លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដែលលោក និយាយថា ជាទស្សនកិច្ចដើម្បីស្តាសន្តិភាពឡើងវិញបន្ទាប់ពីការដណ្តើមអំណាចរបស់ពួកយោធានៅថ្ងៃទី១ កុម្ភៈ ក៏ប៉ុន្តែ ពួកអ្នករិះគន់ និយាយថា ទស្សនកិច្ចនេះគ្រាន់តែនឹងធ្វើឲ្យការដណ្តើមអំណាចរបស់ពួកយោធាស្របច្បាប់តែប៉ុណ្ណោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
វីដេអូដែលផ្សាយបន្តផ្ទាល់នៅលើគេហទំព័រ Facebook ផ្លូវការណ៍របស់លោកហ៊ុន សែន បានបង្ហាញលោកត្រូវបានទទួលការស្វាគមន៍ដោយពួកមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាបន្ទាប់ពីលោកបានទៅដល់រដ្ឋធានីណៃពីដោនៃប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃសុក្រនេះ។ បណ្តាញផ្សាយព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ក៏បានផ្សាយពីការទៅដល់របស់លោកដែរ។
លោក ហ៊ុន សែន ជាមេដឹកនាំផ្តាច់ការម្នាក់ដែលបានកាន់អំណាចអស់ពេល ៣៦ឆ្នាំហើយកំពុងក្តោបក្តាប់យ៉ាងតឹងរ៉ឹងលើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោកជាប្រមុខរដ្ឋទីមួយដែលទៅបំពេញទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។
កម្ពុជាជាប្រធានផ្លាស់វេនរបស់សមាគមអាស៊ាននៅឆ្នាំនេះ ហើយលោកហ៊ុន សែនគ្រោងជួបជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់មីយ៉ាន់ម៉ាលោក Min Aung Hlaingដើម្បីលើកស្ទួយផែនការសន្តិភាព៥ចំណុចសម្រាប់មីយ៉ាន់ម៉ាដែលសមាគមអាស៊ានបានគាំទ្រកាលពីឆ្នាំទៅ។
ពួកយោធាមីយ៉ាន់ម៉ា បាននិយាយថា លោកហ៊ុន សែន មិនត្រូវបានអនុញ្ញាតឲ្យជួបជាមួយលោកស្រី Aung San Suu Kyi ដែលបានត្រូវបានកាត់ទោសកាលពីខែធ្នូលើបទចោទប្រកាន់ពីការញុះញង់និងការរំលោភលើការរឹតបន្តឹងដោយសារការរាលដាលនៃវីរុសកូរ៉ូណា ហើយបានកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ។ លោក Min Aung Hlaing បន្ទាប់មកបានបន្ថយទោសលោកស្រីមកនៅត្រឹម២ឆ្នាំ។
ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយថា មេដឹកនាំមីយ៉ាន់ម៉ា នឹងនៅតែមិនអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំរបស់អាស៊ាន ប្រសិនបើគ្មានការជឿនលឿនទៅមុខទេ។
លោកប្រធានាធិបតី Widodo បានបញ្ជូនសារតាម Twitter បន្ទាប់ពីនិយាយជាមួយលោកហ៊ុន សែន ថា «បើគ្មានការជឿនលឿនជាដុំកំភួនស្តីពីការអនុវត្តការចំណុចកុងសង់ស៊ីសទាំង៥នោះទេ មីយ៉ាន់ម៉ា អាចមានតែតំណាងក្រៅក្របខ័ណ្ឌនយោបាយប៉ុណ្ណោះនៅក្នុងជំនួបរបស់អាស៊ាន »៕