ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចេញ​ទៅ​មីយ៉ាន់ម៉ា ដើម្បី​«សម្រួល​ស្ថានការណ៍» ខណៈ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់រដ្ឋធានីណៃពិដោ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ ដោយលោកបានក្លាយជាមេដឹកនាំប្រទេសដំបូងគេបង្អស់ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសនេះ។ (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់រដ្ឋធានីណៃពិដោ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ ដោយលោកបានក្លាយជាមេដឹកនាំប្រទេសដំបូងគេបង្អស់ដែលធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរបបយោធាគ្រប់គ្រងប្រទេសនេះ។ (Photo by Handout / MYANMAR MILITARY INFORMATION TEAM / AFP)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​លោក​ថា​ ជា​ដំណើរ​ទស្សន​កិច្ច​ដើម្បី​«សម្រួល​ស្ថាន​ការណ៍»​ក្នុង​ប្រទេស​នេះ។ ​ ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​ទៅ​ជួប​មេ​ដឹកនាំ​យោធា​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ជិត​មួយ​ឆ្នាំ​មក​ហើយ​នេះ​ ក៏​រង​ការ​រិះគន់​ផង​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​ទទួល​ស្គាល់​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា។​

កាល​ពី​កន្លង​ទៅ ​លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា​ លោក​ចង់​ឲ្យ​មាន​វត្តមាន​របស់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​កិច្ច​ប្រជុំ​របស់​អាស៊ាន​ឡើង​វិញ​ ក្រោយ​មេ​ដឹកនាំ​អាស៊ាន ​សម្រេច​មិន​ឲ្យ​មេ​ដឹកនាំ​យោធា​ចូល​រួម​កិច្ច​ប្រជុំ ​ដោយ​សារ​មិន​មាន​វិវឌ្ឍនភាព​គួរ​ឲ្យ កត់​សម្គាល់​ទៅ​លើ​ចំណុច​៥​ ដែល​បាន​ឯកភាព​គ្នា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១។​

ប៉ុន្តែ​ លោក ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពុធ ​បាន​ថ្លែង​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​នឹង​មិន​មាន​ការ​ពិភាក្សា​អ្វី​ឃ្លាត​ឆ្ងាយ​ពី​កុងសង់ស៊ីស​ (ការ​មូលមតិ)​ ៥ ​ចំណុច ​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ បាន​ឯក​ភាព​គ្នា​ឡើយ។ ​លោក​បាន​ប្រកាស​ថា​ «កុំ​ឲ្យ​យក​ការ​សន្និដ្ឋាន​ឆាប់​ពេក»​លើ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ដោយ​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ា ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ខិតខំ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ​នៅ​ពេល​ប្រទេស​វិល​ត្រឡប់​ទៅ​កាន់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​

លោក​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​មករា​ ឆ្នាំ​២០២២​ ថា៖ ​«ក៏​ប៉ុន្តែ​ បើ​សិន​ជា​មាន​សន្តិភាព ​និង​ការ​វិល​ត្រឡប់​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​ អ្នក​នឹង​ទទួល​ផល​ប្រយោជន៍​ពី​ការ​ខិតខំ​របស់​បណ្តា​រដ្ឋ​ ដែល​ជា​សមាជិក​អាស៊ាន ​ជួយ​សម្រួល។​ ប៉ុន្តែ​ អ្វីៗ ​វា​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​មីយ៉ាន់ម៉ា។ ​ឯ​យើង​ពី​ខាង​ក្រៅ​គ្រាន់​តែ​ជួយ​សម្រួល​តែ​ប៉ុណ្ណោះ»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​ទេ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​មីយ៉ាន់ម៉ា តើ​អ្នក​ចង់​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ពិត​ប្រាកដ​ ឬ​ក៏​ចង់​ដោះ​ស្រាយ?»​

លោក ​ហ៊ុន សែន​ មេ​ដឹកនាំ​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២២ ​នេះ​ កំពុង​បង្ហាញ​ការ​ព្យាយាម​សម្រួល​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​លោក ​Min Aung Hlaing​ មេដឹក​នាំ​យោធា ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹកនាំ​ប្រជា​ធិបតេយ្យ​ កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។​

លោក​ អៀ សុផល​ អ្នក​តាម​ដាន​នយោបាយ​កម្ពុជា ​និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យា​ល័យ​រដ្ឋ ​Arizona ​សហ​រដ្ឋ​អាមេរិក​ ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​សុក្រ​ថា​ ប្រហែល​ជា​មាន​សេចក្តី​ថ្លែង​ការណ៍​ពី​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​ដែល​មើល​ទៅ​ល្អ ​ប៉ុន្តែ​ការ​ធ្វើ​សកម្ម​ភាព​ជា​រឿង​ប្រសើរ​ជាង​ការ​និយាយ។​

លោក​បន្ថែម​ថា​ ការ​នាំ​ប្រទេស​មីយ៉ាន់ម៉ា​ មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​វិញ ​ដោយ​មិន​មាន​ការ​បញ្ឈប់​ហិង្សា​ក្នុង​ប្រទេស​នេះ ​គឺ​«ការ​បរាជ័យ​មួយ​សម្រាប់​អាស៊ាន»។​ នេះ​ មាន​ន័យ​ថា​ ជា​«ការ​ផ្តល់​សម្បទាន»​ដល់​មេ​ដឹកនាំ​យោធា ​ប៉ុន្តែ​ មិន​បាន​ទទួល​អ្វី​មក​វិញ​ឡើយ។​

ក្រោយ​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អង្គារ​ លោក ​Joko Widodo ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ បាន​ឲ្យ​ដឹង​នៅ​លើ​ទំព័រ ​Twitter ​របស់​លោក​ថា​ ​លោក​បាន​លើក​ឡើង​ជា​ថ្មី​ និង​ច្បាស់​លាស់​អំពី​ជំហរ​របស់​ឥណ្ឌូណេស៊ី​ទៅ​លើ​ចំណុច​កុងសង់ស៊ីស​ (ការមូលមតិ)​ ចំនួន​៥​ ដើម្បី​នាំ​មក​នូវ​ប្រជា​ធិបតេយ្យ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ តាម​រយៈ​ការ​ពិភាក្សា​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។​ លោក​បន្ថែម​ថា ​ប្រសិន​បើ​មិន​មាន​វិវឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​៥​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ទេ​តំណាង​របស់​ប្រទេស​មីយ៉ាន់ម៉ា​ អាច​ចូល​រួម​ប្រជុំ​អាស៊ាន​បាន ​តែ​ក្នុង​កម្រិត​មិន​មែន​នយោបាយ​តែ​ប៉ុណ្ណោះ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ការ​អត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។​ ទី​៣ ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕

XS
SM
MD
LG