោក ហ៊ុន សែន​ ជាដើម។

ប៉ុន្តែ​លោក ហ៊ុន សែន​ ចាត់ទុក​ថា​ ពួកគេ​មិន​តំណាង​ឲ្យ​សំឡេង​ភាគច្រើន​នៃ​ប្រជាជន​មីយ៉ាន់ម៉ា​ទេ៖

«អ្នកដែល​ចង់​ដុត​កម្លោច​មីយ៉ាន់ម៉ា​ឲ្យ​ផ្ទុះ​សង្គ្រាម​ស៊ីវិល​នោះ​ វា​ចេះ​តែ​មាន​ហើយ។ គេ​បាន​ដុត​រូប​ថត​ខ្ញុំ​ ដុត​ទង់។ តើ​ប៉ុន្មាន​នាក់​ទៅ​ដែល​តំណាង​ឲ្យ​មីយ៉ាន់ម៉ា​នោះ? ខ្ញុំ​យល់​ ប៉ុន្តែ​បើ​វិល​ត្រឡប់​មក​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​ អ្នក​នឹង​មាន​ផលប្រយោជន៍​ពី​បណ្តា​សមាជិក​អាស៊ាន​ជួយ​សម្រួល»។

សកម្មជនចោទ​ថា ​លោក ​ហ៊ុន សែន ​ធ្វើ​នេះ​ គឺ​ដើម្បី​បន្សល់​កេរ្តិ៍​ឈ្មោះ​ផ្ទាល់​ខ្លួន​ក្នុង​ខណៈ​ពេល​ដែល​លោក​នឹង​លែង​មាន​ឱកាស​ដឹកនាំ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​នៅ​លើក​ក្រោយ​ទៀតដោយសារ​លោក​កំពុងតែ​ត្រៀម​រៀបចំ​ផ្ទេរតំណែង​នេះ ​ទៅ​ឲ្យ​កូនប្រុស​របស់​លោក ​គឺ​លោក​ឧត្តម​សេនីយ៍​ ហ៊ុន ម៉ាណែត៕

XS
SM
MD
LG